ជាតិ
ផ្លូវមុខលានជល់ដំរីគ្រោងលុបដាំស្មៅ និងជំនួសដោយផ្លូវនៅប៉ែកខាងកើត
× សៀមរាប៖ រយៈពេលចុងក្រោយនេះ ផ្លូវនៅក្នុងរមណីយដ្ឋានអង្គរត្រូវបានជួសជុល និងកែលម្អ។ ក្រោយទទួលបានការគាំទ្រពីគណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ី-អង្គរ គម្រោងជួសជុលនេះនឹងដំណើរការបន្ថែមទៀត ដោយក្នុងនោះផ្លូវមុខព្រះលានជល់ដំរី ក៏ស្ថិតក្នុងគម្រោងជួសជុលនៅឆ្នាំក្រោយដែរ។ តាមអ្នកជំនាញ ផ្លូវនៅព្រះលានជល់ដំរី ដែលស្ថិតនៅគៀកថ្មប្រាសាទ គ្រោងលុបដើម្បីដាំស្មៅលើកសោភ័ណភាព ហើយអាជ្ញាធរជាតិអប្សរា និងធ្វើការជួសជុលផ្លូវប៉ែកខាងកើតដើម្បីធ្វើចរាចរណ៍ជំនួសវិញ។
លោក ហេង គឹមឡេង ប្រធាននាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្ដរវិស័យ នៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៣០ នៃគណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ី-អង្គរ នៅថ្ងៃទី៦ មិថុនា បានលើកឡើងថា សរុបការជួសជុលផ្លូវក្នុងឧទ្យានអង្គរ ទាំងវង់តូច និងវង់ធំ មានចំនួន ៤០៦០ម៉ែត្រ។ គេនៅចាំថា កាលពីឆ្នាំ២០១៦ អាជ្ញាធរជាតិអប្សរា បានផ្តើមជួសជុលផ្លូវវង់តូច ដោយមានទទឹង៩ម៉ែត្រ និងបណ្តោយ ៣៥០០ម៉ែត្រ។
នៅចុងឆ្នាំ២០១៧ ក្រោយមានការឯកភាពពីគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ អាជ្ញាធរជាតិអប្សរា បានធ្វើការជួសជុលផ្លូវវង់ធំមួយផ្នែក ចាប់ពីខ្លោងទ្វារដៃឆ្នាំង ដោយមានប្រវែងសរុបជាង ៥០០ម៉ែត្រ លើចំងាយផ្លូវសរុប ២០គីឡូម៉ែត្រ (ផ្លូវវង់ធំ)។
តាមការបញ្ជាក់របស់លោក ហេង គឹមឡេង នៅឆ្នាំក្រោយនេះ អាជ្ញាធរជាតិអប្សរានឹងបង្ហើយការជួសជុលផ្លូវវង់តូច ដែលស្ថិតនៅចំណុចទីលានជល់ដំរី។ យ៉ាងណា ក្នុងបទបង្ហាញដល់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ លោក គឹមឡេង បានចង្អុលពីចំណុចមួយចំនួនដែលប៉ះពាល់លើដំណើរការការដ្ឋានជួសជុលនៅទីនោះ ព្រោះផ្លូវនៅគៀកប្រាសាទ ដែលអាចធ្វើឱ្យមានបញ្ហាដល់ថ្មប្រាសាទបាន។ មួយវិញទៀត ទីតាំងនោះជាចំណុចចែកវាលស្មៅដែលជាសម្រស់មួយផ្នែកនៃឧទ្យានអង្គរ ដូច្នេះដំណោះស្រាយគឺគេត្រូវបិទផ្លូវនោះ ដោយត្រូវជួសជុលផ្លូវបុរាណមួយខ្សែទៀត ដែលស្ថិតនៅប៉ែកខាងកើត។ គម្រោងនេះ ក៏នឹងកែលម្អចំណតរថយន្តនៅទីនោះផងដែរ។
យ៉ាងណាក៏ដោយ នេះគ្រាន់តែជាគម្រោងដែលស្ថិតក្រោមការត្រួតពិនិត្យរបស់គណៈកម្មាធិការអន្ដរជាតិអាយស៊ីស៊ី-អង្គរនៅឡើយ ហើយពេលវេលាពិតប្រាកដក៏មិនទាន់កំណត់ដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com