ជាតិ
រថយន្ត
សេដ្ឋកិច្ច
ខ្សែរថភ្លើង បន្តមកដល់ខេត្តពោធិ៍សាត់ ចាប់ពីថ្ងៃទី២៩ខែឧសភា ស្អែកនេះ!
× ពោធិ៍សាត់៖ ខ្សែរថភ្លើងបាត់ដំបង-ពោធិ៍សាត់ នឹងត្រូវដាក់ឲ្យដំណើរការជាបណ្ដោះអាសន្ន ចាប់ថ្ងៃទី២៩ ខែឧសភា តទៅ។ ខ្សែរថភ្លើងនេះ មានប្រវែងសរុប ១០៧គីឡូម៉ែត្រ ដែលក្នុងនោះ ៧៥គីឡូម៉ែត្រ ស្ថិតក្នុងខេត្តបាត់ដំបង និង ៣២គីឡូម៉ែត្រ ស្ថិតនៅក្នុងខេត្តពោធិ៍សាត់។
បន្ទាប់ពីដាក់ឲ្យដំណើរការជាបន្តបន្ទាប់នូវកំណាត់ខ្សែរថភ្លើង ចាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មកដល់ខេត្តបាត់ដំបង ឥឡូវនេះខ្សែរថភ្លើងថ្មីមួយទៀត បានបន្តមកដល់ខេត្តពោធិ៍សាត់។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នឹងអញ្ជើញជាអធិបតីភាព នៅក្នុងពិធីដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ន នូវខ្សែរថភ្លើងថ្មីនេះ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២៩ខែឧសភា។
ខ្សែរថភ្លើងបាត់ដំបង-ពោធិ៍សាត់ មានស្ថានីយដែលត្រូវឆ្លងកាត់ចំនួន ១៦ស្ថានីយ រួមមានស្ថានីយបាត់ដំបង អូរដំបង អូរស្រឡៅ រាំងកេសី ស្វាយជាតិ ភ្នំធិបតី គោកត្រុំ កោះចារ មោងឬស្សី ព្រៃស្វាយ កាឡោមពុក ស្វាយដូនកែវ បឹងខ្នារ ត្រពាំងជង ស្នាមព្រះ និងពោធិ៍សាត់ ដែលក្នុងនោះខេត្តបាត់ដំបង មាន ១១ស្ថានីយ និងខេត្តពោធិ៍សាត់មាន ៥ស្ថានីយ។
រដ្ឋាភិបាលមានផែនការដាក់ឲ្យដំណើរការផ្លូវដែកភាគខាងលិចទាំងស្រុង ចាប់ពីព្រំដែនកម្ពុជា-ថៃ មកដល់ភ្នំពេញ នៅមុនដំណាច់ឆ្នាំនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com