អង់គ្លេស និង​បែលហ្ស៊ិក ឡើងទៅ​វគ្គ​បន្ត បន្ទាប់ពី​អង់គ្លេស​ស៊ី​ប៉ា​ណា​ម៉ា ៦-១

FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
អង់គ្លេស និង​បែលហ្ស៊ិក ឡើងទៅ​វគ្គ​បន្ត បន្ទាប់ពី​អង់គ្លេស​ស៊ី​ប៉ា​ណា​ម៉ា ៦-១
24, Jun 2018 , 8:53 pm         1215
រូបភាព
ដោយ: ថ្មីៗ
អង់គ្លេស បានទទួល​ជ័យជម្នះ​រហូតដល់​ទៅ ៦-១ លើ​ប៉ា​ណា​ម៉ា សម្រាប់​ជំនួប​នៅក្នុង​ពូ​ល G នៃ​ពានរង្វាន់ FIFA World Cup 2018 ។ លទ្ធផល​នេះ មានន័យថា អង់គ្លេស និង​បែលហ្ស៊ិក ត្រូវ​ឡើងទៅ​កាន់​វគ្គ​បន្ត ដោយ​ពួកគេ​បានទទួល​ជ័យជម្នះ​ពីរលើក​ជាប់ៗ​គ្នា​នៅក្នុង​ពូ​ល ដោយ​កាលពី​ម្សិលមិញ បែលហ្ស៊ិក​ឈ្នះ​ទុយ​នី​ស៊ី ៥-២  ។​



​អង់គ្លេស​ដែល​បាន​បើកឆាក​ឈ្នះ​ទុយ​នី​ស៊ី ២-១ បាន​បើក​ការវាយលុក​នា​ជំនួប​បន្ទាប់​ជាមួយ ប៉ា​ណា​ម៉ា នៅ​កីឡដ្ឋាន Nizhny Novgorod ។ តោ​កំណាច​អង់គ្លេស បាន​ស៊ុត​បាល់​បញ្ចូល​ទី​រហូតដល់​ទៅ​៥​គ្រាប់​នៅក្នុង​តង់​ទីមួយ ដោយ John Stone រកបាន​២​គ្រាប់ Harry Kane រកបាន​២​គ្រាប់ និង Jesse Lingard ជួយ​បាន​១​គ្រាប់​។​

​ឈានដល់​តង់​ទី​ពីរ ប្រធាន​ក្រុម Harry Kane សម្រេច​គ្រាប់ Hat-trick របស់ខ្លួន​នៅ​នាទី​៦២ មុននឹង​ត្រូវបាន​ប្តូរ​ចេញ​។ សរុប​ការប្រកួត​ពីរលើក​ដំបូង Kane រកបាន​សរុប​៥​គ្រាប់​។ ទោះបីជា​យ៉ាងណាក៏ដោយ Felipe Baloy សម្រេចបាន​កំណត់ត្រា​ប្រវត្តិសាស្ត្រ​សម្រាប់​ប៉ា​ណា​ម៉ា តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​គ្រាប់​ដំបូង​នៅ World Cup នា​វត្តមាន​លើកដំបូង​បំផុត​សម្រាប់​ប្រជាជាតិ​មួយ​នេះ​។​

​នៅ​ថ្ងៃទី​២៨ ខែមិថុនា អង់គ្លេស​ត្រូវ​ជួប​ជាមួយ​បែលហ្ស៊ិក​ដើម្បី​ប្រជែង​យក​លេខ​១​ក្នុង​ពូ​ល ខណៈ​ប៉ា​ណា​ម៉ា និង​ទុយ​នី​ស៊ី ត្រូវ​ប្រកួត​បង្គ្រប់ មុននឹង​ធ្វើដំណើរ​ទៅផ្ទះ​រៀងៗ​ខ្លួន​។​

​អង់គ្លេស និង​បែលហ្ស៊ិក បាន​កៅអី​ដោយ​ស្វ័យប្រវត្តិ​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ ជាមួយ​ម្ចាស់ផ្ទះ​រុស្ស៊ី អ៊ុយ​រូ​ហ្គា​យ បារាំង និង​ក្រូ​អាស៊ី រីឯ​ប៉ា​ណា​ម៉ា និង​ទុយ​នី​ស៊ី ធ្លាក់​ចេញពី​ព្រឹត្តិការណ៍​ដូច អេ​ហ្ស៊ី​ប អា​រ៉ា​ប៊ី​សា​អូឌីត ម៉ា​រ៉ុ​ក ប៉េ​រូ និង​កូ​ស្តា​រី​កា ៕


Tag:
 FIFA World Cup
  GroupG
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev12345...1819next