ជាតិ
បោះឆ្នោត
គ​.​ជ​.​ប​. ទទួលបាន​អ្នកសង្កេតការ​បោះឆ្នោត​ជាង​៤​ពាន់​នាក់​ហើយ​
23, May 2018 , 12:19 pm        
រូបភាព
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប.
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប.
ដោយ: ថ្មីៗ
​មាន​អង្គការ​ក្នុងស្រុក​ចំនួន​បី​ហើយ ដែល​បាន​បញ្ជូន​បញ្ជី​ឈ្មោះ​អ្នកសង្កេតការ ទៅកាន់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) ដើម្បី​ចូលរួម​ឃ្លាំមើល​ការបោះឆ្នោត នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។ នេះ​ជាការ​អះអាង​របស់លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គ​.​ជ​.​ប​.​។



​លោក ហង្ស ពុទ្ធា ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា អង្គការ​ទាំងនោះ រួមមាន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា និង​គណៈកម្មាធិការ​សម្របសម្រួល​កម្ពុជា​។ លោក បន្តថា អ្នកសង្កេតការ​បោះឆ្នោត ដែល​មកពី​អង្គការ​ទាំង​៣ មាន​ចំនួន​ជាង​៤​ពាន់​នាក់​។

​លោក ហង្ស ពុទ្ធា បន្ថែមថា មកដល់ពេលនេះ មិនទាន់មាន​អង្គការ​អន្តរជាតិ ដាក់​បញ្ជី​ឈ្មោះ​អ្នកសង្កេតការ​បោះឆ្នោត​ទៅ​កា​ន់គ​.​ជ​.​ប​. នៅឡើយ​ទេ​។ ប៉ុន្តែ លោក អះអាងថា មាន​ស្ថានទូត​១ គឺ​ស្ថានទូត​មី​យ៉ាន់​ម៉ា​ប្រចាំ​កម្ពុជា បាន​បញ្ជូន​ឈ្មោះ​អ្នកសង្កេតការ​បោះឆ្នោត​៣​នាក់ ទៅកាន់​គ​.​ជ​.​ប​.​។

​បើតាម​អ្នកនាំពាក្យ​គ​.​ជ​.​ប​. ថ្ងៃទី​២៣ ខែកក្កដា គឺជា​ថ្ងៃ​ផុតកំណត់ ដែល​ឈប់​ទទួល​អ្នកសង្កេតកា​រណ៍​ក្នុងស្រុក ហើយ​ថ្ងៃទី​២៨ ខែកក្កដា គឺជា​ថ្ងៃ​ផុតកំណត់ ដែល​ឈប់​ទទួល​អ្នកសង្កេតកា​រណ៍​អន្តរជាតិ​។

​ស្របគ្នា​នេះ មាន​អង្ក​ការជំនាញ​មួយចំនួន ដូចជា ខុម​ហ្វ្រេ​ល និង​និ​ច​ហ្វិ​ច ជាដើម ប្រកាសថា នឹងមិន​បញ្ជូន​ឈ្មោះ​អ្នកសង្កេតការណ៍ ទៅកាន់​គ​.​ជ​.​ប​. នោះទេ​។ អង្គការ​ទាំង​២ នឹងចូលរួម​សង្កេតការណ៍​ក្រៅផ្លូវការ ពោលគឺ​ពួកគេ នឹងដាក់​អ្នកសង្កេតការណ៍​នៅក្រៅ​ការិយាល័យ​បោះឆ្នោត ដោយ​មិន​ដាក់​អ្នកសង្កេតការណ៍ ឲ្យ​ចូលទៅក្នុង​ការិយាល័យ​បោះឆ្នោត ដូច​នីតិកាល​មុនៗ​ឡើយ​។ 

អត្ថបទទាក់ទង


​គួររម្លឹកថា មាន​គណបក្ស​២០ បានដាក់​ពាក្យ​ទៅកាន់​គ​.​ជ​.​ប​. ដើម្បី​ចូលរួម​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​នេះ​៕


Tag:
 បោះឆ្នោត​
  អ្នកសង្កេតការ​
  គជប​
  ហង្ស ពុទ្ធា
© រក្សាសិទ្ធិដោយ thmeythmey.com