ជាតិ
ឈ្វេងយល់​ពី​អត្ថន័យ​នៃ​គោរមងារ «​បណ្ឌិត​» របស់​ឥស្សរជន​កំពូល​ទាំង​៥​រូប​
21, Apr 2018 , 10:30 pm        
រូបភាព
​ភ្នំពេញ​៖ លោក អូន ព័ន្ធមុនីរ័ត្ន លោក គាត ឈន់ លោកស្រី ម៉ែន សំអន លោក ប៊ិន ឈិន និង​លោក ចម ប្រសិទ្ធ ទើបនឹង​ទទួលបាន​គោរមងារ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ដ៏​ខ្ពង់ខ្ពស់​ពី​ព្រះមហាក្សត្រ​។ បើប្រែសម្រាយមកជាភាសាខ្មែរ គោរមងាររបស់ឥស្សរជនទាំង៥រូប ដែលមានប្រភពដើមពីភាសាបាលី មានអត្ថន័យអស្ចារ្យណាស់។

 
​លោក អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច ទទួលបាន​គោរមងារ​ជា «​អគ្គបណ្ឌិត​សភាចា​រ្យ​»​។    
 
​អគ្គបណ្ឌិត​សភាចា​រ្យ មកពី​ពាក្យ អគ្គ + បណ្ឌិត + សភា + អាចារ្យ​។​
 
​អគ្គ ប្រែ​ថា កំពូល​, ខ្ពង់ខ្ពស់​បំផុត​, លើសលុប​, ប្រសើរ​បំផុត​, ផុត​ថ្នាក់​, ផុត​លេខ​។ បណ្ឌិត ប្រែ​ថា ជន​មាន​ប្រាជ្ញា និង​មានចំណេះដឹង​ជ្រៅជ្រះ​។ សភា ប្រែ​ថា ទីប្រជុំ​។ អាចារ្យ ប្រែ​ថា អ្នកប្រព្រឹត្ត​ល្អ​, អ្នក​ត្រឹមត្រូវ ឬ​គ្រូបង្រៀន​, អ្នក​ប្រៀនប្រដៅ​, អ្នក​ហាត់​មារយាទ​អ្នកដទៃ​។ 
 
​អគ្គបណ្ឌិត​សភាចា​រ្យ មានន័យថា អាចារ្យ​មួយរូប ដែល​ប្រសើរ​និង​ខ្ពង់​ខ្ពស់បំផុត ក្នុង​ទីប្រជុំ​នៃ​ពពួក​បណ្ឌិត​ទាំងពួង​។ 
 
​លោក គាត ឈន់ ប្រធានកិត្តិយស​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ សមាជិក​រដ្ឋសភា និង​ជា​អតីត​ឧបនាយករដ្ឋមន្ត្រី ទទួលបាន​គោរមងារ​ជា «​កិត្តិ​បរិរក្ស​បណ្ឌិត​»​។ 
 
​កិត្តិ​បរិរក្ស​បណ្ឌិត មកពី​ពាក្យ​ថា កិត្តិ + បរិរក្ស + បណ្ឌិត​។​
 
​កិត្តិ ប្រែ​ថា សេចក្ដី​ថ្កុំថ្កើង​, រុងរឿង​, ល្បីល្បាញ ឬក៏​អាច​សំដៅលើ​កិត្តិយស​។ បរិរក្ស ប្រែ​ថា ការគ្រប់គ្រង​, ការ​បីបាច់​, ការថែទាំ​ដោយ​ប្រយ័ត្ន ឬ​សំដៅថា ជន​ណា​មាន​បរិរក្ស ក្នុង​ខ្លួន ជន​នោះ រមែង​បាន​សេចក្ដីចម្រើន​។ 
 
​កិត្តិ​បរិរក្ស​បណ្ឌិត មានន័យថា បណ្ឌិត​ដែលមាន​សេចក្តីចម្រើន​ដ៏​រុងរឿង ឬ​ដ៏​មាន​កិត្តិយស​។  
 
​លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​រដ្ឋសភា​និង​ព្រឹទ្ធសភា ទទួលបាន​គោរមងារ​ជា «​កិត្តិ​សង្គហ​បណ្ឌិត​»​។​
 
​កិត្តិ​សង្គហ​បណ្ឌិត មកពី​ពាក្យ​ថា កិត្តិ + សង្គហ + បណ្ឌិត​។​
 
​សង្គហ ប្រែ​ថា ការសង្គ្រោះ​។  
 
​កិត្តិ​សង្គហ​បណ្ឌិត មានន័យថា បណ្ឌិត​ប្រកបដោយ​កិត្តិយស និង​មានចិត្ត​សប្បុរស​ក្នុងកា​រ​ជួយសង្គ្រោះ​អ្នកដទៃ​។​
 
​លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ស្តីទី​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ទទួលបាន​គោរមងារ​ជា «​កិត្តិ​នីតិកោសល​បណ្ឌិត​»​។ 
 
​កិត្តិ​នីតិកោសល​បណ្ឌិត មកពី​ពាក្យ​ថា កិត្តិ + នីតិ + កោសល + បណ្ឌិត​។ 
 
​នីតិ ប្រែ​ថា ច្បាប់​។ កោសល ឬ​កុសល ប្រែ​ថា ល្អ​, ប្រពៃ​, បុណ្យ តែ​ក្នុង​ទីនេះ អាច​សំដៅថា ប៉ិនប្រសប់​, ឈ្លាស​វាងវៃ​។ 
 
​កិត្តិ​នីតិកោសល​បណ្ឌិត មានន័យថា បណ្ឌិត ដែល​ប្រកបទៅដោយ​កិត្តិយស និង​មាន​ភាពឈ្លាសវៃ ឬ​មាន​ជំនាញ​ខ្ពស់​ផ្នែក​ច្បាប់​។ 
 
​លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ទទួលបាន​គោរមងារ​ជា «​កិ​តិ្ត​សេដ្ឋា​បណ្ឌិត​»​។​
 
​កិត្តិ​សេដ្ឋា​បណ្ឌិត មកពី​ពាក្យ​ថា កិត្តិ + សេដ្ឋា + បណ្ឌិត​។​
 
​សេដ្ឋ ឬ សេដ្ឋា ប្រែ​ថា ប្រសើរ​ផុត​, ប្រសើរ​លើសលុប​, ឧដុង្គឧត្តម​, ខ្ពង់ខ្ពស់​។​
 
​កិត្តិ​សេដ្ឋា​បណ្ឌិត មានន័យថា បណ្ឌិត​ដ៏​ប្រសើរ​ឬ​ដ៏​ឧដុង្គឧត្តម និង​ប្រកបដោយ​កិត្តិយស​។​
 
​ពាក្យ អគ្គបណ្ឌិត​សភាចា​រ្យ កិត្តិ​បរិរក្ស​បណ្ឌិត កិត្តិ​សង្គហ​បណ្ឌិត កិត្តិ​នីតិកោសល​បណ្ឌិត និង​កិត្តិ​សេដ្ឋា​បណ្ឌិត មិនមែនជា​ពាក្យ​ដើម​នោះទេ តែ​ជា​ពាក្យ​ដែល​កើតឡើង​ពី​ការ​ផ្គុំ​ឬ​ការច្របាច់បញ្ចូលគ្នា​ពី​ពាក្យ​ដើម​នីមួយៗ ដូចជា​ពាក្យ អគ្គបណ្ឌិត​សភាចា​រ្យ កើតឡើង​ពី​ពាក្យ​ដើម​ជាច្រើន ដែល​រួមមាន អគ្គ + បណ្ឌិត + សភា + អាចារ្យ​។ 
 
​ពាក្យ​ដើម (​ធាតុ​ដើម​) នីមួយៗ ដូចជា អគ្គ​, បណ្ឌិត​, សភា និង​អាចារ្យ ដែល​បំបែក​ឬ​ញែក​ចេញពី​ពាក្យ​អគ្គបណ្ឌិត​សភាចា​រ្យ សុទ្ធតែជា​ភាសាបាលី និង​មាន​ពន្យល់​ក្នុង​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត​។ តែ​ពាក្យ​ទាំងមូល ដែល​រួមមាន អគ្គបណ្ឌិត​សភាចា​រ្យ កិត្តិ​បរិរក្ស​បណ្ឌិត កិត្តិ​សង្គហ​បណ្ឌិត កិត្តិ​នីតិកោសល​បណ្ឌិត និង​កិត្តិ​សេដ្ឋា​បណ្ឌិត ពុំមាន​ក្នុង​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត ឡើយ​។ 
 
​គោរមងារ​ខាងលើ មាន​ពីរ គឺ​គោរមងារ​ផ្នែក​វិទ្យា​សាស្ត្រ និង​គោរមងារ​ផ្នែក​កិត្តិយស ដែល​ត្រូវបាន​បង្កើតឡើង​កាលពី​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៨ ដោយ​ព្រះរាជក្រឹត្យ​។ 
 
​អគ្គបណ្ឌិត​សភាចា​រ្យ គឺជា​គោរមងារ​ផ្នែក​វិទ្យា​ស្ត្រ​លំដាប់​ទី​២​។ ឯ​គោរមងារ​ផ្នែក​វិទ្យាសាស្ត្រ​លំដាប់​ផុត​លេខ​ឬ​លំដាប់​ទី​១ គឺ​អគ្គមហាបណ្ឌិត​សភាចា​រ្យ​ទិសាបាមោក្ខ​។ គោរមងារ​ជា​អគ្គមហាបណ្ឌិត​សភាចា​រ្យ​ទិសាបាមោក្ខ នៅ​មិនទាន់បាន​ទៅលើ​ឥស្សរជន​ណា​ឡើយ​។ 
 
​ចំណែក កិត្តិ​បរិរក្ស​បណ្ឌិត កិត្តិ​សង្គហ​បណ្ឌិត កិត្តិនីតិ​កោ​សល​បណ្ឌិត និង​កិត្តិ​សេដ្ឋា​បណ្ឌិត គឺជា​គោរមងារ​ផ្នែក​កិត្តិយស​។ កិត្តិ​បរិរក្ស​បណ្ឌិត ជា​គោរមងារ​ផ្នែ​កិត្តិយស​លំដាប់​ទី​២​។ ឯ​កិត្តិ​សង្គហ​បណ្ឌិត កិត្តិនីតិ​កោ​សល​បណ្ឌិត និង​កិត្តិ​សេដ្ឋា​បណ្ឌិត សុទ្ធតែជា​គោរមងារ​ផ្នែក​កិត្តិយស​លំដាប់​ទី​៣​។ កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជា​គោរមងារ​ផ្នែក​កិត្តិយស​លំដាប់​ទី​១​។ 
 
ឥស្សរជន​៣រូប ដែលរួមមាន សម្តេច ប៊ុន រ៉ានី ប្រធាន​កាកបាទក្រហមកម្ពុជា និង​ជា​ភរិយា​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និង​សម្តេច ជា ស៊ីម អតីត​ប្រធានព្រឹទ្ធសភា បានទទួល​គោរមងារ​ជា កិត្តិ​ព្រឹទ្ធ​បណ្ឌិត ពី​ព្រះមហាក្សត្រ កាលពី​ឆ្នាំ​២០១៣៕     

Tag:
 ពន្យល់​ពាក្យ​
  គោរមងារ
© រក្សាសិទ្ធិដោយ thmeythmey.com