ជាតិ
បទវិភាគ
តើអំពើហិង្សាលើកុមារនឹងអាចបញ្ឈប់បានតាមរបៀបណា?
× នៅសប្តាហ៍នេះមុនពេលនៃការប្រារព្ធទិវាកុមារអន្តរជាតិ ខួបទី៦៩ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឱ្យមានការយកចិត្ដទុកដាក់ឲ្យកាន់តែច្រើនឡើងលើបញ្ហាមួយដែលប៉ះពាល់ប្រជាពលរដ្ឋកម្ពុជាជាច្រើន៖ អំពើហិង្សាលើកុមារ។
នៅក្នុងសារលិខិតអបអរសាទរ ទិវាកុមារអន្តរជាតិ ខួបទី៦៩នោះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់អំពីសារសំខាន់នៃ ការពង្រឹងវិធានការ និងយន្តការថ្នាក់មូលដ្ឋានក្នុងការដោះស្រាយបញ្ហាអំពើហិង្សាលើកុមារ។ អង្គការ ទស្សនៈពិភពលោក ជឿជាក់ថា កុមារកម្ពុជា មានសិទ្ធិស្វែងរកការការពារពីគ្រប់ទម្រង់នៃអំពើហិង្សានៅជិតកន្លែងដែលពួកគេរស់នៅបំផុត និងនៅគ្រប់ទីកន្លែងក្នុងប្រទេស។ នាពេលបច្ចុប្បន្ននេះ ការការពារកុមារជាទំនួលខុសត្រូវរបស់ឪពុកម្តាយ អាណាព្យាបាល គ្រូបង្រៀន អ្នកថែទាំក្នុងស្ថាប័នផ្សេងៗ និង រចនាសម្ព័ន្ធរដ្ឋាភិបាលដូចជាគណ:កម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ ឃុំសង្កាត់ (គកនក)។
តាមរយៈការធ្វើការជាមួយសហគមន៍នៅកម្ពុជា អស់រយៈពេលជាង៤០ឆ្នាំ លើការការពារកុមារ អង្គការទស្សនៈពិភពលោកបានឃើញច្បាស់អំពីទំហំនៃបញ្ហាដ៏ធំនេះ។ កុមារកម្ពុជាច្រើនជាង ៧៥% ទទួលរងអំពើហិង្សា (មិនថាជាអំពើហិង្សាផ្លូវកាយ ផ្លូវចិត្ត និងផ្លូវភេទ) មុនពេលពួកគេមានអាយុ ១៨ឆ្នាំ នេះបើយោងតាមការសិក្សាស្រាវជ្រាវស្តីពីអំពើហិង្សាលើកុមារក្នុងប្រទេសកម្ពុជាឆ្នាំ២០១៣។ កុមារកម្ពុជាប្រមាណជា ៥០% ទទួលរងអំពើហិង្សាផ្លូវកាយ ២៥% ទទួលរងអំពើហិង្សាផ្លូវចិត្ត និង ៥% ទៀតទទួលរងអំពើហិង្សាផ្លូវភេទ។ ផលវិបាកសុខភាពដែលបណ្តាលមកពីអំពើហិង្សាលើកុមារត្រូវបាន ប៉ាន់ប្រមាណថា បានបណ្តាលឱ្យកម្ពុជាខាតបង់ ទឹកប្រាក់ប្រមាណជា ១៦១លានដុល្លារ សហរដ្ឋអាមេរិកក្នុងមួយឆ្នាំ ឬស្មើនឹង ១.០១% នៃផលិតផលក្នុងស្រុកសរុបនៃប្រទេសកម្ពុជា ដែលនេះគឺជាផលវិបាកមួយដ៏ធំធេង និងអាចមានផលប៉ះពាល់ធ្ងន់ធ្ងរដល់អនាគតប្រទេសរបស់យើង ប្រសិនបើយើងមិនបានចាត់វិធានការដោះស្រាយទាន់ពេលទេនោះ។
ការវិភាគទិន្នន័យពីការអង្កេតប្រជាសាស្ត្រនិងសុខភាព ឆ្នាំ២០១៤ បានបង្ហាញថា ពីរភាគបីនៃប្រជាជនកម្ពុជាយល់ឃើញថា ការដាក់ទណ្ឌកម្មទៅលើរូបរាងកាយកុមារ គឺជាវិធីសាស្ត្រ ដែលអាចទទួលយកបាន ក្នុងការអប់រំកុមារ។ នៅក្នុងរបាយការណ៍មួយរបស់អង្គការទស្សនៈពិភពលោកដែលនឹងចេញផ្សាយក្នុងពេលឆាប់ៗនេះ ដែលពឹងផ្អែកទៅលើទិន្នន័យមកពីសាលាបឋមសិក្សា ចំនួន៧៨ ក្នុងខេត្ត ចំនួន៥ យើងបានរកឃើញថាជិតពាក់កណ្តាលនៃសិស្សដែលបានស្ទង់មតិបានប្រាប់ថា វាជារឿងដែលអាចទទួលយកបាន នៅពេលដែលឪពុកម្តាយរបស់ពួកគេប្រើអំពើហិង្សាតាមរយៈពាក្យសម្ដី និងលើរូបរាងកាយ។ ហើយការនេះបាននាំឲ្យកុមារទទួលយកថា អំពើហិង្សា គឺជាអំពើដែលអាចទទួលយកបានជាធម្មតា។ ពួកគេក៏ជឿជាក់ថា ការប្រើប្រាស់រំពាត់ គឺជាវិធីដ៏មានប្រសិទ្ធភាពមួយដើម្បីជំរុញសិស្សឲ្យខិតខំរៀនសូត្រ និងប្រកាន់ភ្ជាប់អាកប្បកិរិយាល្អប្រសើរជាងមុន។ កុមារក្នុងការស្ទង់មតិដដែលនេះ ក៏គិតថាទង្វើសឹងតែគ្រប់យ៉ាងដែលគ្រូបង្រៀនធ្វើ ដើម្បីលើកកម្ពស់ការរៀនសូត្ររបស់ពួកគេ គឺសុទ្ធសឹងតែជាទង្វើដែលអាចទទួលយកបាន ហើយពួកគេមិនបានបង្ហាញអារម្មណ៍ថា គ្រូបង្រៀនរបស់ពួកគេគួរតែផ្លាស់ប្តូរអាកប្បកិរិយាទាំងនោះ នោះទេ។
ការសិក្សាមួយស្តីពី កត្តារារាំងប្រសិទ្ធភាពរបស់គណ:កម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ ឃុំសង្កាត់ (គកនក) ក្នុងការបំពេញតួនាទីរបស់ខ្លួនក្នុងការការពារកុមារ ធ្វើឡើងដោយ អង្គការទស្សនៈពិភពលោក និងដៃគូ នៅឆ្នាំ២០១៥ បានរកឃើញថា គកនក មានរចនាសម្ព័ន្ធគណនេយ្យភាពដែលមានភាពស្មុគស្មាញ ហើយសមាជិកនៃគណ:កម្មាធិការ មិនទាន់មានសមត្ថភាពបច្ចេកទេសច្រើននៅឡើយ ក្នុងការទប់ស្កាត់ និងឆ្លើយតបលើបញ្ហាការការពារកុមារ និងនៅមានកង្វះថវិកាសម្រាប់ការចំណាយប្រតិបត្តិការរបស់ខ្លួន ក៏ដូចជាសម្រាប់ផ្តល់សេវាសង្គមនានា។ ដើម្បីឲ្យការងារការពារកុមារបានរីកចម្រើនទៅមុខបានល្អ គណ:កម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ ឃុំសង្កាត់ គួរត្រូវមានតួនាទី និងទំនួលខុសត្រូវច្បាស់លាស់ជាងមុន ក៏ដូចជាត្រូវបានទទួលបានការពង្រឹងសមត្ថភាពឲ្យបានរឹងមាំ និងទទួលបានធនធានច្រើនជាងមុន សម្រាប់អនុវត្ដការងារបស់ខ្លួន។
ដើម្បីពង្រឹងវិធានការ និងដោះស្រាយបញ្ហាទាំងនេះ រាជរដ្ឋាភិបាលកម្ពុជាបានអនុម័ត ផែនការសកម្មភាពដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សា លើកុមារក្នុងឆ្នាំ២០១៧ ដែលជាផែនការពហុវិស័យ អន្តរក្រសួងស្ថាប័ន រយៈពេល៥ឆ្នាំក្នុងការដោះស្រាយបញ្ហាអំពើហិង្សាលើកុមារ។ រាជរដ្ឋាភិបាលកម្ពុជា នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់ធនធាន និងអនុវត្តផែនការសកម្មភាពនេះ។ ទោះជាយ៉ាងណាក្ដី ភាពជោគជ័យនៃផែនការនេះ គឺមិនត្រឹមតែអាស្រ័យទៅលើរាជរដ្ឋាភិបាលតែមួយមុខនោះទេ ប៉ុន្តែវាក៏អាស្រ័យទៅលើការចូលរួមរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់ៗរូប ដែលមានទំនួលខុសត្រូវលើកុមារផងដែរ។
នៅមានការងារជាច្រើនទៀតដែលយើង ត្រូវធ្វើ ដើម្បីផ្លាស់ប្ដូរឥរិយាបថ និងទម្លាប់របស់ឪពុកម្ដាយ អាណាព្យាបាល គ្រូបង្រៀន និងសហគមន៍ទាំងមូល ដើម្បីឲ្យពួកគាត់ចាប់ផ្ដើមប្រើប្រាស់វិធីសាស្ត្រដាក់វិន័យ និងចិញ្ចឹមបីបាច់កុមារបែបវិជ្ជមាន។ ការលើកឡើងរបស់សម្ដេចនាយករដ្ឋមន្ដ្រី គឺជាការត្រឹមត្រូវណាស់ អំពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយទាំងសាធារណៈ និងឯកជនដើម្បីអប់រំកុមារ និងគ្រួសារខ្មែរអំពីអំពើហិង្សា និងផលប៉ះពាល់អវិជ្ជមានរបស់វា។ បទពិសោធន៍ពីបណ្ដាប្រទេសដទៃទៀតបានបង្ហាញថា ឥរិយាបថទាំងនេះអាចផ្លាស់ប្ដូរបានយ៉ាងមានប្រសិទ្ធភាព ហើយការផ្លាស់ប្ដូរនេះនឹងមានឥទ្ធិពលធំធេងក្នុងការកាត់បន្ថយអំពើហិង្សាលើកុមារ។ ការផ្លាស់ប្តូរឥរិយាបថមិនត្រឹមតែអាចទៅរួចទេ តែយើងថែមទាំងត្រូវធ្វើវាជាបន្ទាន់ទៀតផង។ ការស្រាវជ្រាវ ជិត៣០ ដែលបានធ្វើនៅទូទាំងពិភពលោកបានបង្ហាញថាកុមារដែលជាជនរងគ្រោះជានិច្ចកាលនៃការដាក់ទណ្ឌកម្ម អាចនឹងក្លាយទៅជាជនដែលកោងកាច និងអាចមានជំងឺធ្លាក់ទឹកចិត្ត ឬអាចឈានទៅដល់ការប្រើប្រាស់ថ្នាំញៀនទៀតផង។ ការសិក្សាខ្លះក៏បានបង្ហាញផងដែរថា ការទទួលរងការដាក់ទណ្ឌកម្មអាចពន្យឺត ការលូតលាស់ ផ្នែកបញ្ញារបស់កុមារ ហើយសាលារៀនដែលមានការប្រើការដាក់ទណ្ឌកម្ម មានសិស្សដែលមានលទ្ធផលការសិក្សាខ្សោយច្រើន។
ប្រជាជនកម្ពុជាមិនអាចបន្ដអត់អោន និងទទួលយកនូវទម្រង់ណាមួយនៃអំពើហិង្សាលើកុមារឡើយ។ ពួកយើងអាចលុបបំបាត់វាបាន ដោយចាប់ផ្ដើមជាមួយការចាត់ទុកកុមារជាមួយសេចក្ដីថ្លៃថ្នូរ និងការគោរពដូចមនុស្សដទៃទៀតដែរ។
កុមារ គឺជាអនាគតរបស់ប្រទេសជាតិយើង ហើយការវិនិយោគលើពួកគេក្នុងថ្ងៃនេះ គឺជាការវិនិយោគដ៏មានប្រសិទ្ធភាពបំផុត។ លោក នែលសុន មេនឌេលឡា បានលើកឡើងថា៖ “សុវត្ថិភាព និងសន្ដិសុខ មិនមែនកើតឡើងដោយឯកឯងនោះទេ។ សុវត្ថិភាព និងសន្ដិសុខ គឺជាលទ្ធផលដែលកើតឡើងពីការចូលរួមរបស់យើងទាំងអស់គ្នា និងការវិនិយោគ
សាធារណៈ។ ពួកយើងមានកាតព្វកិច្ចក្នុងការធានាថាកូនៗរបស់យើងដែលជាជនងាយរងគ្រោះបំផុតក្នុងសង្គម អាចរស់នៅបានដោយគ្មានអំពើហិង្សា និងគ្មានការភ័យខ្លាច។”
ក្នុងខែវិច្ឆិកា ឆ្នាំ២០១៧ អង្គការទស្សនៈពិភពលោកប្រចាំកម្ពុជា បានសម្ពោធយុទ្ធនាការ It Takes a World ដើម្បីបញ្ឈប់អំពើហិង្សាលើកុមារ។ សូមចុចត្រង់នេះសម្រាប់ព័ត៌មានបន្ថែម៖ http://www.wvi.org/ittakesaworld
អត្ថបទ៖ អ្នកនាង ជា លីដា ប្រធានយុទ្ធនាការ It Takes a world ដើម្បីបញ្ឈប់អំពើហិង្សាលើកុមារ
និងលោក Mathieu Andre ប្រធានផ្នែកតស៊ូមតិ អង្គការទស្សនៈពិភពលោកប្រចាំកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com