កីឡាជាតិ
ជាតិ
អ្នកចាំទី ស៊ូ យ៉ា​ទី បន្ត​អវត្តមាន ខណៈ​គ្រូបង្វឹក​ណាហ្គា​វើ​ល​មើលឃើញ​ពី​ចំណុចខ្សោយ​បឹងកេត​
24, Jun 2018 , 1:57 pm        
រូបភាព
ដោយ:
​អ្នកចាំទី ស៊ូ យ៉ា​ទី ដែល​រងរបួស​ភ្លាត់​សរសៃពួរ​សាច់ដុំ​ភ្លៅ បន្ត​អវត្តមាន​ជាមួយ​បឹងកេត នា​ជំនួប​តទល់​ជាមួយ​ណាហ្គា​វើ​ល ដើម្បី​ប្រជែង​ដណ្តើម​កំពូល​តារាង​នៅ​ម៉ោង​៦:៣០​នាទី​ល្ងាច​នេះ នា​ពហុ​កីឡដ្ឋាន​ជាតិ​។ គ្រូបង្វឹក​ណាហ្គា​វើ​ល មិន​ត្រឹមតែ​មិន​បង្ហាញ​ក្តីកង្វល់​សម្រាប់​ការវិល​មកជួប​បឹងកេត ថែមទាំង​អះអាងថា បាន​មើលឃើញ​ពី​ចំណុចខ្សោយ​របស់​ក្រុម​នេះ​ទៀតផង​។

 
​លោក ហៅ សុជាតិ គ្រូបង្វឹក​ក្រុម​បឹងកេត​បាន​អះអាងថា អ្នកចាំទី ស៊ូ យ៉ា​ទី មិន​អាចជួយ​ក្រុម​បឹងកេត​ក្នុងជំនួប​ដ៏​សំខាន់​នៅ​ល្ងាច​នេះ​បានទេ ដោយសារ​របួស​ភ្លាត់​សរសៃពួរ​សាច់ដុំ​ភ្លៅ​មិនទាន់​ធូរស្បើយ​១០០​ភាគរយ​។ អ្នកចាំទី​ដៃ​ទី​១ ស៊ូ យ៉ា​ទី បាន​រងរបួស​ភ្លាត់​សរសៃពួរ​សាច់ដុំ​ភ្លៅ​ខាងក្រោយ និង​ដាច់​សរសៃ​តូចៗ​កំ​ភ្លួ​ន​ជើងពេល​ព្យាយាម​ទាត់​បាល់​ចេញពី​មុខ​ទី​ឡើង​ទៅលើ នា​ជំនួប​បឹងកេត​យកឈ្នះ​ព្រះខ័ន​រាជ​ស្វាយរៀង ៣-១ កាលពី​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៨​។  
 
​ក្រុម​បឹងកេត​ត្រូវ​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ​ស្វាគមន៍​ក្រុម​ណាហ្គា​វើ​ល នា​ការប្រកួត​បញ្ចប់​ជើង​ទី​១​នៃ​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គន​នៅ​ម៉ោង​៦:៣០​នាទី​ល្ងាច​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៨​នេះ​។ ការ​ប៉ះគ្នា​រវាង​ក្រុម​ទាំងពីរ​ល្ងាច​នេះ នឹង​ក្លាយជា​ជំនួប​មួយ​ដ៏​តានតឹង​និង​ទាក់ទាញ​បំផុត​សម្រាប់​ទស្សនិកជន ព្រោះ​ជា​ប្រកួត​ដើម្បី​ប្រជែង​ដណ្តើម​ឈរ​កំពូល​តារាង​។ បច្ចុប្បន្ន​ណាហ្គា​វើ​ល​ឈរ​កំពូល​តារាង​មាន​មាន​២៥​ពិន្ទុ ខណៈ​បឹងកេត​ឈរ​លេខ​រៀង​ទី​២​មាន​២៤​ពិន្ទុ​។ 
 
​បើ​មើ​លពី​ប្រវត្តិ​ជួប​ក្រុម​ខ្លាំងៗ​របស់​ក្រុម​ទាំងពីរ បឹងកេត​បាន​យកឈ្នះ​ព្រះខ័ន​រាជ​ស្វាយរៀង ៣-១ យកឈ្នះ​ភ្នំពេញ​ក្រោ​ន ៣-២ និង​ស្មើ ១-១ ជាមួយ​វិសាខា​។ ចំណែក​ណាហ្គា​វើ​ល​បញ្ចប់​ដោយ​គ្មាន​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ជាមួយ​ព្រះខ័ន​រាជ​ស្វាយរៀង ឈ្នះ​ភ្នំពេញ​ក្រោ​ន ១-០ តែ​ចាញ់​វិសាខា ៣-០​។   
 
​យ៉ាងណាមិញ លោក មាស ចាន់ណា គ្រូបង្វឹក​ណាហ្គា​វើ​ល​បាន​និយាយថា លោក​មិនមាន​ការព្រួយបារម្ភ​នោះទេ​សម្រាប់​ជួប​ជាមួយ​បឹងកេត​នៅ​ល្ងាច​នេះ ដោយសារ​កូនក្រុម​មានការ​យល់ចិត្ត​គ្នា និង​យល់​ពី​បំណង​របស់លោក​។ អ្វីដែល​សំខាន់​គ្រូបង្វឹក​រូបនេះ​អះអាងថា លោក​បាន​មើលឃើញ​ពី​ចំណុចខ្សោយ​របស់​ក្រុម​បឹងកេត​។ 
    
«​ការជួប​ជាមួយ​បឹងកេត យើង​មិន​បារម្ភ​អី​ប៉ុន្មាន​ទេ ដោយសារ​កីឡាករ​ខ្ញុំ​យល់ដឹង​ពី​ទម្រង់​លេង និង​មានការ​យល់ចិត្ត​គ្នា​ក្នុង​ការលេង ពិសេស​ពួកគាត់​យល់​ពី​ទម្រង់​លេង​របស់ខ្ញុំ​។ យើង​ក៏​ឃើញ​ពី​ចំណុច​លេង​របស់​បឹងកេត​ដែរ ប៉ុន្តែ​យើង​មិនទាន់​អាច​ប្រាប់ថា យើង​ត្រូវ​លេង​ជាមួយ​គេ​យ៉ាងម៉េច​នោះទេ ព្រោះ​បញ្ហា​នេះ​វា​ទាក់ទង​នឹង​យុទ្ធសាស្ត្រ​ក្រុម​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក មាស ចាន់ណា ដែល​បាន​បន្ថែមថា ទោះ​មិន​សង្ឃឹម​ឈ្នះ​១០០​ភាគរយ ក៏​សង្ឃឹម​បាន​ត្រឹម​ស្មើ​ដែរ​។ 
 
​មុន​ជំនួប​ដ៏​ជក់ចិត្ត​ខាងលើនេះ​មកដល់ ក៏មាន​ការប្រកួត​ចំនួន​ពីរ​ទៀត​ផងដែរ ក្នុងនោះ​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ​តទល់​ជាមួយ​ក្រសួងការពារជាតិ​នា​វេលា​ម៉ោង​៣:៣០​នាទី​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ នេះ​ក៏​ជា​ជំនួប​ជក់ចិត្ត​ផងដែរ ព្រោះ​ក្រុម​ទាំងពីរ​ត្រូវការ​ឈ្នះ​ដូចគ្នា ដើម្បី​ប្រជែង​ដណ្តើម​ឈរ​តំបន់ Top 4​។ បច្ចុប្បន្ន​ក្រសួងការពារជាតិ​ឈរ​លេខ​រៀង​ទី​៤​មាន​១៨​ពិន្ទុ រីឯ​អគ្គស្នងការ​នគរបាល​ជាតិ​ឈរ​លេខ​រៀង​ទី​៦​មាន​១៧​ពិន្ទុ​។ 
 
​ចំណែក​ក្រុម​កំពុង​ឈរ​តំបន់​ក្រហម​អគ្គិសនី​កម្ពុជា​បើកទ្វារ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា​ទទួល​ស្វាគមន៍​ភ្ញៀវ​អាស៊ី​អឺរ៉ុប​ដែល​កំពុង​ឈរ​លេខ​រៀង​ទី​៧ នា​វេលា​ម៉ោង​៣​រសៀល​៕ 

Tag:
 ស៊ូ យ៉ា​ទី​
  បឹងកេត​
  ណាហ្គា​វើ​ល​
  Cambodian League 2018
© រក្សាសិទ្ធិដោយ thmeythmey.com