ខ្សែ​រថភ្លើង បន្ត​មកដល់​ខេត្តពោធិ៍សាត់ ចាប់ពី​ថ្ងៃទី​២៩​ខែឧសភា ស្អែក​នេះ​!

ជាតិ
រថយន្ត
សេដ្ឋកិច្ច
ខ្សែ​រថភ្លើង បន្ត​មកដល់​ខេត្តពោធិ៍សាត់ ចាប់ពី​ថ្ងៃទី​២៩​ខែឧសភា ស្អែក​នេះ​!
28, May 2018 , 8:59 pm         1998
រូបភាព
​ពោធិ៍សាត់​៖ ខ្សែ​រថភ្លើង​បាត់ដំបង​-​ពោធិ៍សាត់ នឹងត្រូវ​ដាក់​ឲ្យ​ដំណើរការ​ជា​បណ្ដោះអាសន្ន ចាប់​ថ្ងៃទី​២៩ ខែឧសភា តទៅ​។ ខ្សែ​រថភ្លើង​នេះ មាន​ប្រវែង​សរុប ១០៧​គីឡូម៉ែត្រ  ដែល​ក្នុងនោះ ៧៥​គីឡូម៉ែត្រ ស្ថិតក្នុង​ខេត្តបាត់ដំបង និង ៣២​គីឡូម៉ែត្រ ស្ថិតនៅក្នុង​ខេត្តពោធិ៍សាត់​។



​បន្ទាប់ពី​ដាក់​ឲ្យ​ដំណើរការ​ជា​បន្តបន្ទាប់​នូវ​កំណាត់​ខ្សែ​រថភ្លើង ចាប់ពី​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មកដល់​ខេត្តបាត់ដំបង ឥឡូវនេះ​ខ្សែ​រថភ្លើង​ថ្មី​មួយទៀត បាន​បន្ត​មកដល់​ខេត្តពោធិ៍សាត់​។​

​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន នឹង​អញ្ជើញ​ជា​អធិបតីភាព នៅក្នុង​ពិធី​ដាក់​ឲ្យ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន នូវ​ខ្សែ​រថភ្លើង​ថ្មី​នេះ ដែល​នឹង​ប្រព្រឹត្តទៅ​ថ្ងៃទី​២៩​ខែឧសភា​។​

​ខ្សែ​រថភ្លើង​បាត់ដំបង​-​ពោធិ៍សាត់ មាន​ស្ថានីយ​ដែល​ត្រូវ​ឆ្លងកាត់​ចំនួន ១៦​ស្ថានីយ រួមមាន​ស្ថានីយ​បាត់ដំបង អូរ​ដំបង អូរ​ស្រឡៅ រាំង​កេ​សី ស្វាយ​ជាតិ ភ្នំ​ធិបតី គោក​ត្រុំ កោះ​ចារ មោង​ឬ​ស្សី ព្រៃ​ស្វាយ កា​ឡោម​ពុក ស្វាយដូនកែវ បឹង​ខ្នារ ត្រពាំង​ជង ស្នាម​ព្រះ និង​ពោធិ៍សាត់ ដែល​ក្នុងនោះ​ខេត្តបាត់ដំបង មាន ១១​ស្ថានីយ និង​ខេត្តពោធិ៍សាត់​មាន ៥​ស្ថានីយ​។​
​រដ្ឋាភិបាល​មាន​ផែនការ​ដាក់​ឲ្យ​ដំណើរការ​ផ្លូវដែក​ភាគ​ខាងលិច​ទាំងស្រុង ចាប់ពី​ព្រំដែន​កម្ពុជា​-​ថៃ មកដល់​ភ្នំពេញ នៅមុន​ដំណាច់​ឆ្នាំនេះ​៕


Tag:
 រថភ្លើង​
© រក្សាសិទ្ធិដោយ thmeythmey.com