ជាតិ
សម្ដេច ស ខេង បញ្ជា​ឲ្យ​ទប់ស្កាត់​បទល្មើស​នៅតាម​ព្រំដែន ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការអភិវឌ្ឍ​
07, Jun 2018 , 5:12 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជា​ទៅ​សេនាធិការ​ផ្នែក​សន្តិសុខ​ជាតិ ក្នុងនោះ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​ជាប់​ព្រំដែន និង​អាជ្ញាធរ​ពាក់ព័ន្ធ ឲ្យ​ទប់ស្កាត់​រាល់​បទល្មើស​នា​នា​នៅតាម​ខ្សែបន្ទាត់​នៃ​បណ្ដោយ​ព្រំដែន ក៏ដូចជា​ច្រកទ្វារ​ចេញចូល​ប្រទេស​ទាំងបី​។ បញ្ជា​របស់​សម្ដេច ស ខេង ធ្វើឡើង​តាមរយៈ​សេចក្ដីណែនាំ​មួយ​ស្ដីពី «​ការពង្រឹង​ស្ថិរភាព សន្តិសុខ សណ្ដាប់ធ្នាប់​តាម​បណ្ដោយ​ព្រំដែន​»​។



​សម្ដេច ស ខេង បាន​លើកឡើងថា ទោះបី​បច្ចុប្បន្ន​សភាពការណ៍​ស​ន្តិ​សុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម នៅ​កម្ពុជា មាន​លក្ខណៈ​ល្អប្រសើរ បង្ក​ការអនុគ្រោះ​ដល់​ដំណើរការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ហើយ​នៅតាម​បណ្តោយ​ព្រំដែន​មាន​សភាពការណ៍​ស្ងប់ស្ងាត់ សន្តិភាព និង​មិត្តភាព​សហប្រតិបត្តិការ ជាមួយ​ប្រទេសជិតខាង​ក្ដី ប៉ុន្តែ​ជារឿយៗ តែង​សង្កេតឃើញថា មាន​បាតុភូត​កើតឡើង​ពាក់ព័ន្ធ​ទៅនឹង​បទល្មើស​នៃ​ការចេញចូល​ឆ្លងកាត់​ព្រំដែន​ខុសច្បាប់​។​

​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បន្តថា បទល្មើស​នៃ​ការចេញចូល​ឆ្លងកាត់​ព្រំដែន​ខុសច្បាប់ ជា​បច្ច័យ​អាក្រក់​អាច​បង្ក​ឲ្យ​មាន​អសន្តិសុខ​តំបន់​ព្រំដែន ប៉ះពាល់​ដល់​មិត្តភាព និង​សហប្រតិបត្តិការ​ជាមួយ​ប្រទេសជិតខាង និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​។ រដ្ឋមន្ត្រី​រូបនេះ សង្កត់ធ្ងន់ថា សេនាធិការ​ផ្នែក​សន្តិសុខ​ជាតិ ត្រូវ​ទប់ស្កាត់​បទល្មើស​ទាំងនោះ​ប្រកបដោយ​ប្រសិទ្ធភាព​។

​សម្ដេច ស ខេង បន្ថែមថា ដើម្បី​មាន​វិធានការ​ទាន់ពេល​ក្នុងការ​ទប់ស្កាត់ និង​ការបង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ​ប្រកបដោយ​ប្រសិទ្ធភាព​នៅតាម​ព្រំដែន កម្លាំង​សមត្ថកិច្ច ត្រូវ​បង្កើន​វិធានការ​ប្រមូល​ព័ត៌មាន​ជាប្រចាំ ជាពិសេស​បទល្មើស​ឆ្លងដែន​ដូចជា អំពើ​ភេ​វក​ម្ម ការដឹក​អាវុធ​គ្រឿងផ្ទុះ ការជួញដូរ​មនុស្ស គ្រឿងញៀន និង​អនុផល​ព្រៃឈើ​ខុសច្បាប់ ជាដើម​។​

​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ប្រាប់​ទៅ​កង​ម្លាំ​ង​សមត្ថកិច្ច​ខាងលើ ឲ្យ​ពង្រឹង​វិធានការ​ត្រួតពិនិត្យ​ការចេញចូល​ឆ្លងកាត់​ព្រំដែន​ឲ្យ​បាន​ហ្មត់ចត់ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ជាពិសេស​ត្រូវ​លុបបំបាត់​ច្រករបៀង​ព្រំដែន​ទាំងអស់​នៅក្នុង​ភូមិសាស្ត្រ​ទទួលខុសត្រូវ​របស់ខ្លួន​។ សម្ដេច ស ខេង បានបញ្ជាក់​ចុងក្រោយ​ថា ត្រូវ​បង្កើន​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​ប្រទេស​ជាប់​ព្រំដែន ដើម្បី​ផ្លាស់ប្ដូរ​សភាពការណ៍ ដែលមាន​ប្រព័ន្ធ​ទំនាក់ទំនង​ទាន់​ហេតុការណ៍ ដើម្បី​ដោះស្រាយ​កិច្ចការ​បន្ទាន់​៕


Tag:
 ស ខេង​
 ​ ព្រំដែន​
  សន្តិសុខ​ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com