ជាតិ
រថយន្ត
ប្រយ័ត្នអ្វីខ្លះ! អ្នករស់នៅអមផ្លូវរថភ្លើងបាត់ដំបង-ពោធិ៍សាត់ ដែលនឹងដំណើរការនៅចុងខែឧសភានេះ
× ពោធិ៍សាត់៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងផ្លូវដែកបាត់ដំបង-ពោធិ៍សាត់ ឲ្យមានការប្រុងប្រយ័ត្នពពីសុវត្ថិភាព ខណៈខ្សែរថភ្លើងនឹងត្រូវដាក់ឲ្យប្រើប្រាស់ នៅថ្ងៃទី២៩ខែឧសភា ខាងមុខនេះ។
យោងតាមសេចក្ដីជូនដំណឹងរបស់ខ្លួន ក្រសួងសាធារណការបានស្នើឲ្យពលរដ្ឋរស់នៅតាមដងផ្លូវដែកបាត់ដំបង-ពោធិ៍សាត់ ចូលរួមគោរពច្បាប់អាទិភាពចរាចរ ខ្សែរថភ្លើងគ្រប់ពេល។ ហើយការដាក់របស់របរផ្សេងៗត្រូវមានចម្ងាយ ៣,៥ម៉ែត្រយ៉ាងតិច ពីអ័ក្សផ្លូវរថភ្លើង។ ក្រសួងហាមលែងសត្វពាហនៈ ឬយកសត្វទៅចង នៅក្បែរផ្លូវរថភ្លើង។ ពលរដ្ឋត្រូវប្រុងប្រយ័ត្នជានិច្ចនៅពេលបើកបរឆ្លងកាត់ផ្លូវរថភ្លើង។
ប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នចំពោះកុមារតូចៗ ដែលធ្វើដំណើរលើផ្លូវ ដែលមានផ្លូវរថភ្លើងឆ្លងកាត់។ ហាមធ្វើផ្លូវឆ្លងកាត់ ទៅលំនៅដ្ឋាន ឬដីស្រែ-ចម្ការ ជាលក្ខណៈឯកជន។ ហាមចោលសំរាមក្នុងប្រឡាយបង្ហូរទឹក ដែលអមសងខាងផ្លូវដែក។ ការតខ្សែភ្លើងឆ្លងកាត់ផ្លូវរថភ្លើងត្រូវមានកម្ពស់យ៉ាងតិច ៧ម៉ែត្រពីខ្នងដែករ៉ៃ។ នេះបើតាមសេចក្ដីជូនដំណឹងខាងលើ៕
© រក្សាសិទ្ធិដោយ thmeythmey.com