អន្តរជាតិ
អតីត​នាយករដ្ឋមន្ត្រី​ស៊ុយអែត​ថា ត្រាំ អាក្រក់​ជាង​ពូ​ទីន ដែល​ព្យាយាម​បង្ក​អស្ថិរភាព​នៅ​អឺរ៉ុប
20, Jun 2018 , 5:01 pm        
រូបភាព
ដោយ: ថ្មីៗ
​អតីត​នាយករដ្ឋមន្ត្រី​ស៊ុយអែត បាន​ទិតៀន​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ខ្លាំងៗ​ជុំវិញ​ការប្រើប្រាស់​ភាសា​វាយប្រហា​រ​អឺរ៉ុប​ពាក់ព័ន្ធ​នឹង​ការទទួល​ជនអន្តោប្រវេសន៍​និង​ជនភៀសខ្លួន​។ អ្នកនយោបាយ​រូបនេះ​បាន​ចាត់ទុកថា លោក ត្រាំ អាក្រក់​ជាង​មេដឹកនាំ​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន ដែល​បង្ក​អស្ថិរភាព​នៅ​តំបន់​អឺរ៉ុប​នោះ​។



​កាលពី​ថ្មីៗ​នេះ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ចេញមុខ​ទិតៀន​បណ្តា​ប្រទេស​អឺរ៉ុប និង​ចាត់ទុក​គោលនយោបាយ​អន្តោប្រវេសន៍​របស់​អឺរ៉ុប​ថា ជា​គ្រោះមហន្តរាយ​ផង​។ លោក​ក៏បាន​សរសេរ​បង្ហោះ​តាម​គណនី Twitter ខ្លួន​ថែម​ទៀតថា ជនអន្តោប្រវេសន៍​ទាំងនោះ​កំពុង​ធ្វើ​ឲ្យ​អត្រា​បទឧក្រិដ្ឋ​នៅ​អាល្លឺម៉ង់​កើនឡើង​ជានិច្ច​ទៀត​។​

«​ប្រជាជន​អាល្លឺម៉ង់​កំពុង​ងាក​មក​ប្រឆាំង​របប​ដឹកនាំ​ខ្លួន​ខណៈដែល​ជនអន្តោប្រវេសន៍​កំពុង​បង្កបញ្ហា​ដល់​រដ្ឋាភិបាលចម្រុះ​អាល្លឺម៉ង់​ពេលនេះ​។ បទឧក្រិដ្ឋ​អាល្លឺម៉ង់​កើនឡើង​ខ្ពស់​។ វា​ជា​កំហុសឆ្គង​មួយ​ដែល​ត្រូវបាន​បង្កើតឡើង​នៅ​អឺរ៉ុប​ដោយ​បើកទ្វារ​ឲ្យ​មនុស្ស​រាប់លាន​ចូល ហើយ​ពួកគេ​កំពុង​ប្តូរ​វប្បធម៌​អឺរ៉ុប​ទាំង​កំរោល​»​។ ដូ​ណា​ល់ ត្រាំ និយាយ​ដូច្នេះ​។

​យ៉ាងណាក៏ដោយ សម្តី​របស់លោក ត្រាំ ធ្វើ​ឲ្យ​អ្នកនយោបាយ​ជើងចាស់​ស៊ុយអែត​មិន​សប្បាយចិត្ត​ឡើយ​។ លោក Carl Bildt អតីត​នាយករដ្ឋមន្ត្រី​ស៊ុយអែត បាន​ចេញមុខ​ទិតៀន​លោក ត្រាំ ដោយ​លោក​ចាត់ទុក​សម្តី​ទាំងអស់នោះ​ប្រាសចាក​ពី​ការពិត​។ លោក​ពន្យល់ថា អត្រា​បទឧក្រិដ្ឋ​នៅ​អាល្លឺម៉ង់​ស្ថិតក្នុង​ស្ថានភាព​ទាប​បំផុត​មួយ​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​មកហើយ ហើយ​វា​ក៏​បន្ត​ធ្លាក់ចុះ​ថែមទៀត​។​

​លោក​អះអាង​បន្ថែមទៀតថា លោក ត្រាំ អាក្រក់​ជាង​លោក ពូ​ទីន ទៅទៀត ពេល​និយាយ​ដល់​ចេតនា​ធ្វើ​ឲ្យ​អឺរ៉ុប​ធ្លាក់​ក្នុង​បញ្ហា​អស្ថិរភាព​នោះ​។​
 កន្លងមកនេះ លោក Bildt បាន​វាយប្រហារ​គោលនយោបាយ​ការបរទេស​របស់​រដ្ឋ​បាល​អាមេរិក​ជាច្រើន​ដង​ដែរ​ជាពិសេស​ការសម្រេច​ដក​ខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អឺ​រ៉ង់  និង​ឥរិយាបថ​របស់លោក ត្រាំ ដែល​ងាក​ទៅរក​សត្រូវ ហើយ​ទាត់ចោល​ប្រទេស​សម្ព័ន្ធមិត្ត​នោះ​។​

​យ៉ាងណាក៏ដោយ លោក Bildt បាន​ទទួលស្គាល់ថា ទោះជា​បែបណាក៏ដោយ អឺរ៉ុប​មិនអាច​នៅ​ឯករាជ្យ​ដោយ​មិន​ពឹង​ផ្អែកលើ​អាមេរិក​ទាំងស្រុង​បានឡើយ​។ ប៉ុន្តែ​លោក​ចង់ឃើញ​ការបន្ត​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​បណ្តា​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ជាពិសេស​លើ​វិស័យ​ការពារជាតិ និង​សន្តិសុខ​តែម្តង​។​

​សូមបញ្ជាក់ថា​លោក Bildt ធ្លាប់​បម្រើ​ការងារ​ជា​នាយករដ្ឋមន្ត្រី​ស៊ុយអែត​ពី​ឆ្នាំ ១៩៩១ ដល់ ឆ្នាំ ១៩៩៤ ហើយ​បន្ត​កាន់តំណែង​ជា​រដ្ឋមន្ត្រីការបរទេស​ពី​ឆ្នាំ ២០០៦​ដល់​ឆ្នាំ ២០១៤ ថែម​ទៀតផង​។ លោក​ត្រូវបាន​គេ​ស្គាល់​ដោយសារ​ការប្រឹងប្រែងរ​បស់​លោក​ជា​សន្ធាន​ការី​ក្នុង​ការជួយ​បញ្ចប់​ជម្លោះ​តំបន់​បាល់​កង់ និង​ជា​ស្ថាបនិក​មួយ​នៃ​គោលនយោបាយ​ភាគ​ខាងកើត​របស់​សហភាព​អឺរ៉ុប​ផងដែរ​៕
 


Tag:
 អឺរ៉ុប​
  ស៊ុយអែត​
  ដូ​ណា​ល់ ត្រាំ​
  វ្ល៉ា​ឌី​មៀ ពូ​ទីន
© រក្សាសិទ្ធិដោយ thmeythmey.com