កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ Tim Cahill នៅតែ​ជា​កីឡាករ​សំខាន់​របស់​អូស្ត្រាលី
30, Mar 2018 , 7:59 am        
រូបភាព
កីឡាករ Tim Cahill រំពឹង​រក​គ្រាប់បាល់បញ្ចូលទី​បន្ថែមទៀតនា​ការបង្ហាញខ្លួន​លើកទី​៥នៅ World Cup។ រូបថត AFP
កីឡាករ Tim Cahill រំពឹង​រក​គ្រាប់បាល់បញ្ចូលទី​បន្ថែមទៀតនា​ការបង្ហាញខ្លួន​លើកទី​៥នៅ World Cup។ រូបថត AFP
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អូស្ត្រាលី​មាន​វត្តមាន​សម្រាប់​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​ពិភពលោក FIFA World Cup 2018 នៅ​រុស្ស៊ី ដែល​ស្ថិតនៅ​ពូ​ល C ត្រូវ​ជួប​បារាំង ប៉េ​រ៉ូ និង​ដា​ណឺ​ម៉ាក​។ សម្រាប់​ក្រុម​មកពី​តំបន់​អាស៊ី​មួយ​នេះ ធ្លាប់​បង្ហាញខ្លួន​៤​លើក​រួចមកហើយ ចាប់តាំងពី​វត្តមាន​លើកដំបូង​នៅ​ឆ្នាំ ១៩៧៤​។​



​គ្រូបង្វឹក​៖ លោក Bert van Marwijk (​ហូ​ឡង់​)
​លោក Bert van Marwijk ត្រូវបានតែងតាំង​ជា​អ្នកចាត់ការ​ទូទៅ​ជម្រើសជាតិ​អូស្ត្រាលី​បណ្តោះអាសន្ន​កាលពី​ខែមករា ឆ្នាំ​២០១៨ ដើម្បី​ជំនួស​លោក Ange Postecoglou ដែល​បាន​លាលែង​ពី​តំណែង​នៅ​ខែវិច្ឆិកា ឆ្នាំ ២០១៧​។ Van Marwijk វ័យ ៦៥​ឆ្នាំ មានបទពិសោធន៍​ច្រើន​គួរ​ឲ្យ​កត់សំគាល់​ដែរ ដោយ​ធ្លាប់​ដឹកនាំ​ង​ហូ​ឡង់​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ  World Cup ឆ្នាំ ២០១០​។ លោក​ក៏បាន​ជួយ​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​កៅអី​ទៅ​រុស្ស៊ី ឆ្នាំ​២០១៨ ក្រោយ​អាក់ខាន​រយៈពេល​១២​ឆ្នាំ​មកហើយ​។​



​កីឡាករ​ឆ្នើម​៖ Tim Cahill
Cahill នៅតែ​អាច​រក​គ្រប់​បាល់​ឲ្យ​អូស្ត្រាលី​ស្ទើរ​គ្រប់​ការប្រកួត​បើទោះជា​មាន​អាយុ​ច្រើន​ទៅហើយ​ក្តី​។ ខ្សែប្រយុទ្ធ​វ័យ ៣៨​ឆ្នាំ​រូបនេះ អាច​ស៊ុត​បញ្ចូល​ទី​បាន​រហូតដល់​១១​គ្រាប់​សម្រាប់​ការប្រកួត​វគ្គ​ជម្រុះ​ក្នុង​ដំណើរ​ឆ្ពោះទៅ ការប្រកួត​ពានរង្វាន់​ពិភពលោក​នៅ​រុស្ស៊ី​។ អតីត​សមាជិក Everton រូបនេះ​ក៏​ជា​កីឡាករ​ម្នាក់​ដែល​អាច​រក​គ្រាប់​បាល់​បាន​គ្រប់​ការប្រកួត​នៅ World Cup ចំនួន​៣​លើក​ផងដែរ​។ បច្ចុប្បន្ន​រូបគេ​កំពុង​ប្រកប​អាជីព​ឲ្យ​ក្រុម Millwall នៃ​លី​ក​បាល់ទាត់​លំដាប់​ទី​២​អង់គ្លេស Championship​។​



​ប្រវត្តិ​ក្នុង World Cup៖
​នេះ​ជាការ​បង្ហាញខ្លួន​លើក​ទី​៥ សម្រាប់​ក្រុម​មកពី​ទ្វីបអាស៊ី​។ ការបង្ហាញ​ខ្លួន​៤​លើក​កន្លងមក អូស្ត្រាលី​ធ្វើបាន​ល្អ​បំផុត​ដោយ​អាចឈាន​ដល់​វគ្គ​១៦​ក្រុម​ចុងក្រោយ កាលពី​ឆ្នាំ​២០០៦​។ ក្រុម​រហស្សនាម Socceroos ស្ថិតក្នុង​ចំណាត់ថ្នាក់​ទី ៣៩ ពិភពលោក​ក្នុង​តារាង FIFA Ranking នាពេល​បច្ចុប្បន្ននេះ​។​


 
​កម្មវិធី​ប្រកួត​៖
១៦ មិថុនា​៖ បារាំង Vs អូស្ត្រាលី (​ម៉ោង ៥​ល្ងាច​)
២១ មិថុនា​៖ ដា​ណឺ​ម៉ាក Vs អូស្ត្រាលី (​ម៉ោង ៧​យប់​)
២៦ មិថុនា​៖ អូស្ត្រាលី Vs ប៉េ​រ៉ូ (​ម៉ោង ៩​យប់​)


Tag:
 បាល់ទាត់​
  FIFA World Cup
  អូស្ត្រាលី​
  GroupC
© រក្សាសិទ្ធិដោយ thmeythmey.com