FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
ឈុត​ខោ​អាវធំ​របស់​ជម្រើសជាតិ​អង់គ្លេស​ទៅ World Cup ផលិត​នៅ​កម្ពុជា​
15, Jun 2018 , 10:02 am        
រូបភាព
ដោយ: រួបរួម
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អង់គ្លេស បាន​ទៅដល់​រុស្ស៊ី​កាលពី​ថ្ងៃ​អង្គារ​កន្លងមក ជាមួយនឹង​ឈុត​ខោ​អាវធំ​របស់​ក្រុមហ៊ុន Marks & Spencer​។ បើទោះបីជា​មិនមាន​ការបញ្ជាក់​ផ្លូវការ​ក៏ដោយ ប៉ុន្តែ​សារព័ត៌មាន The Telegraph  ស្រាវជ្រាវ​ឃើញថា ឈុត​ដ៏​ស្រស់ស្អាត​ទាំងនេះ ត្រូវបាន​ផលិត​នៅ​កម្ពុជា​។​



​មុន​ចេញដំណើរ​ទៅ​រុស្ស៊ី ក្រុម​ដែល​ស្ថិតក្រោម​ដឹកនាំ​របស់លោក Gareth Southgate បាន​ថតរូប​ជា​ក្រុម ជាមួយនឹង​ឈុត​សម្លៀកបំពាក់​តម្លៃ​ប្រមាណ​២៦៤​ផោន (​ប្រមាណ​៣៥០​ដុល្លារ​អាមេរិក​) ក្នុង​១​កំ​ប្លេ​។ ការថត​បែបនេះ មានមតិ​មួយចំនួន​រិះគន់ថា មាន​ទម្រង់​ដូចជា​សិស្សសាលា​។​

​ទាក់ទង​នឹង​សម្លៀកបំពាក់​ឈុត​ធំ ក្រុមហ៊ុន M&S មិនបាន​បញ្ជាក់​ពី​ប្រភព​នៃ​ផលិតផល​ឡើយ ដោយ​គ្រាន់តែ​បញ្ជាក់ថា ជា​ប្រភេទ​ក្រណាត់​ដែលមាន​គុណភាព​ល្អឥតខ្ចោះ ១០០​ភាគរយ​របស់​អង់គ្លេស ក្រោម​ការ​រចនា​របស់​ក្រុមហ៊ុន Alfred Brown ដ៏​ល្បីល្បាញ​។​



​ដោយសារ​មិនមាន​ការបញ្ជាក់​ផ្លូវការ ក្រុម​អ្នកសារព័ត៌មាន​ជំនាញ​របស់ The Telegraph បាន​បើក​ការស៊ើបអង្កេត ហើយ​តាមរយៈ​ការផ្ទៀងផ្ទាត់​សាច់​ក្រណាត់ ទើបបាន​រកឃើញថា វា​ពិតជា​ផលិតផល​ដែល​ត្រូវបាន​ផលិត​នៅ​កម្ពុជា​។ ទីបំផុត​អ្នកនាំពាក្យ​ម្នាក់​របស់​ក្រុមហ៊ុន បាន​ទទួលស្គាល់ថា ឈុត​ខោ​អាវធំ​របស់​អង់គ្លេស ពិតជា​ផលិត​នៅ​បរទេស​ប្រាកដ​មែន​។​

​នេះ​ជា​លើក​ទី​បី​ហើយ​សម្រាប់ World Cup ដែល​ក្រុមហ៊ុន​ជម្រើសជាតិ​អង់គ្លេស​ប្រើប្រាស់​ផលិត​ផ្លូវការ​របស់​ក្រុមហ៊ុន M&S​។ លោក Nigel Farage អតីត​មេបក្ស​ប្រឆាំង​ដ៏​ធំ​នៅ​អង់គ្លេស ធ្លាប់បាន​លើកឡើងថា ក្រុមហ៊ុន​អង់គ្លេស​គួរតែ​លើ​កក​ម្កើ​ង​ផលិតផល​ដែល​ធ្វើបាន​ដោយ​ជនរួមជាតិ​របស់ខ្លួន​៕



Tag:
 FIFA World Cup
  GroupG
© រក្សាសិទ្ធិដោយ thmeythmey.com