ពីនេះ ពីនោះ
ត្រី​ខ្យា​រស់នៅ​តំបន់​ទឹក​ជ្រៅ​មាន​ផ្ទាំង​ថ្ម​ធំៗ ក្នុង​ទន្លេសេកុង សេ​សាន និង​ស្រែ​ពក​
16, Jun 2018 , 8:59 pm        
រូបភាព
  ​ត្រី​ខ្យា​។ រូបភាព​៖ Thach Phanara
​ត្រី​ខ្យា​។ រូបភាព​៖ Thach Phanara
ដោយ:
​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ (Wonders of the Mekong) សូម​ណែនាំ​ត្រី​ឥត​ស្រកា​មួយ​ប្រភេទ ដែលជា​ប្រភេទ​ត្រី​ទឹកសាប មាន​រស់នៅ​ពាសពេញ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដូចជា​នៅក្នុង​អាង​ទន្លេ​ចៅ​ប្រា​យ៉ា និង​ក្នុង​អាង​ទន្លេមេគង្គ​ជាដើម​។​



​ត្រី​ខ្យា មានឈ្មោះ​វិទ្យាសាស្ត្រ (Hemibagrus wyckioides) និង​ឈ្មោះ​ជា​ភាសា​អង់គ្លេស Asian Red Tailed Catfish, Red fin bagrus មាន​ប្រវែង​ដងខ្លួន​អតិបរមា ១៣០​ស​.​ម និង​ទម្ងន់​អតិបរិមា ៨៦​គីឡូក្រាម​។

​ត្រី​ខ្យា​រស់នៅ​តាម​ទន្លេ​តាម​ដង​ទន្លេ អូរ​ធំៗ ក្នុង​តំបន់​ខ្ពង់រាប​ដែលមាន​ទឹក​ជ្រៅ និង​ផ្ទាំង​ថ្ម​ធំៗ​។ នៅក្នុង​ប្រទេស​កម្ពុជា ត្រី​ខ្យា​មាន​រស់នៅ​ច្រើន​ក្នុង​ទន្លេ (​ស​៣) គឺ​សេកុង សេ​សាន និង​ស្រែ​ពក​។ ជាក់ស្តែង​ត្រី​ប្រភេទ​នេះ មិន​ធ្វើចរាចរ​ផ្លាស់​ទី​ទេ ប៉ុន្តែ​ពួកវា​បន្ត​ពូជ​នៅនឹងកន្លែង រួច​ចូលទៅក្នុង​តំបន់​ព្រៃ​លិច​ទឹក​ក្នុងអំឡុង​ខែកក្កដា ដល់​ខែតុលា​ដើម្បី​រក​ចំណី និង​រស់នៅ​ទីនោះ​មួយរយៈ​ខ្លី​។ រដូវប្រាំង​ចូលមក​ដល់ ពួកវា​ក៏​វិល​មក​លាក់ខ្លួន​នៅតាម​អន្លង់​ក្នុង​ទន្លេ និង​អូរ​។ វា​ស៊ី​កំពឹស ត្រី​តូចៗ និង​សត្វល្អិត​ជា​អាហារ​។​

​ត្រី​ខ្យា ត្រូវបាន​គេ​កត់ត្រា​ចូលក្នុង​បញ្ជី​ក្រហម IUCN Red List (Least Concern) ក្នុង​ឆ្នាំ ២០១២ ជា​ប្រភេទ​ត្រី​ដែល​រងគ្រោះ​តិចតួច ដែល​នឹង​អាច​ឈានទៅ​ការ​ផុត​ពូជ​។

​ទោះយ៉ាងណា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ការប្រែប្រួល​អាកាសធាតុ ការនេសាទ​ហួស​កម្រិត ការប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​ដោយ​ប្រើ​ចរន្តអគ្គិសនី​ឆក់ ដែល​គេ​និយម​ហៅថា ឆក់​ក្តៅ ឆក់​ត្រជាក់ ដែលជា​ឧបករណ៍​នេសាទ​ដ៏​គ្រោះថ្នាក់​បំផុត​សម្រាប់​មច្ឆជាតិ និង​ការសាងសង់​ទំនប់​វារិ​អគ្គីសនី សុទ្ធតែជា​បញ្ហា​ប្រឈម​ដល់​កំណើត​ពួកវា​។ ទៅ​ថ្ងៃ​អនាគត ប្រភេទ​ត្រី​ចំនួន​នៅក្នុង​ប្រទេស​កម្ពុជា អាច​នឹង​ឈានទៅ​ផុត​ពូជ បើ​ពុំមាន​ការចូលរួម​ពី​មជ្ឈដ្ឋាន​ទូទៅ ដើម្បី​ថែរក្សា​ការពារ​ធនធាន​មច្ឆជាតិ​ស្រុក​យើងទាំងអស់គ្នា​ទេនោះ​។


© រក្សាសិទ្ធិដោយ thmeythmey.com