ជាតិ
ពលរដ្ឋដែលពុលនំបញ្ចុកនៅសៀមរាបបានសះស្បើយវិញហើយ
× សៀមរាប៖ ពលរដ្ឋចំនួន៨នាក់ ដែលសង្ស័យពុលនំបញ្ចុកនោះ បានជាសះស្បើយវិញហើយ បន្ទាប់ពីបញ្ជូនទៅមន្ទីរពេទ្យ។ ពលរដ្ឋទាំងនោះ បានហូបនំបញ្ចុករួមគ្នាក្នុងពិធីបុណ្យមួយក្នុងភូមិ ដែលស្ថិតនៅភូមិ បុស្សតាត្រាវ ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប។
ករណីពុលនំបញ្ចុកកើតឡើងនៅថ្ងៃទី១៨ មិថុនា ដែលបណ្តាលឱ្យពលរដ្ឋចំនួន៨នាក់ (ស្រី៦នាក់) មានអាការៈក្អួតចង្អោរ វិលមុខ និងរាគរូស។ ភ្លាមៗ ពួកគេត្រូវបានបញ្ជូនទៅកាន់មណ្ឌលសុខភាព ស្វាយចេក។ តាមរបាយការណ៍របស់ស្នងការនគរបានខេត្តសៀមរាប ហេតុការណ៍នេះបានកើតឡើងក្នុងពិធីបុណ្យភូមិមួយ ដែលពួកគេហូបជុំគ្នា។
ស្នងការនគរបាលខេត្តសៀមរាប លោក ទិត្យ ណារ៉ុង បានប្រាប់សារព័ត៌មានថ្មីៗនៅរសៀលថ្ងៃទី១៩ មិថុនាថា ពលរដ្ឋដែលពុលខាងលើបានត្រឡប់ទៅផ្ទះវិញហើយ បន្ទាប់ពីគ្រូពេទ្យជួយសង្គ្រោះទាន់ពេលវេលា។ លោកបញ្ជាក់ថា ករណីនេះមិនធ្ងន់ធ្ងរទេ ហើយលោកសុំឱ្យពលរដ្ឋទាំងអស់ មានអនាម័យខ្ពស់ក្នុងការបរិភោគអ្វីមួយ។
ទាក់ទងនឹងករណីនេះ ពុំទាន់មានការបញ្ជាក់ពីមូលហេតុដែលនាំឱ្យមានការពុលនំបញ្ចុកនេះនៅឡើយ។ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោក ក្រួស សារ៉ាត់ មិនអាចទាក់ទងបានទេនៅរសៀលថ្ងៃនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com