អន្តរជាតិ
អត់លុយ​សង​ចិន ស្រីលង្កា​លក់​កំពង់ផែ​ឲ្យ​ចិន​ដើម្បី​ដោះបំណុល​
29, Jul 2017 , 9:19 pm        
រូបភាព
កំពង់ផែ Hambantota របស់ស្រីលង្កាដែលដាក់ឲ្យប្រើប្រាស់ក្នុងឆ្នាំ២០១១ (រូបភាព AFP)
កំពង់ផែ Hambantota របស់ស្រីលង្កាដែលដាក់ឲ្យប្រើប្រាស់ក្នុងឆ្នាំ២០១១ (រូបភាព AFP)
ដោយ: ថ្មីៗ
នាយករដ្ឋមន្ត្រី​ស្រីលង្កា Ranil Wickremesinghe បានប្រកាសថា ប្រទេស​លោក​នឹង​ចុះ​កិច្ចព្រមព្រៀង​លក់​កំពង់ផែ​ភាគខាងត្បូង​នៅ​ថ្ងៃទី​២៩ ខែកក្កដា​។ កិច្ចព្រមព្រៀង​ជួល​កំពង់ផែ ត្រូវគេ​មើលឃើញថា​ជាការ​ដោះបំណុល​រាប់លាន​ដុល្លារ ដែល​ស្រីលង្កា​ជំពាក់​ចិន  ដ្បិត​ស្រីលង្កា​មិនមាន​ប្រាក់​គ្រប់គ្រាន់​ដើម្បី​សង​ទៅ​ឲ្យ​ចិន​វិញ​។ ឯ​ឥណ្ឌា​វិញ បារម្ភ​បញ្ហា​នេះ​យ៉ាងខ្លាំង ព្រោះ​ខ្លាច​ចិន​ប្រើប្រាស់​ទីតាំង​យុទ្ធសាស្ត្រ​ផ្នែក​យោធា​។​



​ស្រីលង្កា នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​តម្លៃ​១,១​ពាន់​លាន​ដុល្លារ​ជាមួយ​ចិន​លើ​ការគ្រប់គ្រង និង​អភិវឌ្ឍ​កំពង់ផែ​ភាគ​ត្បូង Hambantota ដែលជា​កំពង់ផែ​ទឹក​ជ្រៅ​។ ការចុះ​កិច្ចព្រមព្រៀង​នេះ ធ្វើឡើង​បន្ទាប់ពី​ត្រូវបាន​ពន្យារ​ជាច្រើន​ខែ និង​ដោយ​មានការ​ព្រួ​បារម្ភ​ពី​សំណាក់​ឥណ្ឌា​ថា ចិន​អាច​យក​កំពង់ផែ​នេះ​ធ្វើជា​មូលដ្ឋាន​កងទ័ព​នៅក្រៅ​ប្រទេស​។ ប៉ុន្តែ​ស្រីលង្កា​អះអាងថា ចិន​នឹង​គ្រប់គ្រង​តែ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​ប៉ុណ្ណោះ​។​

​បើតាម​សារព័ត៌មាន BBC រដ្ឋាភិបាល​ស្រីលង្កា​បានប្រកាសថា ទឹកប្រាក់​ដែល​មក​បាន​ពី​ការលក់​កំពង់ផែ​នេះ នឹងត្រូវ​ប្រើប្រាស់​ដើម្បី​សងបំណុល​បរទេស​។ នៅ​ថ្ងៃទី​២៨ ខែកក្កដា នាយករដ្ឋមន្ត្រី​ស្រីលង្កា Ranil Wickremesinghe និយាយថា លោក​ចង់​ឲ្យ​ស្រីលង្កា​ទទួលបាន​កិច្ចព្រមព្រៀង​ដែល​ល្អ និង​មិន​ប៉ះពាល់​សន្តិសុខ​ជាតិ​។ លោក​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា កិច្ចព្រមព្រៀង​ជាមួយ​ចិន នឹង​ជួយ​ឲ្យ​ស្រីលង្កា​ដោះបំណុល​បាន​។

​តាមរយៈ​កិច្ចព្រមព្រៀង​នេះ ក្រុមហ៊ុន​រដ្ឋ​ចិន​នឹង​ទទួល​សិទ្ធិ​គ្រប់គ្រង​កំពង់ផែ Hambantota រយៈពេល​៩៩​ឆ្នាំ ហើយ​ស្រីលង្កា​នឹង​ផ្ដល់​ដី​ចំនួន​៦​ពាន់​ហិច​តា​ទៅ​ឲ្យ​ចិន​ដើម្បី​អភិវឌ្ឍ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​។ ចិន ចង់បាន​ដី​ក្បែរ​កំពង់ផែ​ដើម្បី​បង្កើតជា​តំបន់​រោងចក្រ ព្រោះ​កំពង់ផែ Hambantota មិនសូវមាន​សកម្ម​ម​មា​ញឹក​ឡើយ ទោះ​វា​ជា​កំពង់ផែ​ទើប​សាងសង់​ថ្មី និង​ជា​កំពង់ផែ​ទឹក​ជ្រៅ​អាច​ឲ្យ​នាវា​ធំៗ​ចូល​ចត​បាន​ស្រួល​។​

​ជាការ​ពិត ការលក់​កំពង់ផែ​ពេលនេះ គឺជា​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ស្រីលង្កា​ក្នុងការ​ទូទាត់​ប្រាក់​បំណុល​របស់​ប្រទេស ទោះជា​ស្រីលង្កា​នៅ​រក្សា​ភាគរយ​កម្មសិទ្ធិ​ខ្លះ​ក៏ដោយ​។ បំណុល​សរុប​របស់​ស្រីលង្កា​ដែល​ជំពាក់​បរទេស​មាន​ដល់​ទៅ ៦៥​ពាន់​លាន​ដុល្លារ​ឯណោះ ហើយ​ក្នុងនោះ​ស្រីលង្កា​ជំពាក់​ចិន​ចំនួន ៨​ពាន់​លាន​ដុល្លារ​។ ដោយសារ​ជំពាក់​គេ​វ័ណ្ឌក​របៀបនេះ ចំណូល​របស់​រដ្ឋាភិបាល​ស្រីលង្កា​ត្រូវ​បង្វែរ​ទៅ​ដោះស្រាយ​បំណុល​ស្ទើរ​អស់​ទៅហើយ​។​

​ចិន​បាន​ឲ្យ​ស្រីលង្កា​ខ្ចីប្រាក់​ច្រើន​ពាន់​លាន​ដុល្លារ​លើ​ការកសាង​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ឡើងវិញ​បន្ទាប់ពី​សង្គ្រាមស៊ីវិល​២៦​ឆ្នាំ ត្រូវបាន​បញ្ចប់​ក្នុង​ឆ្នាំ​២០០៩ ។ កំពង់ផែ Hambantota ត្រូវបាន​សាងសង់​ដោយ​ចិន​ដែរ និង​ដាក់​ឲ្យ​ប្រើប្រាស់​ក្នុង​ឆ្នាំ​២០១១ ។ ប៉ុន្តែ​កំពង់ផែ​នេះ​ស្ថិតនៅ​តំបន់​ដាច់ស្រយាល មិនសូវមាន​សកម្មភាព ដែល​ធ្វើ​ឲ្យ​ចំណូល​ធ្លាក់ចុះ​។ ចិន​ក៏​ទំនងជា​មិន​ចង់បាន​កំពង់ផែ​នេះដែរ ប៉ុន្តែ​ដោយសារ​ស្រីលង្កា​មិនមាន​លទ្ធភាព​សង ទើប​យក​កំពង់ផែ​វិញ បូក​ថែម​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយទៀត​៕ 


© រក្សាសិទ្ធិដោយ thmeythmey.com