ជាតិ
សេដ្ឋកិច្ច
អ្នកនាំពាក្យ៖ គ្មានការលុបចោលគម្រោងព្រលានយន្តហោះនៅខេត្តកណ្ដាលឡើយ
× កណ្ដាល៖ អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក ស៊ិន ចាន់សេរីវុត្ថា បានច្រានចោលព័ត៌មានលុបចោល ឬប្ដូរទីតាំងគម្រោងសាងសង់ព្រលានយន្តហោះនៅទឹកដីខេត្តកណ្ដាល ។ លោកអះអាងថាគម្រោងនេះ នៅតែបន្តអនុវត្តដដែល។
ក្នុងពេលថ្មីៗនេះ មានការលេចឡើងនូវព័ត៌មានលើបណ្ដាញសារព័ត៌មានអនឡាញខ្លះ ដែលបានស្រង់ប្រភពមិនផ្លូវការថា គម្រោងសាងសង់ព្រលានយន្តហោះនៅខេត្តកណ្ដាល ត្រូវបានលុបចោល ដោយគម្រោងនេះនឹងត្រូវប្ដូរទៅទីតាំងផ្សេងវិញ។ ប៉ុន្តែព័ត៌មាននេះ ត្រូវបានអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បកស្រាយថា គម្រោងព្រលានយន្តហោះខ្នាតអន្តរជាតិមួយនេះ នៅតែប្រព្រឹត្តទៅជាធម្មតា។
លោក ស៊ិន ចាន់សេរីវុត្ថា ដែលទទួលព័ត៌មានពីក្រុមហ៊ុនវិនិយោគសង់ព្រលានយន្តហោះនេះ បានប្រាប់សារព័ត៌មាន Fresh News ថា គម្រោងនេះនឹងមិនត្រូវរង់ចាំអនុវត្តរហូតដល់ឆ្នាំ២០២៥ តាមការគ្រោងទុកនោះទេ ពោលគឺត្រូវចាប់ផ្ដើមអនុវត្តពីឆ្នាំ២០១៩ ខាងមុខនេះហើយ បើគ្មានឧបសគ្គអ្វីជាដុំកំភួននោះ។
ជុំវិញបញ្ហានេះ សារព័ត៌មានថ្មីៗ មិនអាចសុំការអត្ថាធិប្បាយបន្ថែម ពីលោក ស៊ិន ចាន់សេរីវត្ថា ឡើយ។
កាលពីចុងឆ្នាំ២០១៧ រដ្ឋាភិបាលបានប្រកាសគម្រោងសាងសង់អាកាសយានដ្ឋានលំដាប់អន្តរជាតិថ្មីមួយ នៅលើផ្ទៃដីទំហំ ២៦០០ហិកតា ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ និងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ក្រោមទុនវិនិយោគចំនួន ១៥០០លានដុល្លារអាមេរិក។ ថវិកាអនុវត្តគម្រោងនេះ មួយភាគធំជាកម្ចីពីបរទេស។ នៅដើមឆ្នាំ២០១៨នេះ កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានសម្រាប់គម្រោងនេះ ត្រូវបានចុះហត្ថលេខារវាងក្រុមហ៊ុន OCIC និងធនាគារអភិវឌ្ឍន៍ចិន (CDB)។
ក្រុមហ៊ុន Cambodia Airport Investment ត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាល និងក្រុមហ៊ុន OCIC របស់លោក ពង់ ឃាវសែ ដើម្បីប្រតិបត្តិការគម្រោងនេះ។
អាកាសយានដ្ឋានថ្មីនេះត្រូវចំណាយទុនវិនិយោគ ១៥០០លានដុល្លារ ដោយក្នុងនោះថវិកា ១១០០លានដុល្លារជាកម្ចីពីធនាគារបរទេស, ២៨០ លានដុល្លារជាកម្ចីពីក្រុមហ៊ុន OCIC និងទឹកប្រាក់ ១២០លានដុល្លារទៀតបានពីដើមទុនចុះបញ្ជី (ក្នុងនោះភាគីក្រុមហ៊ុន OCIC មាន៩០ភាគរយ និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដែលជាភាគីរដ្ឋាភិបាលចំនួន ១០ភាគរយ)។នេះបើតាមលិខិតរបស់រដ្ឋាភិបាល កាលពីខែមករា ឆ្នាំ២០១៨កន្លងមក។
ទោះយ៉ាងណា គេនៅតែរង់ចាំមើលគម្រោងមួយនេះ ថាវានឹងត្រូវអនុវត្តដូចការគ្រោងទុក ឬមានការប្រែប្រួលណាមួយ ខណៈវិស័យដីធ្លីក្នុងតំបន់នោះបានផ្ទុះឡើងខ្លាំងពីដំណឹងរបស់គម្រោងយក្សមួយនេះ។ អ្នកជំនាញខ្លះថែមទាំងក្រើនរំលឹកពីផលលំបាកនៃការកកស្ទះទៅថ្ងៃក្រោយ ដោយសារតែគម្រោងនេះនៅកៀករាជធានីភ្នំពេញ ដែលកំពុងពង្រីកការអភិវឌ្ឍន៍របស់ខ្លួន ទៅតំបន់ជុំវិញ៕
Tag:
ព្រលានយន្តហោះ
កណ្ដាល
© រក្សាសិទ្ធិដោយ thmeythmey.com