កំណាយ​នៅ​ស្រះ​អង្គរវត្ត រកឃើញ​ស្លាកស្នាម​ខ្លះៗ​ពី​រចនាសម្ព័ន្ធ​របស់​ស្រះ​

ជាតិ
កំណាយ​នៅ​ស្រះ​អង្គរវត្ត រកឃើញ​ស្លាកស្នាម​ខ្លះៗ​ពី​រចនាសម្ព័ន្ធ​របស់​ស្រះ​
09, Jun 2018 , 12:17 pm         6223
រូបភាព
​សៀមរាប​៖ ការធ្វើ​កំណាយ​ជួសជុល​ស្រះ​អង្គរវត្ត បានចាប់ផ្តើម​តាំងពី​ក្រោយ​ចូលឆ្នាំ​មក​។ អ្នកជំនាញ​បាន​រកឃើញ​ស្លាកស្នាម​ខ្លះៗ​នៃ​រចនាសម្ព័ន្ធ​របស់​ស្រះ ដូចជា​កាំជណ្ដើរ​ថ្មបាយក្រៀម ថ្មភក់​នៅ​មាត់​ស្រះ និង​ការចាក់​បង្គរ​ដី​ជា​ស្រទាប់ៗ​ខុសៗ​គ្នា ជាដើម​។​
 
​អាជ្ញាធរ​ជាតិ​អប្សរា បាន​ស្រង់​សម្តី​របស់​អ្នកស្រី នេ​ត ស៊ី​មន អ្នក​បុរាណវិទ្យា ដែល​បាននិងកំពុង​ធ្វើ​កំណាយ​នៅ​ស្រះ​អង្គរវត្ត ពេលដែល​អ្នកស្រី​ធ្វើ​បទ​បង្ហាញ​ក្នុង​កិច្ចប្រជុំ​អាយ​ស៊ី​ស៊ី​-​អង្គរ កាលពី​ថ្ងៃទី​៦ មិថុនា​។ ក្នុង​កំណាយ​ចំនួន​២​ទីតាំង ដែល​ទី​តាំងទី​១ មាន​៣​រណ្តៅ​ជាប់​គ្នា ហើយ​លទ្ធផល​បឋម​បានបង្ហាញ​អំពី​ការរៀបចំ​គ្រឹះ មាត់​ស្រះ​និង​ជណ្តើរ​៣​កាំ​ចុះក្រោម​សាង​អំពី​ថ្មភក់ និង​កាំជណ្តើរ​ក្រោមៗ​ទៀត​ធ្វើ​អំពី​ថ្មបាយក្រៀម​កប់​ដី ដែលមាន​សភាព​ទ្រុឌទ្រោម​ខូចខាត​រូបរាង​ក្នុង​ទម្រង់​មិន​ច្បាស់លាស់ ពិបាក​សន្និដ្ឋានថា​ជា​កាំជណ្តើរ​ឬ​ជា​ដី​បុក​បង្ហាប់​ធ្វើជា​បាត​ស្រះ​។​
 
​តាម​ការលើកឡើង​រប​ស់​អ្នកជំនាញ​នៃ​នាយកដ្ឋាន​អភិរក្ស​ក្នុង​ឧទ្យាន និង​បុរាណវិទ្យា​បង្ការ បាន​លើកឡើងថា តាមរយៈ​កំណាយ​នេះ​បានបង្ហាញ​ពី​ទម្រង់​ពិសេសៗ​៣​ចំណុច​សំខាន់ៗ​។ ទី​១ ការចាក់​បង្គរ​ដី​យ៉ាង​ធំ​នៅ​ផ្ទៃ​ខាងក្រៅ​ស្រះ​ដែល​បាន​បុក​បង្ហាប់​ឆ្លាស់គ្នា ដោយមាន​ស្រទាប់​ថ្មបាយក្រៀម​លាយ​ដីឥដ្ឋ លាយ​ថ្មភ្នំ ស្របតាម​បណ្តោយ​មាត់​ស្រះ រីឯ​ផ្ទៃ​ខាងក្រោម មាន​ការបុក​បង្ហាប់​ជាមួយ​ដីខ្សាច់​លាយ​ដីឥដ្ឋ លាយ​ថ្មបាយក្រៀម​។ ទី​២ រចនា​សម្ពន្ធ​ស្រះ​ទាំងមូល​បាន​រៀប​កាំជណ្តើរ​ថ្មភក់​នៅ​មាត់​ស្រះ ព្រមទាំង​រៀប​ថ្មបាយក្រៀម​ផ្នែក​ខាងក្រៅ​នៅ​បាត​ស្រះ​មាន​ការបុក​បង្ហាប់ដី មាន​ខ្សាច់​លាយ​ថ្មភ្នំ នៅ​ស្រទាប់​នេះ ដែល​ពិបាក​កំណត់​តួនាទី​នៃ​ការប្រើប្រាស់ ដោយសារ​ថ្មភ្នំ​និង​ថ្មបាយក្រៀម​មានការ​ពុក​ផុយ​ជា​អន្លើៗ​។ ទី​៣ ការចាក់​បង្គរ​សម័យ​ថ្មី រកឃើញ​កំណាត់ឈើ បន្ទះក្តារ​ប្រើប្រាស់​សម័យមុន​និង​លាយឡំ​ដោយ​សម្ភារៈ​សម័យថ្មី​។ បន្ទាប់ពី​បញ្ចប់​គម្រោង​កំណាយ​រណ្តៅ​ទីមួយ​នេះ ក្រុមការងារ​នឹង​បន្ត​កំណាយ​នៅ​ស្រះ​ផ្នែក​ខាងកើត​ឆៀង​ខាងត្បូង​ដែលជា​រណ្តៅ​ទី​២​។​
 
​កំណាយ​ស្រះ​អង្គរវត្ត ត្រូវបាន​ធ្វើឡើង​ដើម្បី​មើល​ពី​រចនាសម្ព័ន្ធ​រប​ស់​ស្រះ និង​ឈានដល់​ការស្ដារ និង​ជួសជុល​ស្រះ​។ គោលបំណង​នៃ​ការស្ដារ និង​ជួសជុល​នេះ​គឺ​ដើម្បី​លើក​សោ​ភណ្ឌ​ភាព​របស់ និង​អាច​រក្សា​ទឹកបាន​ច្រើន ព្រោះ​វា​ជា​ផ្នែក​មួយ​សំខាន់​សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ​។​
 
​គូរ​រំឭក​ដែរ​ថា កន្លងមក​ស្រះ​ខាងជើង​និង​ខាងត្បូង​មុខ​អង្គរវត្ត​ត្រូវបាន​បំផ្លាញ​ដោយ​ធម្មជាតិ​។ ក្នុង​ឆ្នាំ​១៩២០-២១ សាលា​បារាំង​ចុង​បូព៌ា មាន​លោក HENRI Machal (​ហង់​រី  ម៉ា​ហ្សា​ល់​) បានធ្វើ​កំណាយ និង​ជួសជុល​ម្តង​រួចមកហើយ​។ នៅ​ឆ្នាំ​២០០៥-២០០៧ ក្រុមការងារ​បុរាណវិទ្យា​ក៏បាន​សិក្សា​រចនា​សម្ពន្ធ​ស្រះ​ខាងត្បូង​រកឃើញ​ជណ្តើរ​ចំនួន​៦​កាំ​ដែលមាន​ស្ថាន​ភាពល្អ​និង​ជណ្តើរថ្ម​បាយក្រៀម​ពុកផុយ និង​បាត​គ្រឹះ​មាន​សភា​ពនៅ​ល្អ​នៅឡើយ​៕











Tag:
 អង្គរវត្ត​
© រក្សាសិទ្ធិដោយ thmeythmey.com