កីឡាជាតិ
ជាតិ
ហេតុផល​៣​យ៉ាង​ជំរុញ​ឲ្យ ចាន់ វឌ្ឍនាកា សម្រេច​ត្រឡប់មក​រួមរស់​ជាមួយ​បឹងកេត​សាជាថ្មី​
24, Jun 2018 , 9:31 am        
រូបភាព
ដោយ:
​ខ្សែប្រយុទ្ធ​ឆ្នើម​កម្ពុជា ចាន់ វឌ្ឍនាកា បានសម្រេច​ត្រឡប់មក​រួមរស់​ជាមួយ​ក្លិប​បឹងកេត​សាជាថ្មី នៅ​ពាក់កណ្តាល​រដូវ​ឆ្នាំ​២០១៨ ក្រោយ​ប្រកប​អាជីព​នៅក្រៅ​ប្រទេស​ជាង​មួយ​រដូវ​កាល​កន្លងមកនេះ​។ ខ្សែប្រយុទ្ធ​រូបនេះ​បាន​បញ្ជាក់ថា មាន​ហេតុផល​សំខាន់​៣​យ៉ាង ដែល​ជំរុញ​ឲ្យ​រូបគេ​សម្រេច​រួមរស់​ជាមួយ​បឹងកេត ហើយ​បដិសេធ​ជាមួយ​ក្លិប​នៅក្រៅ​ប្រទេស​។ ចំណែក​អ្នកស្រី ពុធ ធីតា ប្រធាន​ក្លិប​បឹងកេត​បាន​និយាយថា ការសម្រេច​របស់ វឌ្ឍនាកា ដោយសារ​បេះដូង​របស់​គេ​នៅ​ជាមួយ​បឹងកេត​។​

 
​ទីបំផុត​ពាក្យ​ចចាមអារ៉ាម​និង​ចម្ងល់​របស់​មហាជន​ពី​អនាគត​ក្លិប​របស់​ខ្សែប្រយុទ្ធ​ឆ្នើម ចាន់ វឌ្ឍនាកា ត្រូវបាន​លាតត្រដាង​បន្ទាប់ពី​ក្លិប​បាល់ទាត់​បឹងកេត​រៀបចំ​សន្និសីទ​សារព័ត៌មាន​បង្ហាញមុខ​កីឡាករ ចាន់ វឌ្ឍនាកា ជា​ផ្លូវការ​នៅ​ថ្ងៃទី​២៣ មិថុនា ឆ្នាំ​២០១៨​នេះ​។ ការសម្រេច​ចុះកិច្ចសន្យា​លេង​ឲ្យ​ក្លិប​បឹងកេត​នៅ​ជើង​ទី​២​របស់ វឌ្ឍនាកា ដោយសារ​រូបគេ​ឃើញ​ចំណុច​សក្តានុពល​មួយចំនួន​របស់​ក្លិប​បឹងកេត និង​ការរីកចម្រើន​នៃ​វិស័យ​កីឡាបាល់ទាត់​នាពេល​បច្ចុប្បន្ន​។   
 

 
«​សម្រាប់​ខ្ញុំ​មា​នក​ត្ត​៣​ចំណុច គឺ​ទី​១​សក្តានុពល​របស់​លី​គ​បាល់ទាត់​កម្ពុ​ជាមាន​ក្រុម​ដែល​អាច​ប្រកួតប្រជែង​គ្នា​បាន​ច្រើន​, ទី​២​ថ្នាក់ដឹកនាំ​មាន​ឆន្ទៈ​ខ្ពស់​ក្នុងការ​ដឹកនាំ​ក្លិប​បាល់ទាត់​នៅ​កម្ពុជា និង​ទី​៣​ក្លិប​ទាំងមូល​មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការចង់​ឈ្នះ​ពាន​លី​គ​កំពូល​៣​រដូវ​កាល​ជាប់​គ្នា​»​។ នេះ​ជាការ​បង្ហាញ​ហេតុផល​របស់​កីឡាករ ចាន់ វឌ្ឍនាកា ដែល​សម្រេច​មក​រួមរ​ស់​ជាមួយ​បឹងកេត ក្រោយ​បដិសេធ​ទៅលេង​ជាមួយ​ក្លិប​នៅក្រៅ​ប្រទេស​។​
 
​ឆ្លើយ​នឹង​សំនួរ​របស់​អ្នកសារព័ត៌មាន​ដែល​សួរថា តើ​បឹងកេត​មាន​យុទ្ធសាស្ត្រ​ពិសេស​បែបណា​ក្នុងការ​ទាក់ទាញ វឌ្ឍនាកា ឲ្យ​មក​ចូលរួម​ជាមួយ​បឹងកេត​? អ្នកស្រី ពុធ ធីតា ប្រធាន​ក្លិប​ថ្មី​របស់​បឹងកេត​បាន​បញ្ជាក់ថា​៖«​និយាយ​រួម​ទៅដោយ​សារ វឌ្ឍនាកា មាន​បេះដូង​នៅ​ជាមួយ​ក្លិប​បឹងកេត​ស្រាប់ ជាហេតុ​ធ្វើ​ឲ្យ​យើង​ងាយស្រួល​និយាយ​តាម​នឹង​ដែរ ព្រោះ​គាត់​ចង់​លេង​ឲ្យ​បឹងកេត បើ​គាត់​មិន​ចង់​ក៏​ពិបាក​ដែរ​»​។ នេះ​ជាការ​លើកឡើង​របស់​អ្នកស្រី ពុធ ធីតា​។​
 


​ពាក់ព័ន្ធ​ជាមួយ​កិច្ចសន្យា លោក បែ មករា អ្នកចាត់ការ​ទូទៅ​ក្លិប​បឹងកេត​បាន​បញ្ជាក់ថា ការចូលរួម​សាជាថ្មី​របស់​កីឡាករ ចាន់ វឌ្ឍនាកា ជាមួយ​បឹងកេត​លើក​នេះ គ្មាន​ការចុះកិច្ចសន្យា​ថ្មី​នោះទេ​ដោយសារ​រូបគេ​ជា​កីឡាករ​របស់​ក្លិប​នេះ​ស្រាប់​។ ហើយ​ការចូលរួម​របស់គេ គឺ​ផ្តោត​តែ​ក្នុង​ជើង​ទី​២​នៃ​រដូវ​កាល​ឆ្នាំ​២០១៨ តែប៉ុណ្ណោះ​។​
 
«​តាមពិតទៅ វឌ្ឍនាកា ជា​កីឡាករ​របស់​បឹងកេត​។ ពីមុន​យើង​ឲ្យ​គាត់​ជា​អ្នកសម្រេចចិត្ត​ក្នុង​ជ្រើសរើស​ក្លិប ដោយសារ​យើង​ចង់​ឲ្យ​គាត់​វិ​វត្ត​ខ្លួន​ឲ្យ​កាន់តែ​ប្រសើរ​។ បច្ចុប្បន្ន​គាត់​លេង​ឲ្យ​បឹងកេត ហើយ​បើ​រដូវ​កាល​ក្រោយ​គាត់​ចង់​នៅ​បន្ត​ជាមួយ​បឹងកេត​គាត់​អាច​នៅបាន តែបើ​សិន​គាត់​ចង់​សាកល្បង​នៅក្រៅ​ប្រទេស​ម្តងទៀត យើង​នឹង​តាម​គំនិត​របស់គាត់​»​។ ជាការ​លើកឡើង​របស់​លោក បែ មករា ដែល​បាន​បន្ថែមថា វត្តមាន​របស់ វឌ្ឍនាកា ធ្វើ​ឲ្យ​បឹងកេត​មាន​ជម្រើស​កាន់តែច្រើន​ក្នុងការ​ប្រយុទ្ធ ពិសេស​ធ្វើ​ឲ្យ​តំបន់​ប្រយុទ្ធ​របស់​បឹងកេត​កាន់តែ​មុត​ស្រួច​។ 
 
​តាមរយៈ​បទពិសោធ​លេង​ឲ្យ​ក្លិប​បរទេស​ជាង​១​រដូវ​កាល​កន្លងមកនេះ ធ្វើ​ឲ្យ​ខ្សែប្រយុទ្ធ​ជំនាញ​ឆ្វេង​ខាងលើ​មាន​ទំនុកចិត្ត​ថា រូបគេ​នឹង​អាចជួយ​បឹងកេត​ទទួលបាន​លទ្ធផល​ល្អប្រសើរ​នៅ​រដូវ​កាល​ឆ្នាំ​២០១៨​។ ក្រោយ​ផ្ទេរ​ពី​ក្លិប​ក្របខណ្ឌ​ទី​៣​ជប៉ុន Fujeida My FC កាលពីដើម​រដូវ​កាល​ឆ្នាំ​២០១៨ កីឡាករ ចាន់ វឌ្ឍនាកា បាន​ចុះកិច្ចសន្យា​រយៈពេល​១​ឆ្នាំ​លេង​ក្លិប​ក្របខណ្ឌ​កំពូល​ម៉ាឡេស៊ី Pahang FA​។ តែ​រូបគេ​ត្រូវបាន​ចែកផ្លូវ​ជាមួយ​ក្លិប​នេះ​ក្រោយ​បង្ហាញខ្លួន​បាន​ពាក់កណ្តាល​រដូវ​កាល​។ 
 
​ក្រោយ​ចាក​ចេញពី​ក្លិប Pahang FA មាន​ពាក្យ​ចចាមអារ៉ាម​ថា រូបគេ​ត្រូវបាន​ក្លិប​លី​គ​កំពូល​សិង្ហ​បុរី Home United និង​ក្លិប​ថៃ Chiangrai United ចរចា​រូបគេ​ឲ្យ​ទៅលេង​នៅ​ជើង​ទី​២​នេះ​។ ប៉ុន្តែ វឌ្ឍនាកា បាន​ចេញមុខ​ច្រានចោល​ចំពោះ​ព័ត៌មាន​នេះ​៕  

Tag:
 បាល់ទាត់​
  ចាន់ វឌ្ឍនាកា​
  បឹងកេត​
  បែ មករា
© រក្សាសិទ្ធិដោយ thmeythmey.com