អន្តរជាតិ
ប្រទេស​អឺរ៉ុប​កណ្តាល​ពហិកា​ចូលរួម​កិច្ចប្រជុំ​ដោះស្រាយ​បញ្ហា​ជនអន្តោប្រវេសន៍​ចុង​សប្តាហ៍​នេះ​
22, Jun 2018 , 10:19 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
ដោយ: ថ្មីៗ
​រដ្ឋ​អឺរ៉ុប​កណ្តាល​មិន​ចូលរួម​ប្រជុំ​មួយ​ជាមួយ​ប្រទេស​មេដឹកនាំ​អឺរ៉ុប​ផ្តោតលើ​វិបត្តិ​ជនអន្តោប្រវេសន៍​នៅ​ក្រុង​ព្រុ​ច​សែ​ល​ចុង​សប្តាហ៍​នេះ​ទេ ដោយ​លើក​ហេតុផល​ថា​កិច្ចប្រជុំ​នេះ​រៀបចំ​ដោយ​គណៈកម្មការ​អឺរ៉ុប​មិនមែន​ក្រុមប្រឹក្សា​អឺរ៉ុប​ដែលជា​ស្ថាប័ន​កំពូល​មាន​សម្រេចចិត្ត​ទេ​។ ប្រទេស​ទាំងនោះ​រួមមាន​ហុង​គ្រី ប៉ូឡូញ ស្លូ​វ៉ា​គី និង​សាធារណរដ្ឋ​ឆែក​។



​មេដឹកនាំ​ប្រទេស​អឺរ៉ុប​ប្រាំបួន​រួមទាំង​អាល្លឺម៉ង់​និង​បារាំង​ផង​នោះ​នឹង​ជួបប្រជុំគ្នា​ទ្រង់ទ្រាយ​តូច​នៅ​ក្រុង​ព្រុយ​សែ​ល​នៅ​ង្ងៃ​អាទិត្យ ទី ២៤ ខែមិថុនា​នេះ​ដើម្បី​ឈានទៅ​ពិភាក្សាគ្នា​លើ​ការដោះស្រាយ​បញ្ហា​ជនអន្តោប្រវេសន៍​អឺរ៉ុប និង​កម្រិត​ការ​បម្លាស់​ទី​របស់​ប្រជាជន​សុំ​សិទ្ធិ​ជ្រកកោន​នៅ​អឺរ៉ុប​ផង​។ កិច្ចប្រជុំ​នេះ​ត្រូវ​រៀបចំឡើង​មុន​កិច្ចប្រជុំ​កំពូល​សហភាព​អឺរ៉ុប​នឹងត្រូវ​ចាប់ផ្តើម​នៅ​សប្តាហ៍​ក្រោយ​នេះដែរ​។​

​យ៉ាងណាក៏ដោយ បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AFP កិច្ចប្រជុំ​កម្រិត​តូច​ដែល​រៀប​ឡើង​ដោយ​គណៈកម្មការ​អឺរ៉ុប​នេះ​(European Commission) នឹងមិន​មានការ​ចូល​រួម​ពី​សំណាក់ មេដឹកនាំ​ប្រទេស​អឺរ៉ុប​កណ្តាល​ឡើយ​។  ប៉ូឡូញ ហុង​គ្រី ស្លូ​វ៉ា​គី និង​ឆែក នឹង​ពហិកា​កិច្ចប្រជុំ​នេះ​។​

​នាយករដ្ឋមន្ត្រី​ហុង​គ្រី​លោក Viktor Orban បានប្រកាស​រួចរាល់ ខ្លួន​នឹង​មេដឹកនាំ​ប្រទេស​ប៉ូឡូញ ស្លូ​វ៉ា​គី និង​ឆែក​នឹងមិន​ចូលរួម​កិច្ចប្រជុំ​កម្រិត​តូច​នេះ​។ លោក​បាន​អះអាងថា កិច្ចប្រជុំ​បែបនេះ​គឺ​តែ​ត្រូវ​រៀបចំឡើង​ដោយ​ក្រុមប្រឹក្សា​អឺរ៉ុប​ដែលជា​ស្ថាប័ន​កំពូល​ដែលមាន​អំណាច​សម្រេចចិត្ត មិនមែន​គណៈកម្មការ​អឺរ៉ុប​ឡើយ​។​

​ចំណែក​នាយករដ្ឋមន្ត្រី​ប៉ូឡូញ Mateusz Morawiecki វិញ​បាន​អះអាងថា កិច្ចប្រជុំ​នៅ​ថ្ងៃអាទិត្យ​នេះ​មិនមាន​អ្វី​ថ្មី​ឡើយ ហើយ​វា​ជា​រឿង​មិនអាច​ទទួលយក​បានឡើយ​ដែល​ត្រូវ​ទៅ​ចូលរួម​កិច្ចប្រជុំ​ដែល​ផ្តោតលើ​សំណើរ​ដដែលៗ​ដែល​ប្រទេស​លោក​បដិសេធ​រួចទៅហើយ​នោះ​។​

​ក្រៅពីនេះ មេដឹកនាំ​ប្រទេស​អូទ្រីស​លោក​អធិការបតី Sebastian Kurz ក៏បាន​ប្រកាស​ពី​ជំហរ​របស់ខ្លួន​ប្រឆាំង​ជនអន្តោប្រវេសន៍​ដូច​ប្រទេស​អឺរ៉ុប​កណ្តាល​បួន​ខាងលើ​ដែរ​។ លោក​បាន​សង្កត់ធ្ងន់ថា អឺរ៉ុប​ត្រូវតែ​ជា​តំបន់​ដែលមាន​សមត្ថភាព​ការពារ​ប្រទេស​សមាជិក​ជាពិសេស​ត្រូវ​ពង្រឹង​ការគ្រប់គ្រង​ព្រំដែន និង​ការពារ​ប្រជាជន​នៅក្នុង​តំបន់​។ អូទ្រីស និង​ប្រទេស​បួន​ខាងលើ​តែងមាន​ជំហរ​រ៉ឹង​ត្អឹង​ចំពោះ​បញ្ហា​ជនអន្តោប្រវេសន៍ ហើយក៏​បន្ត​បដិសេធ​រាល់​សំណើ​របស់​មេដឹកនាំ​អឺរ៉ុប​ក្នុងការ​បែងចែក​បន្ទុក​ទទួលយក​ជនភៀសខ្លួន​ក្នុងចំណោម​រដ្ឋ​សមាជិក​សហ​ភា​អឺរ៉ុប​ផងដែរ​។

​ដោយឡែក​ក្នុង​កិច្ចប្រជុំ​កំពូល​អឺរ៉ុប​ថ្ងៃ​២៨ ដល់​ថ្ងៃ ២៩ ខែមិថុនា​ខាងមុខនេះ សមាជិក​សហភាព​អឺរ៉ុប​ទាំង ២៨ នឹង​ពិភាក្សាគ្នា​ពី​បញ្ហា​ជនអន្តោប្រវេសន៍ ជា​ពិ​សេ​សំណើរ​របស់​លោកស្រី អេ​ន​ជេ​ឡា មឺ​ហ្គែ​ល ក្នុងការ​កំណត់​យក​គោលនយោបាយ​បែងចែក​បន្ទុក​ទទួលយក​ជនភៀសខ្លួន និង​អន្តោប្រវេសន៍​នេះ​ផង​។​

​លោកស្រី មឺ​ហ្គែ​ល ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាលចម្រុះ​ជាមួយ​បក្ស Christian Social Union (CSU) សង្ឃឹមថា រដ្ឋ​សមាជិក​នឹងមាន​ការប្តេជ្ញាចិត្ត​ក្នុងការ​កម្រិត​ការធ្វើដំណើរ​របស់​ប្រជាជន​ស្វែងរក​សិទ្ធិ​ជ្រកកោន​ក្នុង​តំបន់​អឺរ៉ុប​ផងដែរ​។ លោកស្រី​កំពុង​រង​សម្ពាធ​ខ្លាំង​ផង​ពី​នយោបាយ​ក្នុងស្រុក​ក្នុងការ​ជំរុញ​ឲ្យ​មានការ​ប្រឹងប្រែង​បន្ថែម​ពី​សមាជិក​អឺរ៉ុប​ក្នុងការ​ដោះស្រាយ​បញ្ហា​ជនអន្តោប្រវេសន៍​នេះ​។​

​បក្ស CSU បានបញ្ជាក់​រួចហើយ​ថា ខ្លួន​នឹង​ហាម​អាល្លឺម៉ង់​ទទួលយក​ប្រជាជន​សុំ​សិទ្ធិ​ជ្រកកោន​ដែល​ទទួលបាន​ការចុះឈ្មោះ​នៅ​រដ្ឋ​អឺរ៉ុប​ផ្សេងទៀត​ទេ បើសិនជា​កិច្ចប្រជុំ​ខាងមុខ​គ្មាន​ការឯកភាព​គ្នា​ចែករម្លែក​បន្ទុក​ដ៏​ធ្ងន់​នេះ​ទេ​។​

​យ៉ាងណាក៏ដោយ គេ​វាយតម្លៃថា ភាគរយ​តិច​ណាស់​ដែល​សមាជិក​សហភាព​អឺរ៉ុប​ទាំងនេះ​ឈានដល់​ឯកភាពគ្នា​ទទួល​សំណើរ​ដ៏​ធំ​មួយ​នេះ​។ 


Tag:
 អឺរ៉ុប​កណ្តាល​
  ជនអន្តោប្រវេសន៍​
  អាល្លឺម៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com