ក្រុមកីឡាបាល់ទាត់ជម្រើសជាតិជប៉ុនដែលបានកៅអីទៅកាន់រុស្ស៊ីសម្រាប់ការប្រកួតពានរង្វាន់ FIFA World Cup ឆ្នាំ២០១៨ ត្រូវជួបជាមួយ ប៉ូឡូញ សេណេហ្គាល់ និងកូឡុំប៊ី នៃវគ្គសន្សំពិន្ទុពួល H។
គ្រូបង្វឹក៖ លោក Akira Nishino (ជប៉ុន)
Nishino ត្រូវបានសហព័ន្ធកីឡាបាល់ទាត់ជប៉ុន (JFA) តែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិជប៉ុន ជំនួសតំណែងលោក Vahid Halilhodzic កាលពីថ្ងៃទី៩ ខែមេសា កន្លងទៅថ្មីៗនេះ។
គ្រូបង្វឹកវ័យ ៦៣ឆ្នាំរូបនេះ ធ្លាប់ជាអតីតសមាជិកក្រុមជម្រើសជាតិជប៉ុនផងដែរ ជាមួយនឹងការបង្ហាញខ្លួន៤លើកសម្រាប់ការប្រកួតវគ្គជម្រុះ World Cup ឆ្នាំ១៩៧៧។ ប៉ុន្តែគ្រូបង្វឹកជើងចាស់រូបនេះមិនធ្លាប់មានបទពិសោធន៏ដឹកនាំក្រុមណាមួយនៅក្នុងព្រឹត្តិការណ៍លំដាប់ទី១ពិភពលោកនេះឡើយ។
Nishino ធ្លាប់បានដឹកនាំក្លិប Gamba Osaka ដោយនាំក្រុមនៃលីកកំពូលជប៉ុនមូយនេះឈានដល់វគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រពានរង្វាន់ FIFA Club World Cup ក្នុងឆ្នាំ ២០០៨ ម្តងដែរ។
កីឡាករឆ្នើម៖ Maya Yoshida
Yoshida ជាខ្សែការពារដ៏រឹងមាំ និងជាកីឡាករសំខាន់របស់ជប៉ុននៃយុទ្ធនាការប្រកួតជម្រុះតាមតំបន់ដើម្បីបានកៅអីទៅកាន់ World Cup ចំនួនពីរលើកចុងក្រោយ។
ខ្សែការពារវ័យ២៩ឆ្នាំរូបនេះ ក៏ធ្លាប់ជាប្រធានក្រុមជប៉ុនក្នុងការប្រកួតកីឡាអូឡាំពិកឆ្នាំ២០១២ ដែរ។ Yoshida បច្ចុប្បន្នកំពុងប្រកបអាជីពជាមួយក្លិបនៃលីកបាល់ទាត់កំពូលអង់គ្លេស Southampton។
ប្រវត្តិក្នុង World Cup៖
នេះជាវត្តមានលើកទី៦ សម្រាប់ក្រុមជម្រើសជាតិជប៉ុនបន្ទាប់ពីបង្ហាញខ្លួនលើកដំបូងឆ្នាំ ១៩៩៨ និងមានមុខរហូតដល់ឆ្នាំ២០១៨ នៅរុស្ស៊ីនេះ។ លទ្ធផលល្អបំផុតដែលពួកគេទទួលបានគឺឈានដល់វគ្គ១៦ក្រុមចុងក្រោយ២លើក ក្នុងឆ្នាំ២០០២ និង២០១០។ ជប៉ុន ស្ថិតនៅចំណាត់ថ្នាក់ទី ៥៥ ពិភពលោក ក្នុងតារាង FIFA Ranking៕
កម្មវិធីប្រកួត៖
- ១៩ មិថុនា៖ កូឡុំប៊ី Vs ជប៉ុន (ម៉ោង ៧យប់ ម៉ោងនៅកម្ពុជា)
- ២៤ មិថុនា៖ ជប៉ុន Vs សេណេហ្គាល់ (ម៉ោង ១០យប់)
- ២៨ មិថុនា៖ ជប៉ុន Vs ប៉ូឡូញ (ម៉ោង ៩យប់)