FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ ម្ចាស់ផ្ទះ​រុស្ស៊ី​បើកឆាក​ជាមួយនឹង​ជ័យជម្នះ ៥-០ លើ​អា​រ៉ា​ប៊ី​សា​អូឌីត​
15, Jun 2018 , 6:30 am        
រូបភាព
ដោយ: រួបរួម
​ម្ចាស់ផ្ទះ​រុស្ស៊ី បានទទួល​ជ័យជម្នះ​ក្នុង​លទ្ធផល​រហូតដល់​ទៅ​៥-០ លើ​អា​រ៉ា​ប៊ី​សា​អូឌីត ក្នុងជំនួប​ពូ​ល A និង​ជាការ​ប្រកួត​បើកឆាក​ពានរង្វាន់​កីឡាបាល់ទាត់​ពិភពលោក (FIFA World Cup) ឆ្នាំ​២០១៨ នៅ​កីឡដ្ឋាន Luzhniki Stadium​។​



Yuri Gazinskiy បានតែ​តបាល់​បញ្ចូល​ទី​គ្រាប់​ដំបូង​ប្រចាំ​ព្រឹត្តិការណ៍ FIFA World Cup នេះ បន្ទាប់ពី​ការប្រកួត​ដំណើរការបាន​១២​នាទី ក្រោយ​ការបញ្ជូន​របស់ Aleksandr Golovin​។

Denis Cheryshev ដែល​បាន​ចូល​លេង​ជំនួស Alan Dzagoev នៅ​នាទី​២៤ រកបាន​គ្រាប់​ទី​ពីរ​សម្រាប់​ម្ចាស់ផ្ទះ​នៅមុន​បញ្ចប់​តង់​ទីមួយ​។ ឈានដល់​នាទី​៧១ Artem Dzyuba រកបាន​មួយ​គ្រាប់​ភ្លាមៗ ក្រោយ​វត្តមាន​នៅលើ​ទីលាន​បានត្រឹមតែ​១​នាទី​។​

​នៅក្នុង​នាទី​បន្ថែម រុស្ស៊ី​រកបាន​២​គ្រាប់​ទៀត ដោយ Cheryshev ស៊ុត​បាន​គ្រាប់​ទី​ពីរ មុននឹង​ពេល Aleksandr Golovin ធ្វើ​ឲ្យ​ការប្រកួត​បញ្ចប់​ក្នុង​លទ្ធផល ៥-០ ។ Cheryshev គឺជា​កីឡាករ​ឆ្នើម​ប្រចាំ​ការប្រកួត​នេះ​។​

​ជោគជ័យ​លើ​អា​រ៉ា​ប៊ី​សា​អូឌីត នាំ​ឲ្យ​រុស្ស៊ី​រក្សា​កំណត់ត្រា​ក្នុងនាម​ជា​ម្ចាស់ផ្ទះ World Cup មិនដែល​ប្រកួត​ចាញ់​ក្នុងជំនួប​បើកឆាក FIFA World Cup ២១​លើក​កន្លងមក ដោយ​ឈ្នះ​១៦ និង​ស្មើ​៦ ។ ជាមួយគ្នានេះ​ផងដែរ វា​ជា​កំណត់ត្រា​ធំ​ទី​ពីរ​សម្រាប់​ម្ចាស់ផ្ទះ World Cup នា​ការប្រកួត​បើកឆាក បន្ទាប់ពី​អ៊ីតាលី​ឈ្នះ​អាមេរិក ៧-១ កាលពី​ឆ្នាំ​១៩៣៤ ៕


Tag:
 FIFA World Cup
  GroupA
© រក្សាសិទ្ធិដោយ thmeythmey.com