ជាតិ
សេដ្ឋកិច្ច
ទៅលេង​អឺរ៉ុប នៅ​កោះ​ពេជ្រ​! ពិព័រណ៍​អឺរ៉ុប​លើកដំបូង​នៅ​កម្ពុជា នា​ចុងខែ​មិថុនា​នេះ​
23, Jun 2018 , 10:00 pm        
រូបភាព
ភ្នំពេញ​៖ ពិព័រណ៍​អឺរ៉ុប (EuroFair) នឹងត្រូវ​រៀបចំ​ឡើងជា​លើកដំបូង​នៅ​កម្ពុជា ដើម្បី​ជំរុញ​សន្ទុះ​ប្រើប្រាស់​ផលិតផល​អឺរ៉ុប​នៅ​ក​ម្ព​ជា​។ កម្មវិធី​ដែល ត្រូវបាន​រៀបចំ​ដោយ​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា (EuroCham Cambodia) នេះ នឹង​បើក​ឲ្យ​ចូល​ទស្សនា​ដោយ​សេរី ចាប់ពី​ថ្ងៃទី​២៩​ខែមិថុនា ដល់​ថ្ងៃទី​១​ខែកក្កដា​ឆ្នាំនេះ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ​អគារ K និង L។


 
​ដើម្បី​ជំរុញ​សកម្មភាព​ពាណិជ្ជកម្មរ​វាង​កម្ពុជា និង​សហគមន៍​អឺរ៉ុប ការតាំង​ផលិតផល​អឺរ៉ុប​ម៉ាក​ល្បីៗ ត្រូវ​រៀបចំឡើង​។ ប្រធាន EuroCham Cambodia លោក Arnaud DARC បាន​ថ្លែង​ដូច្នេះ​ថា​៖«​ជា​ឱកាស​ដ៏​អស្ចារ្យ​តែម្ដង​សម្រាប់​ពលរដ្ឋ​កម្ពុជា ក៏ដូចជា​សហគមន៍​ធុរកិច្ច​ក្នុង​តំបន់​ទាំងមូល ដើម្បី​ពិនិត្យ​គុណភាព​ទំនិញ និង​សេវាកម្ម​របស់​ក្រុមហ៊ុន​អឺរ៉ុប ដែល​នឹងមាន​វត្តមាន​ក្នុង​កម្មវិធី​នេះ​។ លោក​បន្តទៀតថា​៖«​ដោយសារតែ​សេដ្ឋកិច្ចកម្ពុជា​នៅតែ​បន្ត​កើនឡើង យើង​ជឿជាក់ថា​ផលិតផល​អឺរ៉ុប​នឹង​ដណ្ដើមបាន​ទីតាំង​នៅលើ​ទីផ្សារ​កម្ពុជា​»​។​


 
​ក្រុមហ៊ុន​ប្រមាណ ៤០ មកពី​អឺរ៉ុប​នឹងដាក់​បង្ហាញ​ផលិតផល​របស់ខ្លួន ដែលមាន​ដូចជា គ្រឿង​សង្ហា​រឹម  ទំនិញប្រើប្រាស់ គ្រឿង​ម៉ាស៊ីន បរិក្ខារ​ពេ​ទ្រ ឱសថ សេវាកម្ម​ហិរញ្ញវត្ថុ ចំណីអាហារ និង​ភេសជ្ជ ជាដើម​។ ការលក់​បញ្ចុះតម្លៃ និង​សកម្មភាព​កម្សាន្ត​ជាច្រើន នឹង​ផ្ដល់ជូន​សម្រាប់​អ្នក​ចូល​ទស្សនា​។ មនុស្ស​ជាង​មួយ​ម៉ឺន​នាក់ ត្រូវបាន​រំពឹងថា​នឹងចូលរួម​ក្នុង​កម្មវិធី​នេះ​។​
 
​កម្មវិធី​លើកដំបូង​របស់​សហភាព​អឺរ៉ុប​នៅ​កម្ពុ​ជាមួយនេះ នឹងត្រូវ​ធ្វើឡើង​មិន​ត្រឹមតែ​ឆ្លើយតប​នឹង​តម្រូវការ​របស់​អ្នកជំនួញ​នោះទេ តែ​អ្នករៀបចំ​បាន​អះអាងថា​កម្មវិធី​នេះ​នឹង​ទាញ​ការចាប់អារម្មណ៍​បែប​លក្ខណៈ​គ្រួសារ​ផងដែរ​។ 


 
​ថ្លែង​ក្នុង​សន្និសីទកាសែត​ស្ដីពី​ពិព័រណ៍​អឺរ៉ុប នៅ​ថ្ងៃទី​២២​ខែមិថុនា លោក Arnaud DARC អះអាងថា កម្ពុជា​ត្រូវបាន​ជ្រើសរើស​ជា​ប្រទេស​ដំបូង​គេ​ក្នុង​តំបន់​អាស៊ាន ដើម្បី​រៀបចំ​ពិព័រណ៍​អឺរ៉ុប​នេះ​ឡើង​។ លោក​បន្ថែមថា បន្ទាប់ពី​កម្មវិធី​ដំបូង​ធ្វើឡើង​នៅ​ឆ្នាំ​២០១៨​នេះ EuroFair នឹងត្រូវ​ធ្វើឡើង​ក្នុង​រយៈពេល​២​ឆ្នាំ​ទៀត ពោលគឺ EuroFair ត្រូវ​រៀបចំ​នៅ​កម្ពុជា​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ម្ដង ។​
 
​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​របស់​កម្ពុជា នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​សម្ពោធ​បើក EuroFair នេះ​។ ហើយ​កម្មវិធី ដែល​ត្រូវ​បានរៀបចំ​ដោយ  EuroCham Cambodia នេះ ត្រូវបាន​ឧបត្ថម​ដោយ​ក្រុមហ៊ុន Cambodia Airports និង​គាំទ្រ​ដោយ​គណៈប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា  ព្រមទាំង​មានការ​ចូលរួម​ពី​សហ​ភា​ពាណិជ្ជកម្ម​របស់​ប្រទេសមួយ​ចំនួន​នៃ​សហគមន៍​អឺរ៉ុប​៕ 




 

Tag:
 EuroFair
© រក្សាសិទ្ធិដោយ thmeythmey.com