ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអូស្ត្រាលីមានវត្តមានសម្រាប់ព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោក FIFA World Cup 2018 នៅរុស្ស៊ី ដែលស្ថិតនៅពូល C ត្រូវជួបបារាំង ប៉េរ៉ូ និងដាណឺម៉ាក។ សម្រាប់ក្រុមមកពីតំបន់អាស៊ីមួយនេះ ធ្លាប់បង្ហាញខ្លួន៤លើករួចមកហើយ ចាប់តាំងពីវត្តមានលើកដំបូងនៅឆ្នាំ ១៩៧៤។
គ្រូបង្វឹក៖ លោក Bert van Marwijk (ហូឡង់)
លោក Bert van Marwijk ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅជម្រើសជាតិអូស្ត្រាលីបណ្តោះអាសន្នកាលពីខែមករា ឆ្នាំ២០១៨ ដើម្បីជំនួសលោក Ange Postecoglou ដែលបានលាលែងពីតំណែងនៅខែវិច្ឆិកា ឆ្នាំ ២០១៧។ Van Marwijk វ័យ ៦៥ឆ្នាំ មានបទពិសោធន៍ច្រើនគួរឲ្យកត់សំគាល់ដែរ ដោយធ្លាប់ដឹកនាំងហូឡង់ឈានដល់វគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ ២០១០។ លោកក៏បានជួយអារ៉ាប៊ីសាអូឌីតបានកៅអីទៅរុស្ស៊ី ឆ្នាំ២០១៨ ក្រោយអាក់ខានរយៈពេល១២ឆ្នាំមកហើយ។
កីឡាករឆ្នើម៖ Tim Cahill
Cahill នៅតែអាចរកគ្រប់បាល់ឲ្យអូស្ត្រាលីស្ទើរគ្រប់ការប្រកួតបើទោះជាមានអាយុច្រើនទៅហើយក្តី។ ខ្សែប្រយុទ្ធវ័យ ៣៨ឆ្នាំរូបនេះ អាចស៊ុតបញ្ចូលទីបានរហូតដល់១១គ្រាប់សម្រាប់ការប្រកួតវគ្គជម្រុះក្នុងដំណើរឆ្ពោះទៅ ការប្រកួតពានរង្វាន់ពិភពលោកនៅរុស្ស៊ី។ អតីតសមាជិក Everton រូបនេះក៏ជាកីឡាករម្នាក់ដែលអាចរកគ្រាប់បាល់បានគ្រប់ការប្រកួតនៅ World Cup ចំនួន៣លើកផងដែរ។ បច្ចុប្បន្នរូបគេកំពុងប្រកបអាជីពឲ្យក្រុម Millwall នៃលីកបាល់ទាត់លំដាប់ទី២អង់គ្លេស Championship។
ប្រវត្តិក្នុង World Cup៖
នេះជាការបង្ហាញខ្លួនលើកទី៥ សម្រាប់ក្រុមមកពីទ្វីបអាស៊ី។ ការបង្ហាញខ្លួន៤លើកកន្លងមក អូស្ត្រាលីធ្វើបានល្អបំផុតដោយអាចឈានដល់វគ្គ១៦ក្រុមចុងក្រោយ កាលពីឆ្នាំ២០០៦។ ក្រុមរហស្សនាម Socceroos ស្ថិតក្នុងចំណាត់ថ្នាក់ទី ៣៩ ពិភពលោកក្នុងតារាង FIFA Ranking នាពេលបច្ចុប្បន្ននេះ។
កម្មវិធីប្រកួត៖
១៦ មិថុនា៖ បារាំង Vs អូស្ត្រាលី (ម៉ោង ៥ល្ងាច)
២១ មិថុនា៖ ដាណឺម៉ាក Vs អូស្ត្រាលី (ម៉ោង ៧យប់)
២៦ មិថុនា៖ អូស្ត្រាលី Vs ប៉េរ៉ូ (ម៉ោង ៩យប់)