ជាតិ
​​​ន​យោ​បាយ​ជាតិ​
EU រង់ចាំ​ចម្លើយ​ពី​ទីស្នាក់ការ​នៅ​ទីក្រុង​ព្រុ​ច​សែ​ល លើ​ការផ្ដល់​ជំនួយ​មក​គ​.​ជ​.​ប​
09, Dec 2017 , 12:27 pm        
រូបភាព
 
​ភ្នំពេញ​៖ សហភាព​អឺរ៉ុប កំពង់​រង់ចាំ​ចម្លើយ​ពី​ទីក្រុង​ព្រុ​ច​សែ​ល ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក ចំពោះ​ការសម្រេច​បន្ត​ផ្ដល់ជំនួយ​មក​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) សម្រាប់​ការបោះឆ្នោត​នៅ​ឆ្នាំ​២០១៨​ខាងមុខនេះ​។​


​បញ្ហា​សិទ្ធិមនុស្ស បញ្ហានយោបាយ និង​ការ​រឹតត្បិត​សេរីភាព​អង្គការ​សង្គម​ស៊ីវិល កំពុងស្ថិត​នៅក្នុង​ក្រសែភ្នែក​របស់​សហភាព​អឺរ៉ុប​។ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​លោក George Edgar បាន​និយាយថា បណ្ដា​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប កំពុង​លើកយក​បញ្ហា​ទាំងនេះ ទៅ​ពិភាក្សាគ្នា​នៅក្នុង​កិច្ចប្រជុំ នៅ​ទី​ស្នាក់​កណ្ដាល​ទីក្រុង​ព្រុ​ច​សែ​ល មុននឹង​សម្រេច​ផ្ដល់ជំនួយ​ដល់​ការបោះឆ្នោត​នៅ​កម្ពុជា​។ 
 
​ថ្លែង​នៅក្នុង​សន្និសីទកាសែត ស្តីពី​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ កាលពី​ថ្ងៃទី​៩ ធ្នូ លោក George Edgar បាន​និយាយ​ដូច្នេះ​ថា​៖«​ទាក់ទង​នឹង​ការចូលរួម​ជួយ​ក្នុង​កម្រិត​ក្នុង​ដំណើរការ​របស់ គ​.​ជ​.​ប ដូច​ខ្ញុំ​បានលើកឡើង​មុននេះ គឺ​វា​អាស្រ័យ​លើ​ការសម្រេច​របស់​សហភាព​អឺរ៉ុប​។ នៅពេលនេះ​យើង​មិនទាន់​ដឹង​ចម្លើយ​បែបណា​ទេ ប៉ុន្តែ​ប្រហែលជា​២​ទៅ​៣​ថ្ងៃ​ទៀត យើង​នឹង​ដឹង​ចម្លើយ​ពី​សហភាព​អឺរ៉ុប​ហើយ​»​។​
 
​លោក George Edgar វាយតម្លៃថា ដំណើការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៤ កន្លងមក មានដំណើ​ការល្អ ប្រកបដោយ​ភាពត្រឹមត្រូវ និង​យុត្តិធម៌ ដែល​សហភាព​អឺរ៉ុប និង​សហគមន៍​អន្តរជាតិ​ទទួលស្គាល់​។ នៅពេល​អ្នកកាសែត​សួរថា តើ​ការបោះឆ្នោត​ឆ្នាំ​២០១៨ អាចមាន​ភាពត្រឹមត្រូវ ឬ​យុត្តិធម៌​ដែរ​ទេ បើ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​រំលាយ ហើយ​សមាជិក​គជប មានការ​ប្រែប្រួល​ថ្មី​នេះ​? លោក George Edgar ហាក់​មិន​ចង់​អត្ថាធិប្បាយ​ច្រើន​លើ​បញ្ហា​ដំណើរការ​បោះឆ្នោត​នេះ​ទេ ដោយ​លោក​គ្រាន់តែ​និយាយថា ការបោះឆ្នោត​នៅ​ឆ្នាំ​២០១៨ គឺជា​រឿង​ពិបាក​ដល់​ពលរដ្ឋ ដែល​គាំទ្រ​គណបក្សប្រឆាំង​។​
 
​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​រូបនេះ បាន​អត្ថាធិប្បាយ​យ៉ាង​ដូច្នេះ​ថា​៖«​នៅក្នុង​ការបោះឆ្នោត​នៅ​ឆ្នាំ​ក្រោយនេះ យើង​នឹង​មើលឃើញ​ទិដ្ឋភាព ដែល​ហាក់​នឹងមាន​ការលំបាក​ច្រើន ក្នុង​ការចូល​រួមការ​បោះឆ្នោត​សម្រាប់​អ្នកគាំទ្រ​គណបក្សប្រឆាំង​ជាដើម ហើយ​វា​គឺជា​រូបភាព​មួយ​ដែល​មិន​គាប់ប្រសើរ​ទេ​»​។​
 
​សារព័ត៌មាន​ថ្មីៗ មិនទាន់​អាចទាក់ទង​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​លោក ហង្ស ពុទ្ធា ដើម្បី​សុំ​ការបកស្រាយ​ជុំវិញ​ដំណើការ​បោះឆ្នោត​នេះ​បានឡើយ​។ តែ​យ៉ាងណា​លោក ហង្ស ពុទ្ធា ធ្លាប់បាន​បញ្ជាក់ថា សម្រាប់​ដំណើរការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨​នេះ រដ្ឋាភិបាល​បាន​ត្រៀម​កញ្ចប់​ថវិកា​៥៣​លាន​ដុល្លារ ។ លោក ហង្ស ពុទ្ធា បាន​ពន្យល់​ដូច្នេះ​ថា​៖«​រដ្ឋាភិបាល​បាន​ត្រៀម​ថវិកា​គ្រប់គ្រាន់​សម្រាប់​ការបោះឆ្នោត​ហើយ ប៉ុន្តែ​បើ​មាន​បរទេស​ផ្ដល់ជំនួយ​មក ក៏​វា​ល្អ​ដែរ​ព្រោះ​អាច​កាត់បន្ថយ​ខ្ទង់ចំណាយ​របស់​រដ្ឋាភិបាល​ខ្លះ​ដែរ ។ តែបើ​អត់​ជំនួយ​ក៏​ដំណើរការ​បោះឆ្នោត​អាច​ប្រព្រឹត្តទៅ​បានដែរ​»​។ 
 
​ការលើកឡើង​របស់​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នេះ ក្រោយ​ពេលដែល​អាមេរិក​ប្រកាស​ឈប់​ផ្ដល់ជំនួយ​ដល់​ការបោះឆ្នោត ហើយ​ព្រមទាំង​មិន​ទទួលស្គាល់​ការបោះឆ្នោត​នៅ​កម្ពុជា​ផងដែរ​។ កាលពីពេល​ថ្មីៗ​នេះ អាមេរិក បានប្រកាស​រឹតបន្តឹង​ទិដ្ឋាការ​របស់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ជាថ្មី ដើម្បី​ដាក់​សម្ពាធ​រដ្ឋាភិបាល​ក​ម្ពុ​ជា​ដោះស្រាយ​បញ្ហានយោបាយ និង​សិទ្ធិមនុស្ស ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ស្ថានការណ៍​ទាំងនេះ​វិលត្រឡប់​ទៅរក​ភាព​ដើម​វិញ​។ អាមេរិក ហាក់​បញ្ចេញ​សកម្មភាព​ច្រើន លើ​បញ្ហា​ស្ថានការណ៍​នយោបាយ​កម្ពុជា​។​
 
​នៅពេល​សួរថា តើ​សហភាព​អឺរ៉ុប នឹងមាន​វិធានការ​ផ្នែក​ទណ្ឌកម្មសេដ្ឋកិច្ច​ណាមួយ ដើម្បី​ដាក់​សម្ពាធ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះស្រាយ​បញ្ហា​សិទ្ធិមនុស្ស នឹង​ស្ថានភាព​នយោបាយ​ដែរ​ទេ​? លោក George Edgar ឆ្លើយតប​ថា សហភាព​អឺរ៉ុប​ពិតជា​មានការ​ព្រួយបារម្ភ ចំពោះ​ដំណើ​ការវិវត្ត​ចុងក្រោយ​នៅ​ប្រទេស​កម្ពុជា ដូចជា​ការរំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ បញ្ហា​សិទ្ធិមនុស្ស និង​ការ​រឹតត្បិត​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ​។ ប៉ុន្តែ​បញ្ហា​ទាំងនេះ សហភាព​អឺរ៉ុប កំពុង​ពិនិត្យមើល មុននឹង​សម្រេច​ដាក់​សម្ពាធ​ណាមួយ​។ 
 
​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ទាក់ទង​នឹង​ការឈប់​ផ្ដល់​លក្ខខណ្ឌ​ណាមួយ វា​អាស្រ័យ​លើ​ការពិនិត្យ​មើល​រប​ស់ស​ហ​ភាព​អឺរ៉ុប ជាពិសេស​ការធ្វើ​អធិការ​ទៅលើ​ទិដ្ឋភាព​មួយចំនួន​ពាក់ព័ន្ធ​ប្រទេស​កម្ពុជា​។ ប៉ុន្តែ​គំនិត​ផ្ដួចផ្ដើម ដែលថា​យើង​ត្រូវ​ការធ្វើ​អធិការកិច្ច​លើ​ប្រទេស​កម្ពុជា​នេះ យើង​ហាក់​មិនទាន់បាន​ចាប់ផ្ដើម​នីតិ​វិធី​នៃ​ការធ្វើ​អធិការកិច្ច​នោះទេ​។ ក៏ប៉ុន្តែ​យើង​ចង់​បញ្ជាក់ថា ស្ថាប័ន​ដែល​ទទួលបន្ទុក​ទាក់ទង​នឹង​កិច្ចការងារ​នេះ នៅក្នុង​សហភាព​អឺរ៉ុប គាត់​ដឹង​ស្ថានភាព​នៅ​កម្ពុជា​បែបណា ហើយ​គាត់​នឹង​ចាប់ផ្ដើម​ត្រួតពិនិត្យ​ចាត់វិធានការ​សមគួរ​ទៅតាម​នោះ​»៕

Tag:
 EU
  ​គជប
© រក្សាសិទ្ធិដោយ thmeythmey.com