អន្តរជាតិ
ព្រុយ​ណេ​៖ ភាគី​ជម្លោះ​ដែលទន់ភ្លន់​ដាក់​មហា​យក្ស​ចិន​ជាងគេ​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​
22, Jan 2018 , 5:03 pm        
រូបភាព
​រដ្ឋ​អាស៊ាន​ព្រុយ​ណេ ត្រូវបាន​គេ​ចាត់ទុកជា​ភាគី​តែមួយគត់ ដែល​បន្ត​រក្សា​ភាព​ស្ងៀមស្ងាត់ ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង និង​មិន​ចេញមុខ​តតាំង ប្រឆាំង​មហា​យក្ស​ចិន​ដោយ​ចំហ​ឡើយ ទោះបីជា​ខ្លួន បានចេញ​មុខ​ទាមទារ​យក​ចំណែក​ខ្លះ កាលពី​ឆ្នាំ ១៩៨៤ ក្តី​។ ខុសពី​ភាគី​ជម្លោះ​ឯទៀត ព្រុយ​ណេ ជ្រើស​រើសយក​ការកសាង​ទំនាក់ទំនង​ការទូត បាន​រឹងមាំ​ជាមួយ​ចិន ហើយ​ព្យាយាម​ម​ទាញ​ប្រយោជន៍​សេដ្ឋកិច្ច​បាន​ច្រើន ពី​ទំនាក់ទំនង​ជិតស្និទ្ធ​នេះដែរ​។ តើ​មូលហេតុ​អ្វីខ្លះ​ដែល​ជំរុញ​ឲ្យ​ព្រុយ​ណេ អនុវត្ត​គោលនយោបាយ​ស្ងៀមស្ងាត់​បែបនេះ​?



​ក្រោយ​ប្រកាស​ឯករាជ្យ​ពី​ចក្រភព​អង់គ្លេស​ឆ្នាំ​១៩៨៤  ព្រុយ​ណេ​បានទាមទារ​ចំណែក​របស់ខ្លួន​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ដូច​បណ្តា​ភាគី​ជម្លោះ​ផ្សេងទៀត ដូច​វៀតណាម      ហ្វី​លីពី​ន ឥណ្ឌូណេស៊ី ចិន តៃវ៉ាន់ និង​ម៉ាឡេស៊ី​ដែរ​។​

​ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ព្រុយ​ណេ គឺ​រក្សា​ភាព​ស្ងៀមស្ងាត់ ខុសពី​ភាគី​ដទៃ​ដូចជា​វៀតណាម និង​ហ្វីលីពីន ដែល​ដាក់​ម៉េ​ក្រូ​ទិតៀន​ចិន​ឥត​សំចៃមាត់ និង​មិន​ហ៊ាន​តតាំង​ជាមួយ​មហា​យក្ស​ចិន​ដោយ​ចំហរ​ឡើយ ថ្វីបើ​ចិន​បន្តធ្វើ​យោ​ធូប​នីយកម្ម​នៅ​តំបន់​ជម្លោះ​ក្តី​។ លើសពី​រក្សា​ភាព​ស្ងៀមស្ងាត់ ព្រុយ​ណេ ក៏​ជា​ភាគី​តែមួយគត់ ដែល​មិនបាន​កាន់កាប់​ទីតាំង​ណាមួយ​ក្នុង​តំបន់​ជម្លោះ និង​ធ្វើ​យោ​ធូប​នីយកម្ម​នៅ​ទីនោះ​ឡើយ​។​

​តាមពិតទៅ ព្រុយ​ណេ​ទើបតែ​បង្កើត​ទំនាក់ទំនង​ការទូត​ផ្លូវការ​ជាមួយ​ចិន នៅក្នុង​ឆ្នាំ ១៩៩១ ប៉ុណ្ណោះ ប៉ុន្តែ​ចាប់ពីពេលនោះ​មក គេ​មិនសូវ​ឃើញ​មាន​ព័ត៌មាន​ពាក់ព័ន្ធ​ការពិភាក្សាគ្នា​លើ​បញ្ហា​ជម្លោះ​ដែន​អធិបតេយ្យ​នេះ​ច្រើន​ឡើយ​។ ប៉ុន្តែ​ក្នុង​ឆ្នាំ ១៩៩២ ព្រុយ​ណេ​បាន​តវ៉ា​ប្រឆាំង​ចិន​រឿង​ស្រាវជ្រាវ​ក្បែរ​តំបន់​ជម្លោះ​ម្តង​ដែរ​។

​អាច​និយាយបានថា វា​មាន​ហេតុផល​ច្រើន​គួរសម ដែល​នៅ​ពីក្រោយ​ការរក្សា​ភាព​ស្ងៀមស្ងាត់​របស់​រដ្ឋាភិបាល​ក្រុង​បាន​ដា​សេរី បេ​ហ្កា​វ៉ាន់​។ ហេតុផល​សំខាន់​ទីមួយ​គឺ ព្រុយ​ណេ រៀនសូត្រ​បាន​ច្បាស់ ពី​ស្ថានភាព​ស្តែង ក្នុង​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ ព្រុយ​ណេ​ដឹង​ច្បាស់​ថា ការ​តតាំង​ជាមួយ​ចិន​តាមផ្លូវ​ណាក៏ដោយ វា​មិនបាន​ប្រយោជន៍ ឬ​ជួយ​ដោះស្រាយ​ជម្លោះ​ដ៏​រ៉ាំរ៉ៃ និង​ស្មុគស្មាញ​នេះឡើយ​។​

​ដូច​ហ្វីលីពីន​នេះ ជា​ឧទាហរណ៍​ស្រាប់​។ ហ្វីលីពីន​ហ៊ាន យក​ជម្លោះ​អធិបតេយ្យ​សមុទ្រ​ចិន​ខាងត្បូង​នេះ ទៅដល់​តុលាការ​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ​ឆ្នាំ ២០១៣ ដោយ​ផ្អែកលើ​អនុសញ្ញា​អង្គការសហប្រជាជាតិ ស្តីពី​ច្បាប់​សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២​។ ប៉ុន្តែ​ចិន មិនដែល​ទទួលស្គាល់​ចេញ​សេចក្តីសម្រេច​របស់​តុលាការ ដែល​ឲ្យ​ខ្លួន​ចាញ់ក្តី​ឡើយ មកដល់​បច្ចុប្បន្ននេះ​។​

​មួយវិញទៀត ព្រុយ​ណេ​ជ្រើស​រើសយក​គោលនយោបាយ​អ​ព្យា​ក្រឹត្យ និង​រក្សា​តុល្យភាព​ទំនាក់ទំនង​ការទូត ជាមួយ​បណ្តា​ប្រទេស​មហាអំណាច ក្នុងនាម​ជា​បុរី​រដ្ឋ​ដែលមាន​ទឹកដី​តូច និង​មាន​ប្រជាជន​ប្រហែល​កន្លះ​លាន​នាក់​នោះ​។

​គោលនយោបាយ​បរទេស​ព្រុយ​ណេ ផ្អែកលើ​គោលការណ៍​រួម​«​ចងមិត្ត​ប្រសើរ​ជាង​ចង​សត្រូវ​» ហើយ​ទោះជា​មហាអំណាច​ណាក៏ដោយ សុទ្ធ​ជា​មិត្ត​របស់​ព្រុយ​ណេ​ទាំងអស់​។  រដ្ឋ​អាស៊ាន​នេះ ឈរលើ​គោលការណ៍ គោរព​បូរណភាព​ដែនដី និង​អធិបតេយ្យ ឯករាជ្យ អត្តសញ្ញាណ​ជាតិ​របស់​ប្រជាជាតិ​នីមួយៗ  គោរព​ប្រយោជន៍​គ្នា​ទៅវិញទៅមក និង​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ដែរ​។  ស្រប​ពេលដែល​ព្រុយ​ណេ​មិន​យក​ចិន​ជាស​ត្រូវ រដ្ឋ​មួយ​នេះ​ក៏​អាច​រក្សាបាន​ទំនាក់ទំនង​ស៊ីជម្រៅ ជាមួយ​អតីត​ម្ចាស់​អាណានិគម​អង់គ្លេស និង​សហរដ្ឋ​អា​មេ     រិ​ក​ដូចគ្នា​។

​ចំណុច​សំខាន់​ទី​ពីរ ព្រុយ​ណេ​ពឹង​ផ្អែកលើ​ការផ្លាស់ប្តូរ​ភូមិសាស្ត្រ​នយោបាយ​តំបន់ ក្រោយ​មហា​យក្ស​ចិន​បន្ត​រះ​ត្រដែត​ឡើង​ឥតឈប់ឈរ ទាំង​អំណាច​យោធា​ផង និង​សេដ្ឋកិច្ច​។ ព្រុយ​ណេ​មិនអាច​ព្រងើយកន្តើយ នឹង​ការផ្លាស់ប្តូរ​នេះឡើយ​។ និយាយ​ឲ្យ​ស្រួល​ស្តាប់ ព្រុយ​ណេ​មានលទ្ធភាព​ឯណា ទៅ​តទល់​ជាមួយ​ចិន​ជា​មហាអំណាច​ថ្មី ដែលមាន​សមត្ថភាព​យោធា​មហិមា និង​មាន​កងទ័ព​សរុប​ច្រើនជាង​ប្រជាជន​ព្រុយ​ណេ​ជិត​ប្រាំ​ដងនោះ​។ បើតាម​វិទ្យា​សា្ថ​ន​អន្តរជាតិ​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ​អង់គ្លេស (IISS) ចិន​មាន​កងទ័ព​សកម្ម​សរុប ២,៣ លាន​នាក់​ឯណោះ​ក្នុង​ឆ្នាំ ២០១៦ ។ 

​បន្ថែម​ពីលើ​នយោបាយ​ការបរទេស និង​ភូមិសាស្ត្រ​នយោបាយ​តំបន់ រដ្ឋាភិបាល​ព្រុយ​ណេ    យក​ប្រយោជន៍​សេដ្ឋកិច្ច​ជាធំ​។ ខណៈដែល​ធនធាន​ប្រេង និង​ឧស្ម័ន ដែល​ជួយ​ឲ្យ​ព្រុយ​ណេ​មានបាន​ដល់​សព្វថ្ងៃ​កាន់តែ​ខ្សោះ និង​ធ្លាក់​ថ្លៃ​ខ្លាំង ព្រុយ​ណេ​សំឡឹង​ឃើញថា អនាគត​របស់ខ្លួន​ចៀស​មិន​ផុត ពី​ផ្តេកផ្តួល​លើ​ទំនាក់​ទ​នង​មហា​យក្ស​ចិន​ឡើយ ដើម្បី​រក្សា​កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍ​របស់ខ្លួន​នៅពេល​ខាងមុខ​។  សូម្បីតែ​ក្នុង​យុទ្ធសាស្ត្រ​អភិវឌ្ឍ​សេដ្ឋកិច្ច​ព្រុយ​ណេ  Wawasan Brunei 2035 ដែល​ត្រូវ​បានដាក់​ឲ្យ​អនុវត្ត​ចាប់ពី​ឆ្នាំ ២០០៥ មក​នោះ​ក៏​ចែង​ច្បាស់​ដែរ​ថា ពាណិជ្ជកម្ម និង​លំហូរ​នៃ​ទុនវិនិយោគ​បរទេស សម្រាប់​លើក​ស្ទូ​យ​សេដ្ឋកិច្ច​ព្រុយ​ណេ​ក្រៅពី​ប្រេង និង​ឧស្ម័ន​ធម្មជាតិ​។


​ជំហរ​ទន់ភ្លន់​របស់​ព្រុយ​ណេ ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង តិច​ឬ​ច្រើន ធ្វើ​ឲ្យ​ក្រុមហ៊ុន និង​អ្នកជំនួញ​ចិន​កក់ក្តៅ ចង់​មក​ដាក់ទុន​វិនិយោគ មិន​ដូច​នៅ​វៀតណាម ហ្វីលីពីន ឬ​នៅ​ឥណ្ឌូណេស៊ី​ឡើយ​។ ដូច​ឃើញស្រាប់​នៅ​ឆ្នាំ ២០១៥ ក្រុមហ៊ុន​ចិន​ជាច្រើន ត្រូវ​បិទទ្វារ និង​រង​ការខូចខាត​ផង ពេលដែល​ប្រជាជន​វៀតណាម នាំគ្នា​បង្ក​ចលនា​កុប្បកម្ម ដើម្បី​តវ៉ា​នឹង​សកម្មភាព​ដំឡើង​ឧបករណ៍​ខួង​បូម​យក​ប្រេង​របស់​ចិន នៅ​ប្រជុំ​កោះ​ជម្លោះ​ប៉ា​រ៉ា​សែ​ល​នោះ​។

​ទំហំ​វិនិយោគ​របស់​ចិន នៅ​ព្រុយ​ណេ កើនឡើង​ពី ៩,៦​លាន​ប៉ុណ្ណោះ នៅ​ឆ្នាំ ២០១៥ មកដល់ ៨៦ លាន​ដុល្លារ​នៅ​ឆ្នាំ ២០១៦ ខណៈដែល​ព្រុយ​ណេ នាំ​ទំនិញ​ទៅ​ចិន​កើន​ពី ៣៦ លាន​ដុល្លារ​ឆ្នាំ ២០០២ ទៅ ១,៧ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៣​។ នេះ​បើ​យោងតាម​របាយការណ៍​គណៈកម្មការ​ត្រួតពិនិត្យ​សេដ្ឋកិច្ច និង​សន្តិសុខ​អាមេរិក​-​ចិន ( )​។

​ចំណងមិត្តភាព​រវាង​ព្រុយ​ណេ និង​ចិន កាន់តែ​ស្អិតល្មួត​ថែមទៀត ក្រោយ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ របស់​ព្រះ​ចៅ ហា​សា​ណា​ល់ ប៊ុល​គា ទៅកាន់​ក្រុង​ប៉េកាំង នា​ខែកញ្ញា​ឆ្នាំ ២០១៧​។ ទស្សនកិច្ច​ប្រវត្តិសាស្ត្រ​នេះ​ជួយ​រឹតបន្តឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ដោយ​ផ្តោត​សំខាន់​លើ​វិស័យ​សំខាន់ៗ​ដូចជា ហេដ្ឋារចនាសម្ព័ន្ធ​, ថាមពល​, ចំណីអាហារ​, កសិកម្ម​, នេសាទ និង​សេដ្ឋកិច្ច​ឌីជីថល​ផង​។​

​បន្ថែម​ពីនេះ គេ​អាច​វាយតម្លៃ​បាន​ថា ព្រុយ​ណេ​នឹង​អាច​ទាញ​បាន​ប្រយោជន៍​ច្រើន​ទៀត ពី​ការរក្សា​ទំនាក់ទំនង​ល្អជា​មួយ​ចិន និង​ចូលរួម​ក្នុង​គំនិត​ផ្តួចផ្តើម «​ខ្សែក្រវាត់​មួយ​វិថី​មួយ​» ដ៏​មហិមា​របស់​ចិន ដែល​ពង្រឹង​ការផ្សាភ្ជាប់ និង​លើកស្ទួយ​ចំណង​សេដ្ឋកិច្ច រវាង​ប្រទេស​ក្នុង​តំបន់​ផង​។ ព្រុយ​ណេ បាន​ចូលរួម​ក្នុង​គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ដែល​ផ្សាភ្ជាប់​ពី​អាស៊ី ទៅ​អាហ្វ្រិក​ទៅដល់​អឺរ៉ុប ដែល​ត្រូវបាន​ផ្តូ​ច​ផ្តើម​ដោយ​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង កាលពី​ឆ្នាំ ២០១៣ មក​នោះ​។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង និង​បាន​ដា​សេរី បេ​ហ្កា​វ៉ាន់ ក៏​ឯកភាពគ្នា ច្របាច់​បញ្ចូល​គំនិត​ផ្តួចផ្តើម​«​ខ្សែក្រវាត់​មួយ​វិថី​មួយ​» ជាមួយ​គោលនយោបាយ​អភិវឌ្ឍ​សេដ្ឋកិច្ច Wawasan Brunei 2035 ផងដែរ​៕


Tag:
 ព្រុយ​ណេ​
  ចិន​
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com