ជាតិ
សម្តេចក្រុមព្រះ និង​អ្នក​ម្នាង​រងរបួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្ត​ព្រះសីហនុ​
17, Jun 2018 , 11:28 am        
រូបភាព
ដោយ:
​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​អ្នក​ម្នាង អ៊ុក ផល្លា បាន ជួប​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​នៅ​ភូមិសាស្ត្រ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ នា​ម៉ោង​ជិត៩​ព្រឹក ថ្ងៃទី​១៧ ខែមិថុនា​។ គ្រោះថ្នាក់​នេះ​បាន​បណ្ដាល​ឲ្យ​សម្ដេចក្រុមព្រះ និង​អ្នក​ម្នាង​រងរបួស​ធ្ងន់ និង​មនុស្ស​មួយចំនួនទៀត​បាន​រង​របួស​។​



​បើតាម​មន្ទីរ​ព័ត៌មាន​ខេត្ត​ព្រះសីហនុ សម្តេចក្រុមព្រះ និង​អ្នក​ម្នាង ត្រូវបាន​ទៅ​សង្គ្រោះ​ភ្លាមៗ​នៅ​មន្ទីរពេទ្យ​។ មន្ត្រីប៉ូលិស​ម្នា​ក់នៅ​ស្នងការ​ខេត្ត​ព្រះសីហនុ បានបញ្ជាក់​ឲ្យ​ប្រាប់ ThmeyThmey ថា ស្ថានភាព​សម្តេចក្រុមព្រះ មិនមាន​លក្ខណៈ​ធ្ងន់ធ្ងរ ដូច​អ្នក​ម្នាង​ឡើយ​។​

​បើតាម​ប្រភព​នៅ​កន្លែងកើតហេតុ ក្បួន​រថយន្ត​របស់​ស​ម្តេច​ក្រុមព្រះ បាន​ប៉ះទង្គិច​ជាមួយ​រថយន្តឈ្នួល​ដឹក​អ្នកដំណើរ​មួយគ្រឿង​។ លោក ញ៉េប ប៊ុនជិន អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មិនទាន់​បញ្ជាក់​លំអិត​ពី​ហេតុការណ៍​នេះឡើយ ព្រោះ​លោក​ស្ថិតនៅក្នុង​ខេត្តបាត់ដំបង​។

អគ្គ​ស្នងការដ្ឋាននគរបាលជាតិ បានរាយការណ៍លំអិតថា ហេតុការណ៍​បាន​កើតឡើងនៅ​ម៉ោង៨ និង​៥០នាទី លើ​ផ្លូវ​ជាតិ​លេខ​៤ចន្លោះគីឡូម៉ែត្រ​២០០-២០១ ស្ថិត​នៅ​ក្នុងភូមិ​អូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុក​ព្រៃនប់ ខេត្តព្រះសីហនុ។ គ្រោះថ្នាក់បាន​បង្កឡើង​ដោយរថយន្តតាក់ស៊ី​ ដែលមានអ្នក​បើកបរឈ្មោះ វ៉ុល សារ៉េត ក្នុងទិសដៅពីខេត្តព្រះសីហនុ ទៅភ្នំពេញ។ រថយន្តតាក់ស៊ី​ដែល​ដឹកភ្ញៀវ​៤នាក់ បាន​រ៉េចង្កូតទៅខាងឆ្វេងដៃបុក​នឹង​រថយន្ត​របស់សម្តេចក្រុមព្រះ ក្នុងទិសដៅផ្ទុយគ្នា។

របាយការណ៍​បឋម​បាន​បង្ហាញថា មនុស្ស​៧នាក់​ក្នុងនោះស្រី២នាក់រងរបួស។ អ្នកម្នាង អ៊ុក ផល្លា និងសម្តេច ក្រុមព្រះស្ថិតក្នុងចំណោមអ្នក​រងរបួសទាំងនោះ ។

នេះមិនមែន​ជាលើកដំបូងឡើយ​ដែលសម្តេចក្រុមព្រះជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ត។ អ្នកម្នាងផល្លាក៏ធ្លាប់រងរបួសធ្ងន់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ចាមកាលពី​ឆ្នាំ​២០១៥កន្លងមកផងដែរ៕

អត្ថបទទាក់ទង
 

 



Tag:
 សម្តេចក្រុមព្រះ
© រក្សាសិទ្ធិដោយ thmeythmey.com