កម្ពុ​ជាមាន​ធនធានមនុស្ស តែ​នៅ​ខ្វះ​គុណភាព​!

បទវិភាគ
សង្គមជាតិ
កម្ពុ​ជាមាន​ធនធានមនុស្ស តែ​នៅ​ខ្វះ​គុណភាព​!
05, May 2018 , 10:59 pm         4719
រូបភាព
 ភ្នំពេញ​៖ កម្លាំង​ពលកម្ម​នៅក្នុង​ប្រទេស មាន​ចំនួន​ច្រើនជាង​ការងារ ដែល​ត្រូវបាន​បង្កើត​ឡើងជា​រៀងរាល់ឆ្នាំ​។ ដូច្នេះហើយ បានជា​យុវជន​មួយចំនួន បន្ទាប់ពី​បញ្ចប់​ការសិក្សា​រួចហើយ មិនអាច​ទទួល​បានកា​រងារ​ភ្លាម​ទេ ពោលគឺ​ពួកគេ​ត្រូវការ​ពេល​មួយរយៈ​សិន​។ យុវជន​ខ្លះទៀត ត្រូវ​បង្ខំចិត្ត​លះបង់​«​លក់​ញើស លក់​ឈាម​» ទៅធ្វើជា​កម្មករ​នៅឯ​បរទេស​។ ជាការ​ពិត កម្លាំង​ពលកម្ម​លើស​មែន ប៉ុន្តែ​ប្រទេស​ក្រីក្រ​កម្ពុជា​នៅ​ខ្វះ​ធនធានមនុស្ស​ដែលមាន​គុណភាព​។

 
«​អ្នកស្វែងរក​ការងារ​ធ្វើ​មាន​ចំនួន​ច្រើន​។ ប៉ុន្តែ​អ្នកចេះ​ធ្វើការ ហើយ​ធ្វើការ​ប្រកបដោយ​ភាពស្មោះត្រង់ ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ មាន​ចំនួន​តិច​។ ប្រទេស​កម្ពុជា កំពុង​ខ្វះ​ធនធានមនុស្ស​ល្អ ដែល​អាច​ជំរុញ​ផលិតកម្ម​ឲ្យ​ឈាន​ទៅមុខ​ឆាប់រហ័ស​»​។ នេះ​គឺជា​ការលើកឡើង​ប្រហាក់ប្រហែលគ្នា របស់​វិនិយោគិន​បរទេស និង​អ្នកជំនួញ​នៅក្នុង​ប្រទេស​កម្ពុជា​។ 
 
​ជា​រៀងរាល់ឆ្នាំ យុវជន​ច្រើន​សែន​នាក់ បាន​ឈាន​មកដល់​ទីផ្សារការងារ នៅក្នុង​ប្រទេស​កម្ពុជា​។ មិនមែន​ពួកគេ​ទាំងអស់គ្នា​នោះទេ ដែល​គ្មាន​ការងារ​ធ្វើ​។ អ្នកខ្លះ អាច​រក​ការងារ​បានធ្វើ​ភ្លាម អ្នកខ្លះ​ត្រូវការ​រយៈពេល​១​ឆ្នាំ ឬ​២​ឆ្នាំ ទើប​អាច​ទទួលបាន​ការងារ​ធ្វើជា​ប់លាប់​។ អ្នក​ខ្លះទៀត ទទួលបាន​ការងារ​ធ្វើ​ដែរ តែ​ជា​ការងារ​មិន​ពេញ​ម៉ោង និង​ទទួលបាន​ប្រាក់បៀវត្សរ៍​មិន​សមរម្យ​។ 
 
​ដោយសារតែ​កង្វះ​ការងារ​ល្អ​នៅក្នុង​ប្រទេស និង​ដោយសារតែ​ប្រាក់ខែ​នៅក្នុង​ប្រទេស​មាន​កម្រិត​ទាប ប្រជា​ពលករ​ខ្មែរ​ច្រើន​សែន​នាក់ បានសម្រេច​ចិត្ត​ចាក​ចេញពី​ស្រុកកំណើត ទៅ​ស្វែងរក​ការងារ​ធ្វើ​នៅ​បរទេស ទាំង​ស្របច្បាប់ និង​មិន​ស្របច្បាប់​។ ក្រៅពី​អ្នក​មិនអាច​រក​ការងារ​ធ្វើបាន​នៅក្រៅ​ប្រទេស និង​ក្នុងប្រទេស គេ​សង្កេតឃើញថា មាន​យុវជន​ជាច្រើន​ម៉ឺន​នាក់​ផ្សេងទៀត គ្មាន​ការងារ​ធ្វើ ដើរ​ទាត់​ខ្យល់​ជា​រៀងរាល់ថ្ងៃ​។ 
 
​តើ​ហេតុអ្វី​បានជា​យុវជន​ខ្មែរ​មួយចំនួន​មិនអាច​រក​ការងារ​ធ្វើបាន​នៅក្នុង​ប្រទេស​?
 
​បើ​ផ្អែកលើ​តថភាព​ជាក់ស្តែង ប្រទេស​កម្ពុជា​ប្រឈម​នឹង​អតិផរណា ផ្នែក​កម្លាំង​ពលកម្ម​មែន​។ ប៉ុន្តែ​ការពិត​បានបង្ហាញ​បញ្ច្រាស​មកវិញ​ថា ក្រុមហ៊ុន​ជាច្រើន បាននិងកំពុង​ខ្វះ​កម្លាំង​ពលកម្ម ដែលមាន​គុណភាព (​សមត្ថភាព​, ភាពស្មោះត្រង់​, ការតាំង​ចិត្ត​, ការចូល​ចិត្ត​អាជីព​។​ល​។​) 
 
​បញ្ហា​អត់​ការងារ​ធ្វើ អាច​បណ្តាលមកពី​ទីផ្សារ​តូចចង្អៀត​ម្យ៉ាង​។ តែ​ម្យ៉ាងទៀត វា​បណ្តាលមកពី​គុណភាព​បណ្តុះបណ្តាល​តាម​វិទ្យាល័យ មហាវិទ្យាល័យ សាកល​វិទ្យា និង​កង្វះខាត​សាលា​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​។ គុណភាព​អប់រំ​នៅក្នុង​ប្រទេសមួយ​នេះ ត្រូវបាន​គេ​វាយតម្លៃថា មាន​កម្រិត​ទាប​ជាងគេ បើ​ប្រៀបធៀប​ទៅនឹង​គុណភាព​អប់រំ នៃ​ប្រទេស​នៅក្នុង​តំបន់ និង​ពិភពលោក​។ 
 
​ដោយសារតែ​ប្រទេស​កម្ពុជា ខ្វះ​កម្លាំង​ពលកម្ម​ដែលមាន​គុណភាព​នេះហើយ ទើប​ក្រុមហ៊ុន​ជាច្រើន​បាន​ដណ្តើមយក​បុគ្គលិក​ល្អៗ ពីគ្នា​ទៅវិញទៅមក​។ ការដណ្តើម​បុគ្គលិក​ពីគ្នា​ទៅវិញទៅមក​នេះ​ត្រូវបាន​គេ​ធ្វើឡើង នៅក្នុង​ស្ទើរ​គ្រប់​វិស័យ​ទាំងអស់ ដូចជា នៅក្នុង​វិស័យ​ធនាគារ វិស័យ​សារព័ត៌មាន វិស័យ​បច្ចេកវិទ្យា វិស័យ​កសិកម្ម វិស័យ​សំណង់ និង​អចលនទ្រព្យ​។ និយាយ​ជារួម កង្វះខាត​ធនធានមនុស្ស​គុណភាព កើតមានឡើង​នៅក្នុង​គ្រប់​វិស័យ​ទាំងអស់ បើទោះបីជា​ប្រទេស​កម្ពុជា បាន និង​កំពុង​ខិតខំ ផលិត​ធនធានមនុស្ស​យ៉ាងណាក្តី​។ 
 
​ជា​រៀងរាល់ឆ្នាំ និស្សិត​ច្រើន​ម៉ឺន​នាក់ បានបញ្ចប់​បរិញ្ញាបត្រ​ជាន់ខ្ពស់​។ ប៉ុន្តែ​ធនធានមនុស្ស​ដែល​អាច​ប្រើការ​បាន ប្រកបដោយ​ប្រសិទ្ធភាព នៅមាន​ចំនួន​តិច​។ បញ្ហា​នេះ ត្រូវបាន​គេ​ស្តីបន្ទោស​យ៉ាងខ្លាំង​ទៅលើ​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា ដែល​តែងតែ​អនុវត្ត​នូវ​ទ្រឹស្តី​«​ផលិត​បរិមាណ​មនុស្ស​ឲ្យ​បាន​ច្រើន ជាជាង​គុណភាព​» ពីព្រោះ​ធនធានមនុស្ស​កម្ពុជា ត្រូវបាន​ខ្មែរក្រហម​សម្លាប់​ស្ទើរ​អស់ កាលពី​ជំនាន់​ប៉ុលពត ១៩៧៥-១៩៧៩​។ ទស្សនទាន​នេះ វា​ត្រឹមត្រូវ​ក្នុងស្ថានភាព​ក្រោយ​របប​ប៉ុលពត​ភ្លាម​។ ប៉ុន្តែ​គេ​មិនអាច​អនុវត្ត​វា​បាន​ទៀតឡើយ នៅក្នុង​សតវត្សរ៍​ទី​២១​នេះ និង​ជាង​៣០​ឆ្នាំក្រោយ​របប​ប៉ុលពត​។ 
 
​សម្រាប់​ស្ថានភាព​ជាក់ស្តែង នៅក្នុង​ប្រទេស​កម្ពុ​ជានា​ពេលបច្ចុប្បន្ន បរិមាណ​ធនធានមនុស្ស​មាន​ច្រើន​គួរសម​ហើយ តែ​វា​នៅ​ខ្វះ​ធនធានមនុស្ស​ដែលមាន​គុណភាព​។ មនុស្ស​គ្មាន​គុណភាព ផលិតភាព​នៃ​ផលិតកម្ម​ក៏​ខ្សោយ​ដែរ​។ 
 
​អ្នកជំនួញ​នៅក្នុង​ប្រទេស​កម្ពុ​ជាមួយ​ចំនួន បាន​អត្ថាធិប្បាយ​ថា ធន​ធន​មនុស្ស​ដែលមាន​គុណភាព គឺមាន​សារប្រយោជន៍​ខ្លាំ​ណាស់ សម្រាប់​ការអភិវឌ្ឍ​ក្រុមហ៊ុន និង​ប្រទេសជាតិ​។ ប្រសិនបើ​ខួរក្បាល​របស់​ក្រុមហ៊ុន​មួយ ឬ​ប្រទេសមួយ មាន​កម្រិត​ទាប​ជាងគេ នោះ​ការរីកចម្រើន​របស់​ក្រុមហ៊ុន ឬ​ប្រទេស​នោះ ត្រូវតែ​យឺត​ជាងគេ ពីព្រោះ​ខួរក្បាល​មនុស្ស ជា​អ្នកជំរុញ​ក្រុមហ៊ុន ឬ​ប្រទេស ឲ្យ​ជឿនលឿន​។ 
 
​ក្រៅពី​លក្ខណៈសម្បត្តិ​មួយចំនួន អ្នកជំនួញ​ទាំងឡាយ ត្រូវការ​ធន​ធន​មនុស្ស ដែលមាន​គំនិត​ច្នៃប្រឌិត និង​មានគំនិត​បង្កើត​ថ្មីៗ​លឿន​មុនគេ​។ ពួកគេ​មិន​ចូលចិត្ត​ឡើយ ទស្សនទាន ចាំតែ​ចម្លង​ពី​គេ​នោះ​។ 
 
​សូមបញ្ជាក់ថា ក្នុង​យុគ្គ​សម័យថ្មី​នេះ គេ​ត្រូវការ​ធនធាន​មនុស្សម្នា​ក់ ដែល​អាចធ្វើ​កិច្ចការ​បាន​«១០​មុខ​» ជាជាង​ជ្រើសរើស​បុគ្គលិក​១០​នាក់ ដើម្បី​ធ្វើ​កិច្ចការ​តែ «​មួយ​មុខ​» ប៉ុណ្ណោះ​។ មាន​សញ្ញាបត្រ​ខ្ពស់ តែ​មនុស្ស​គ្មាន​គុណភាព សញ្ញាបត្រ​នោះ​ពុំមាន​តម្លៃ​អ្វី​ឡើយ​៕  
 

© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev12next