ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កឹម សុខា មិន​ចូលរួម​ជាមួយ​ចលនា​ថ្មី​របស់លោក សម រង្ស៊ី ឡើយ​
20, Jan 2018 , 10:08 am        
រូបភាព
ដោយ: ថ្មីៗ
លោក កឹម សុខា ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង បានប្រកាស​ជំហរ​ថា លោក​មិន​ចូលរួម​ជាមួយ​ចលនា​បង្កើត​ថ្មី និង​មិន​គាំទ្រ​ចលនា​ថ្មី​ឡើយ​។ នេះ​បើតាម​ការអះអាង​របស់​លោក មុត ចន្ថា​។ សារ​របស់​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ សំដៅលើ «​ចលនា​សង្គ្រោះ​ជាតិ​» ថ្មី​មួយ ដែល​ផ្តួចផ្តើមឡើង​ដោយ លោក សម រង្ស៊ី ពី​ក្រៅប្រទេស​។​



អត្ថបទទាក់ទង
 
 
​លោក សម រង្ស៊ី និង​លោក កឹម សុខា បាន​បង្កើត​គណបក្ស​ស​ង្គ្រោះ​ជាតិ (CNRP) រួមគ្នា​កាលពី​អំឡុង​ឆ្នាំ​២០១២ ហើយ​គណបក្សប្រឆាំង​ដ៏​ធំ​មួយ​នេះ ត្រូវបាន​រំលាយ​ដោយ​អំណាច​សាលដីកា​តុលាការ​កំពូល​កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា​។ បច្ចុប្បន្ន សហ​ស្ថាបនិក​ទាំងពីរ មិនមាន​ឱកាស​កាន់​ដៃ​គ្នា​បោះជំហាន​លើ​ឆាកនយោបាយ​ឲ្យ​បាន​រលូន​នោះឡើយ ដោយ​ម្នាក់​ត្រូវ​និរទេស​ខ្លួនឯង​ទៅ​ក្រៅប្រទេស ហើយ​ម្នាក់ទៀត​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​។​
 
​ក្រោយ​ការរំលាយ CNRP និង​ការហាមឃាត់​សិទ្ធិ​នយោបាយ​របស់​មន្ត្រីជាន់ខ្ពស់​១១៨​នាក់ លោក សម រង្ស៊ី កាលពីពេល​ថ្មី​នេះ បាន​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​ថ្មី​មួយ ដើម្បី​គៀងគរ និង​រក្សា​កម្លាំង​នយោបាយ​របស់​ក្រុមប្រឆាំង​។ មន្ត្រី​រដ្ឋាភិបាល​វាយតម្លៃ​ថា ចលនា​ថ្មី​នេះ កំពុងតែ​បង្ករ​គ្រោះថ្នាក់​ដល់​ខ្លួន​កាន់តែ​ធ្ងន់ធ្ងរ​។​
 
​ដោយឡែក​ជំហរ​លោក កឹម សុខា ត្រូវបាន​លោក មុត ចន្ថា បង្ហើប​ឲ្យ​ដឹង​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា​៖ «​ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មានប្រសាសន៍​បញ្ជាក់​ជំហរ​យ៉ាងច្បាស់​ថា មិន​ចូលរួម​ជាមួយ​ចលនា​បង្កើត​ថ្មី និង​មិន​គាំទ្រ​ចលនា​ថ្មី​នេះ​”​។​
 
​លោក មុត ចន្ថា បាន​នាំពាក្យ​បន្ថែមថា លោក កឹម សុខា បន្ត​នៅ​ជាមួយ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ជាង​៣​លាន​នាក់​ដែល​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​។ 
 
​បើតាម​លោក សម រង្ស៊ី ចលនា​ថ្មី​របស់ខ្លួន​គ្រាន់តែ​ជា​ចលនា​គាំទ្រ និង​ពង្រឹង CNRP ហើយ​នៅពេលដែល​ឈានទៅដល់​គោលដៅ ចលនា​នឹង​រំលាយ​ដោយ​ខ្លួនឯង​៕
 
 

Tag:
 CNRP
  សម រង្ស៊ី
  កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com