ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ចៅសែន កុសល ឈុំ នៅតែ​ជាប់​ឈ្មោះ​ជា​អតីត​នាយករដ្ឋមន្ត្រី​ដែលមាន​អាយុ​វែង​ជាងគេ​
29, Apr 2018 , 2:59 pm        
រូបភាព
​ថ្វីដ្បិតតែ​សម្តេច ចៅសែន កុសល ឈុំ បានទទួល​មរណភាព​កាលពី​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០០៩ ទៅហើយ​ក្តី ប៉ុន្តែ​រហូតមក​ពេលនេះ អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា​រូបនេះ នៅ​ស្ថិតក្នុង​កំណត់ត្រា​ជា​មេ​ដឹក​ប្រទេស​ដែលមាន​អាយុ​វែង​ជាងគេ​លើ​ពិភពលោក​ដដែល​។​



​អ្នកនយោបាយ​ដ៏​ជិតស្និទ្ធ​ជាមួយ​សម្តេចឪ នរោត្តម សីហនុ រូបនេះ បានធ្វើ​នាយករដ្ឋមន្ត្រី​ស្តីទី​របស់​កម្ពុជា ចន្លោះ​ពីថ្ងៃ​ទី​៦ ខែសីហា ដល់​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​១៩៦២ ហើយ​បានទទួល​ងារ​ជាស​ម្តេច​នៅក្នុង​ឆ្នាំ​១៩៩៣ ។​

​អតីត​ប្រមុខ​រដ្ឋាភិបាល និង​ប្រធានសភា​រូបនេះ កើត​នៅ​ខេត្ត​មាត់ជ្រូក ទឹកដី​កម្ពុជា​ក្រោម នា​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​១៩០៥  ហើយ​បានទទួល​អនិច្ចកម្ម​នៅ​ថ្ងៃទី ២២ ខែមករា ឆ្នាំ​២០០៩ ពោលគឺ​សម្តេច​មាន​អាយុ ១០៣​ឆ្នាំ និង​១៤៣​ថ្ងៃ​។ អាយុ​ដ៏​វែង​នេះ បាន​នាំ​ឲ្យ​លោក​រក្សា​តំណែង​ជា​អតីត​ប្រមុខ​រដ្ឋាភិបាល និង​ប្រមុខរដ្ឋ ដែលមាន​អាយុ​វែង​ជាងគេ​។​

​អ្នក​ដែល​ឈរ​ចំណាត់ថ្នាក់​ទី​ពីរ គឺ​អតីត​នាយករដ្ឋមន្ត្រី និង​ប្រធានាធិបតី​តួ​ក​គី លោក Celal Bayar ដែល​បាន​ស្លាប់​ក្នុង​អាយុ​១០៣​ឆ្នាំ និង​៩៨​ថ្ងៃ ខណៈ​អតីត​នាយករដ្ឋមន្ត្រី បារាំង លោក Antoine Pinay ស្លាប់​ក្នុង​អាយុ​១០២​ឆ្នាំ និង​៣៤៨​ថ្ងៃ រីឯ​ព្រះអង្គម្ចាស់ Naruhiko Higashikuni អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន មាន​អាយុ​១០២​ឆ្នាំ និង​៤៨​ថ្ងៃ​។​

​អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា​មួយរូប​ទៀត គឺ​លោក ឯក យីអ៊ុន​។ តាម​ឯកសារ លោក​កើត​នៅ​ឆ្នាំ​១៩១០ ហើយ​ទទួលមរណភាព​នៅ​ឆ្នាំ​២០១៣ ប៉ុន្តែ​មិនមាន​ការបញ្ជាក់​ថ្ងៃខែ​ច្បាស់លាស់​ឡើយ​។ ដូច្នេះ​លោក ឯក យីអ៊ុន មាន​អាយុ​ចន្លោះ​ពី​១០២ ទៅ​១០៣​ឆ្នាំ ខណៈ​លោក​កាន់តំណែង​នាយករដ្ឋមន្ត្រី​ស្តីទី​តែ​៦​ថ្ងៃ​ប៉ុណ្ណោះ ចន្លោះ​ពីថ្ងៃ​ទី​១១ ដល់​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​១៩៥៨ ។​

​បន្ទាប់ពី​អតីត​នាយករដ្ឋមន្ត្រី​ហូ​ឡង់ Piet de Jong បានទទួល​មរណភាព​ក្នុង​អាយុ​១០១​ឆ្នាំ​កាលពី​ឆ្នាំ​២០១៦ បច្ចុប្បន្ន អតីត​ថ្នាក់ដឹកនាំ​ដែល​អាច​បំបែក​កំណត់ត្រា​សម្តេច​ចៅ សែន​កុសល​ឈុំ បាន​នោះ រួមមាន អតីត​នាយករដ្ឋមន្ត្រី​វៀតណាម Do Muoi (​កើត​ឆ្នាំ​១៩១៧) អតីត​នាយករដ្ឋមន្ត្រី​ស៊ូដង់ Babiker Awadalla (​កើត​ឆ្នាំ​១៩១៧) និង​អតីត​នាយករដ្ឋមន្ត្រី​កូរ៉េខាងត្បូង Hyun Soong-jong (​កើត​ឆ្នាំ​១៩១៩)​។​

​លោក នួន ជា អតីត​នាយករដ្ឋមន្ត្រី​ស្តីទី​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ (​ខែកញ្ញា ឆ្នាំ​១៩៧៦ ដល់​ខែមករា ឆ្នាំ​១៩៧៧) ស្ថិតក្នុង​ចំណោម​ប្រមុខ​រដ្ឋាភិបាល​ដែលមាន​អាយុ​ចំណាស់​ជាងគេ​ផងដែរ ដោយ​លោក​បានកើត​នៅ​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​១៩២៦ ដោយ​បច្ចុប្បន្ន​មាន​អាយុ​៩១​ឆ្នាំ​៕


Tag:
 ​ចៅសែន កុសល ឈុំ
© រក្សាសិទ្ធិដោយ thmeythmey.com