អភិបាលខេត្ត​សៀមរាប​៖ គ្មាន​ការ​ឈូសឆាយ​តូប​ផ្សារ​រាត្រី​ឡើយ តែ​ផ្លូវ​នៅតែ​បើក​
ជាតិ
អភិបាលខេត្ត​សៀមរាប​៖ គ្មាន​ការ​ឈូសឆាយ​តូប​ផ្សារ​រាត្រី​ឡើយ តែ​ផ្លូវ​នៅតែ​បើក​
11, Jun 2018 , 2:32 pm        
រូបភាព
​សៀមរាប​៖ ដំណឹង​នៃ​ការ​ឈូសឆាយ​តូប​ផ្សារ​រាត្រី យីហោ ផល្លា រាត្រី​អង្គរ​៥ បានធ្វើឱ្យ​ក្រុមអាជីវករ​មានការ​ស្លន់ស្លោ​។ នៅ​ល្ងាច​ថ្ងៃទី​១០ មិថុនា អភិបាលខេត្ត​សៀមរាប​បាន​ចុះ​ទៅដល់​ផ្សារ​ខាងលើ និង​បាន​ពន្យល់​ពី​មូលហេតុ​ពិតប្រាកដ ដោយ​ក្នុងនោះ​លោក​បាន​បញ្ជាក់ថា គ្មាន​ការ​ឈូសឆាយ​តូប​របស់​អាជីវករ​ឡើយ តែ​ផ្លូវ​នៅតែ​បើក​ជា​ចាំបាច់ ដើម្បី​បម្រើ​ផលប្រយោជន៍​សាធារណៈ​។​



​អភិបាលខេត្ត​សៀមរាប លោក ឃឹម ប៊ុន​សុង បាន​ទៅ​ពន្យល់​ផ្ទាល់​ដល់​តូប​របស់​ក្រុមអាជីវករ​នៅ​ផ្សារ ផល្លា រាត្រី​អង្គរ ជុំវិញ​គម្រោង​បើកផ្លូវ​ចំពាក់​កណ្តាល​ផ្សារ​។ លោក​ថា រដ្ឋបាល​របស់លោក​គ្មាន​បំណង​ឈូសឆាយ​តូប ដូច​ការលើកឡើង​ក្នុង​បណ្តាញ​សង្គម​មួយចំនួន​បាន​និយាយ​នោះឡើយ​។ ផ្ទុយទៅវិញ គម្រោង​នេះ​នឹង​ផលប្រយោជន៍​សម្រាប់​អាជីវករ និង​ពលរដ្ឋ​ដែល​នៅ​ជុំវិញ​។​

​ឆ្លើយតប​ទៅនឹង​សំណួរ​អ្នកសារព័ត៌មាន លោក ឃឹម ប៊ុន​សុង បាន​បញ្ជាក់ថា គ្មាន​ការ​ឈូសឆាយ​តូប​ផ្សារ​ឡើយ តែ​ផ្លូវ​នៅតែ​បើក​។ លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ផ្លូវ​នៅតែ​បើក មិនអាច​បិទ​បានទេ ។ ផ្លូវ​សាធារណៈ មិនអាច​យកមក​ធ្វើ​មុខរបរ​បានទេ តូប​រក្សា​ដដែល តែ​ផ្លូវត្រូវ​តែបើ​កសិន​»​។​



​ក្នុង​បទ​សម្ភាស​នៅ​រសៀល​ថ្ងៃទី​១០ មិថុនា លោក​អភិបាលខេត្ត​មិនបាន​បញ្ជាក់​ពី​ពេលវេលា​ពិតប្រាកដ​នៃ​គម្រោង​បើកផ្លូវ​នោះឡើយ ប៉ុន្តែ​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ម្ចាស់​ផ្សារ​រាត្រី គ្រឿងចក្រ​បាន​ឈូស​ផ្លូវ​ចូល​នៃ​ផ្សារ​នោះ​ហើយ នៅ​ព្រឹក​ថ្ងៃទី​១១ មិថុនា​។​

​លោក ឃឹម ប៊ុន​សុង បាន​ពន្យល់​ដល់​ម្ចាស់​តូប​ទាំង​អស់ពី​គុណប្រយោជន៍​ដែល​ទទួលបាន ពេល​ផ្លូវ​ត្រូវបាន​បើក​។ លោក​ថា រដ្ឋបាលខេត្ត​បើកផ្លូវ​នេះ ទីមួយ​ប្រយោជន៍​ដល់​អាជីវករ ពេល​មាន​គ្រោះអាសន្ន​ផ្សេងៗ គឺអាច​មានលទ្ធភាព​ខ្ពស់​ក្នុងការ​ជួយសង្គ្រោះ និង​ទី​ពីរ ប្រយោជន៍​ដល់​ពលរដ្ឋ​រស់នៅ​ជុំវិញ​ផ្សារ​។​

​អាជីវករ​លក់​វត្ថុ​អនុស្សាវរីយ៍ និង​ខោអាវ អ្នកស្រី គីម​នី លើកឡើងថា អ្នកស្រី​គាំទ្រ​ដល់​គម្រោង​បើកផ្លូវ​នេះ ប្រសិន​ណា​មិន​ប៉ះពាល់​ដល់​តូប​អ្នកស្រី និង​តូប​អាជីវករ​ផ្សេងទៀត ព្រោះ​ពួកគេ​មិន​ចង់ឱ្យមាន​ការផ្អាក​លក់​ដូរ​ដោយសារ​គម្រោង​នេះឡើយ​។​



​ក្នុងពេល​ចុះទៅ​ដល់​ផ្សារ​នោះ គេ​សង្កេតឃើញ​ម្ចាស់​ផ្សារ និង​កូនៗ​ក៏មាន​វត្ត​មាននៅ​ទីនោះ​ដែរ ប៉ុន្តែ​ពួកគេ​មិនមាន​ប្រតិកម្ម​អ្វី​ឡើយ គ្រាន់តែ​កាន់​កាមេរ៉ា​ថត​សកម្មភាព​ដែល​អភិបាលខេត្ត​កំពុងនិយាយ​ជាមួយ​ក្រុមអាជីវករ​តែប៉ុណ្ណោះ​៕


Tag:
 ឃឹម ប៊ុន​សុង​
  ផ្សារ​រាត្រី​
© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 65767 [1] => 9 [2] => អភិបាលខេត្ត​សៀមរាប​៖ គ្មាន​ការ​ឈូសឆាយ​តូប​ផ្សារ​រាត្រី​ឡើយ តែ​ផ្លូវ​នៅតែ​បើក​ [3] => content [4] => [5] => ឃឹម ប៊ុន​សុង​, ផ្សារ​រាត្រី​ [6] => 24 [7] => 0 [8] => )