ជាតិ
សង្គមជាតិ
ស្នាដៃ​ជ័យលាភី​អក្សរសិល្ប៍​ទន្លេមេគង្គ​លើក​ទី​៩ បង្ហាញ​ពី​តថភាព​ពិត​តាម​ដង​ទន្លេមេគង្គ​
12, Jun 2018 , 8:30 pm        
រូបភាព
កញ្ញា អ៊ឹម រចនា និង លោក រ័ត្ន​ន៍ សេនា
កញ្ញា អ៊ឹម រចនា និង លោក រ័ត្ន​ន៍ សេនា
​គណៈកម្មការ​ពានរង្វាន់​នៃ​សមាគម​អ្នក​និ​ព្ធ​ខ្មែរ បាន​រកឃើញ​បេក្ខជន​ជ័យលាភី​ពីររូប​ហើយ ដើម្បី​ទៅ​ទទួល​ពានរង្វាន់​អក្សរសិល្ប៍​ទន្លេមេគង្គ​លើក​ទី​៩ នៅ​រដ្ឋធានី​ហាណូយ​ប្រទេស​វៀតណាម​។ បេក្ខជន​ផ្នែក​កំណាព្យ បាន​ទៅលើ​លោក រ័ត្ន​ន៍ សេនា «​ខ្សែ​នទី ខ្សែលោហិត​» និង​ស្នាដៃ​រឿង​ខ្លី បាន​ទៅលើ​កញ្ញា អ៊ឹម រចនា «​មន្ត​ស្នេហ៍​ថា​ឡា​»​។ ជ័យលាភី​ទាំងពីរ​រូប នឹង​ទទួលបាន​ពានរង្វាន់​មួយ​អមដោយ​ទឹកប្រាក់​មួយចំនួន ដែល​ត្រូវ​ទទួល​នៅ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៨​នេះ​។​



​កញ្ញា អ៊ឹម រចនា ម្ចាស់​ស្នាដៃ​រឿង «​មន្ត​ស្នេហ៍​ថា​ឡា​» លើកឡើងថា រឿង​របស់​កញ្ញា​សរសេ​រ​អំពី​ការអភិវឌ្ឍ​តាម​ដង​ទន្លេមេគង្គ​។ ក្នុង​ចម្លើយ​តប​នឹង​សារព័ត៌មាន​ថ្មីៗ នារី​មាន​ដើមកំណើត​នៅ​ខេត្តស្វាយរៀង​រូបនេះ ហាក់​ចោទសួរ​ជា​សំណួរ​ច្រើន​ក្នុង​ស្នាដៃ​រឿង​របស់ខ្លួន ពី​ការអភិវឌ្ឍ​ទាំងឡាយ ដែល​មិនបាន​គិតពី​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​។ គំនិត​សំខាន់​ក្នុង​រឿង​ដែល​កញ្ញា​ចង់បង្ហាញ​ទៅដល់​អ្នកមើល​គឺ តើ​ការអភិវឌ្ឍ​មួយចំនួន​នៅតាម​ដង​ទន្លេ​បានយូរ​អង្វែង​កម្រិតណា​? ហេតុអ្វី​ត្រូវ​បំផ្លាញ​ធម្មជាតិ​ដើម្បី​ការអភិវឌ្ឍ​? 

​តាមរយៈ​ស្នាដៃ នារី​វ័យ​២៦​ឆ្នាំ​រូបនេះ គ្រាន់តែ​ចង់​លើកទឹកចិត្ត​មនុស្ស​គ្រប់រូប​ឱ្យ​ចេះ​ស្រឡាញ់​ធម្មជាតិ ទោះ​មិនបាន​ថែរក្សា​តែ​ក៏​កុំ​បំផ្លាញ​។ កញ្ញា រចនា បញ្ជាក់​៖«​អ្វីដែល​ខ្ញុំ​ចង់បង្ហាញ​គឺ រាល់​ការអភិវឌ្ឍ​មិន​សុទ្ធតែ​អាក្រក់​នោះទេ តែ​គួរតែ​មើល​ពី​និរន្តរភាព​របស់​វា​។ តើ​ការណ៍​នេះ​អាច​ទាញ​ប្រយោជន៍​បាន​ច្រើនជាង​ការមិន​អភិវឌ្ឍ​ប៉ុណ្ណា​? អ្វីដែល​ខ្ញុំ​ចង់​ផ្ដោត​គឺ តើ​ការអភិវឌ្ឍ​នោះ ប៉ះពាល់​អ្វីខ្លះ​ទៅដល់​អ្នក​ដែល​អាស្រ័យ​ផល​នៅ​ជុំវិញ​នោះ​? ខ្ញុំ​ចង់​លើកទឹកចិត្ត​មនុស្ស​ឱ្យ​ស្រឡាញ់​ធម្មជាតិ​។ អ្នកខ្លះ​អាច​នៅ​ទីក្រុង​ឃើញ​ភ្លើងពណ៌​ច្រើន មិនដឹង​ធម្មជាតិ​ល្អ​ប៉ុណ្ណា​ឡើយ ទាល់តែ​ពួក​គាត់​បាន​ទៅដល់​ទើប​ដឹងថា​វា​សំខាន់​។ ធម្មជាតិ​ដែល​យើង​បំផ្លាញ​ហើយ វា​ត្រូវការ​ពេល​យូរណាស់​ទម្រាំ​ត្រឡប់មកវិញ​។ ដូច្នេះ​បើ​គេ​មិនបាន​ជួយ​ថែ​ទេ សូម​តែ​កុំ​បំផ្លាញ​»​។

បេក្ខជន​ជ័យលាភី​មួយរូប​ទៀត​គឺ​លោក រ័ត្ន​ន៍ សេនា ស្នាដៃ​កំណាព្យ «​ខ្សែ​នទី ខ្សែលោហិត​» លើកឡើងថា ខ្លឹមសារ​រួម​ក្នុង​អត្ថបទ​លោក ចង់​បង្ហាញថា ទន្លេមេគង្គ​ទាំងមូល​ប្រៀបបាន​នឹង​ម្ដាយ​ដែល​ចិញ្ចឹម​កូនៗ​ទាំង​៦​ប្រទេស​។ បុរស​វ័យ​៤៦​ឆ្នាំ​ដែល​មិន​ធ្លាប់​ដាក់​ស្នាដៃ​ទៅ​ប្រកួតប្រជែង​ពីមុន​មកនេះ សង្កត់ធ្ងន់ថា អត្ថន័យ​កំណាព្យ​ចង់បង្ហាញ​ពី​គុ​ណ​ប្រយោជន៍ និង​សារសំខាន់​របស់​ទន្លេមេគង្គ សម្រាប់​មនុស្ស​សត្វ​រុក្ខជាតិ ដែល​រស់នៅក្នុង​ប្រទេស​ទាំង​៦​។ ស្នាដៃ​កំណាព្យ​ដែលមាន​កម្រាស់​១១​ទំព័រ​ទាំង​ភាសា​ខ្មែរ​និង​អង់គ្លេស​នេះ បានបង្ហាញ​ឱ្យឃើញ​ពី សមាហរណកម្ម​រួមគ្នា​រវាង​ប្រទេស​ទាំង​៦​តាម​ដង​ទន្លេមេគង្គ ក្នុង​វិស័យ​សិល្បៈ វប្បធម៌ កសិកម្ម ពាណិជ្ជកម្ម បរិស្ថាន សាសនា និង​រឿង​ជាច្រើន​ទៀត​។ 

​ម្ចាស់​ជ័យលាភី ដែលមាន​ដើមកំណើត​នៅ​ខេត្តស្វាយរៀង​រូបនេះ ឱ្យ​តម្លៃ​ទន្លេមេគង្គ​ប្រៀប​ទៅនឹង​សរសៃឈាម​រួមមួយ ដែល​ទាមទារ​ឱ្យ​ប្រទេស​ទាំង​៦​មានការ​យោគយល់​គ្នា​ទៅវិញទៅមក ក្នុង​ការទាញយក​ប្រយោជន៍ ឬ​ការអភិវឌ្ឍ​តាម​ដង​ទន្លេ​។ លោក សេនា បញ្ញា​ក់​៖«​ចំណងជើង ខ្សែ​នទី ខ្សែលោហិត ខ្ញុំ​ចង់​បានន័យថា​ទន្លេ​ប្រៀបបាន​សរសៃឈាម​រួមគ្នា​រវាង​ប្រទេស​ទាំង​៦​។ ខ្លឹមសារ​សំខាន់​ខ្ញុំ​ចង់​បង្ហាញថា រាល់​ការអភិវឌ្ឍ​នានា​តាម​ដង​ទន្លេ គួរតែមាន​ការយោគយល់​គ្នា ផ្ដល់​ប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក​។ ការ​ឈ្វេងយល់​ពី​ផលប៉ះពាល់​ដែល​អាច​កើតមានឡើង​រវាង​ប្រទេស​ទាំង​៦​តាម​ដង​ទន្លេមេគង្គ ក្រោយ​អភិវឌ្ឍ​ជា​រឿង​សំខាន់​»​។

​ជា​គណៈកម្មាការ​វាយតម្លៃ​ស្នាដៃ​មួយរូប លោក ឡឹ​ក ជំនោរ មានប្រសាសន៍ថា ស្នាដៃ​ដែល​ជ្រើសរើស​បាន​ទាំងពី​រូបនេះ បង្ហាញ​ពី​ជីវភាព​ពិត និង​ស្ថានភាព​ពិត​តាម​ដង​ទន្លេមេគង្គ​។ រឿង​ទាំងពីរ​នេះ​ជា​ប្រភេទ​រឿង​ថ្មី​បែប​ទំនើប បង្ហាញ​ពី​ទីតាំង​ពិត រឿង​ជាក់ស្ដែង ដែល​ធ្វើឱ្យ​អ្នកអាន​ទទួលបាន​ចំណេះ​ច្រើន​។ លោ​កថា​ក្នុងចំណោម​ស្នាដៃ​ប្រកួតប្រជែង​ទាំង​២៩​ស្នាដៃ ខ្លឹមសារ​អត្ថបទ​មាន​កម្រិត​ប្រហាក់ប្រហែលគ្នា គ្រាន់តែ​លើសខ្វះ​បន្តិច​ប​ន្តួច​តែប៉ុណ្ណោះ​។ 



​គណៈកម្មាការ​វាយតម្លៃ​ស្នាដៃ​រូបនេះ ផ្ដាំផ្ញើ​ទៅកាន់​បេក្ខជន​ដែលមាន​បំណង​ដាក់​ស្នាដៃ​ប្រកួតប្រជែង​ឆ្នាំក្រោយៗ ឱ្យ​យកចិត្តទុកដាក់​ទៅលើ​អក្ខរាវិរុទ្ធ ខ្លឹមសារ​ត្រូវ​ចូល​ឱ្យ​ជ្រៅ​ទៅក្នុង​ប្រធានបទ​។ លោក​សង្កត់ធ្ងន់ថា ស្នាដៃ​ត្រូវ​បង្ហាញ​ពី​អត្តសញ្ញាណ​ជាតិ ព្រលឹង​ជាតិ តំបន់​ទេសចរណ៍ តំបន់​ពាណិជ្ជកម្ម ព្រោះ​ជា​ផលចំណេញ​របស់​ប្រទេស​។ បេក្ខជន​ត្រូវ​យល់​ឱ្យ​ច្បាស់​ពី​ប្រធានបទ និង​គោលបំណង​ដែល​ពានរង្វាន់​ចង់បាន ត្រូវ​បង្ហាញ​ពី​ទីតាំង​ពិត ឬ តំបន់​ជាក់លាក់​។ លោក ជំនោរ បញ្ជាក់​៖«​ស្នាដៃ​ដែល​ដាក់​ប្រកួតប្រជែង​ជា​លក្ខណៈ​អន្តរជាតិ​បែបនេះ សំខាន់​ត្រូវ​សរសេរ​ចូល​ឱ្យ​ជ្រៅ​ក្នុង​ប្រធានបទ បង្ហាញ​ពី​គំនិត​អប់រំ អត្តសញ្ញាណ​ជាតិ ព្រលឹង​របស់​ជាតិ តំបន់​ទេសចរណ៍ តំបន់​ពាណិជ្ជកម្ម​ក្នុងប្រទេស ព្រោះ​ជា​មធ្យោបាយ​បង្ហាញ​ប្រទេស​ទៅកាន់​អន្តរជាតិ​៕





 

Tag:
 អក្សរសិល្ប៍​
  អប់រំ​
  តែង​និពន្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com