ជាតិ
សង្គមជាតិ
យូ​នី​សេ​ហ្វ​៖«​ឪពុក ជា​ធនធាន​អភិវឌ្ឍ​កុមារ​ដ៏​ល្អ​បំផុត ដែល​មិនទាន់​ប្រើប្រាស់​អស់​លទ្ធភាព​នៅឡើយ​»
23, Jun 2018 , 6:00 pm        
រូបភាព
​ក្នុងពេលដែល​ប្រទេស​ជាច្រើន​លើ​ពិភពលោក​កំពុង​ប្រារព្ធ​ទិវា​ឪពុក យូ​នី​សេ​ហ្វ បានដាក់​ដំណើរការ​គេហទំព័រ​ថ្មី​មួយ «​ស្ដីពី​ការចិញ្ចឹម​បីបាច់​កូន​» ដើម្បីឱ្យ​ឪពុក​អាច​រំលែក​បទពិសោធ​នៃ​បិតា​ភាព​ពួកគេ​។ គេហទំព័រ​នេះ នឹង​ប្រមូលផ្ដុំ​ការចែករំលែក​ដំបូន្មាន​ពី​ការចិញ្ចឹម​បីបាច់​កូន ឧបសគ្គ​ចម្បង​នានា តម្រូវការ និង​ភាពជោគជ័យ​ក្នុងការ​ចិញ្ចឹម​បីបាច់​ថែរក្សា​កូន របស់​ឪពុក​ជុំវិញ​ពិភពលោក​។​


​ដើម្បី​អបអរសាទរ​ទិវា​ឪពុក ដែល​ត្រូវបាន​ប្រារព្ធ​ឡើង​ក្នុងប្រទេស​ប្រហែល ៩០ នៅក្នុង​ខែមិថុនា​នេះ យូ​នី​សេ​ហ្វ បាន​ដាក់ឱ្យ​ដំណើរការ​គេហទំព័រ​ថ្មី​មួយ ស្ដីពី​ការចិញ្ចឹម​បីបាច់​កូន (parenting) ដែលជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ «​ឪពុក​ដ៏​អស្ចារ្យ (Super Dads)» ដើម្បី​ទទួលស្គាល់​តួនាទី​ឪពុក ក្នុងការ​អភិវឌ្ឍ​កូនតូច​របស់​ពួកគេ​។ 
 
​បណ្ឌិត Pia Britto ប្រធាន​ផ្នែក​អភិវឌ្ឍ​កុមារ​តូច​របស់​យូ​នី​សេ​ហ្វ មានប្រសាសន៍​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា ឪពុក គឺជា​ធនធាន​ដ៏​ល្អ​បំផុត​ដើម្បី​អភិវឌ្ឍ​កុមារ ហើយ​បើសិនជា​ចង់​ផ្ដល់ឱ្យ​កុមារ​នូវ​ការចាប់ផ្ដើម​ល្អ​បំផុត​ក្នុង​ជីវិត គេ​ត្រូវ​ទទួលស្គាល់ និង​ប្រើប្រាស់​តួនាទី (​ឪពុក​) នេះ​ឱ្យអស់​លទ្ធភាព​។  
 
​តាម​យូ​នី​សេ​ហ្វ គេហទំព័រ​ស្ដីពី​ការចិញ្ចឹម​បីបាច់​កូន​នេះ នឹង​ប្រមូលផ្ដុំ​ឪពុក​ជុំវិញ​ពិភពលោក មក​ចែករំលែក​ដំបូន្មាន​ពី​ការចិញ្ចឹម​បីបាច់​កូន ឧបសគ្គ​ចម្បង​នានា តម្រូវការ និង​ភាពជោគជ័យ​របស់​ពួកគេ​។  គេហទំព័រ​នេះ ក៏​នឹងមាន «​ថ្នាក់​ជំនាញ​ខ្នាតតូច​អំពី​ការចិញ្ចឹម​បីបាច់​កូន​»​ជា​លើកដំបូង​ផងដែរ​។ 
យុទ្ធនាការ «​ឪពុក​ដ៏​អស្ចារ្យ​» មាន​គោលបំណង រំឭក​ប្រាប់​ឪពុកម្ដាយ​នៅ​គ្រប់​ទីកន្លែង​ថា នៅពេល​ឪពុក​ថែរក្សា​កូនតូច​របស់​ពួកគេ​អំឡុង​ឆ្នាំ​ដំបូងបង្អស់​នៃ​ជីវិត តាមរយៈ​ការផ្ដល់​សេចក្ដីស្រឡាញ់ និង​ការការពារ ការលេង​ជាមួយ​ពួកគេ និង​ការមើល​ខុសត្រូវ​លើ​អាហារូបត្ថម្ភ​របស់​ពួកគេ នោះ​កូនៗ​របស់​ពួកគេ នឹង​រៀនសូត្រ​បាន​ប្រសើរ មិនសូវមាន​បញ្ហា​ផ្នែក​ឥរិយាបថ និង​ក្លាយជា​មនុស្ស​ប្រកបដោយ​សុខភាព​មាំមួន និង​សប្បាយរីករាយ​។​

 បើទោះជា ឪពុក​មាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍន៍​កុមារ យ៉ាងណាក៏ដោយ ប៉ុន្តែ​បណ្ឌិត Britto ក៏​សង្កេតឃើញ​ដែរ​ថា នៅ​មិនទាន់មាន​ការវិនិយោគ​គ្រប់គ្រាន់ ទៅលើ​ការគាំទ្រ ដែល​ឪពុក​ត្រូវការ​ជាបន្ទាន់ ដើម្បី​អនុវត្ត និង​ក្លាយជា​ឪពុក​ល្អ​បំផុត តាម​លទ្ធភាព​ដែល​ពួកគេ​អាចធ្វើ​បាន​នៅឡើយ​។ ដូច្នេះហើយ​ក្នុង​ទិវា​នេះ យូ​នី​សេ​ហ្វ បាន​អំពាវនាវ​សារជាថ្មី ដើម្បី​លុបបំបាត់​ឧបសគ្គ​ផ្នែក​វប្បធម៌ និង​ហិរញ្ញវត្ថុ ដែល​រារាំង​ឪពុក ពី​ការចំណាយ​ពេលវេលា​ដ៏​មានតម្លៃ​ជាមួយនឹង​កូនតូចៗ​របស់​ពួកគេ​។ បណ្ឌិត Britto បន្ថែមថា​៖«​ពុំមាន​ពេលណា ដែល​សំខាន់​សម្រាប់​ការអភិវឌ្ឍ​ខួរក្បាល ស្មើ​រយៈពេល​១០០០​ថ្ងៃ​ដំបូង នៃ​ជីវិត​កុមារ​ឡើយ​»៕
 
(​ឧបត្ថម្ភ​ដោយ ៖ បេ​ប៊ី អោត​ឡេ​ត ជា​ហាង​លក់​សម្ភារ​ទារក កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ​ធំជាងគេ​បង្អស់​នៅ​កម្ពុជា​) 
 

Tag:
 អប់រំ​
 ​ឪពុក​
 ​កុមារ​
© រក្សាសិទ្ធិដោយ thmeythmey.com