ជាតិ
បោះឆ្នោត
អង្គការ​សំខាន់ៗ បោះបង់​ការសង្កេត​ការណ៍ ក្នុង​អាណត្តិ​នេះ
26, Jun 2018 , 2:18 pm        
រូបភាព
ដោយ: ថ្មីៗ
​យ៉ាងហោចណាស់ មាន​អង្គ​ការជំនាញ​ចំនួន​៣​ហើយ ដែល​បានប្រកាស​មិន​ចូលរួម​សង្កេត​ការបោះឆ្នោត ក្នុង​អាណត្តិ​ទី​៦​នេះ​។ អង្គការ​ទាំងនោះ គឺ​គណៈកម្មាធិការ​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា (​ខុម​ហ្វ្រេ​ល​) គណៈកម្មាធិការ​អ​ព្យា​ក្រឹត្យ និង​យុត្តិធម៌ ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា (​និ​ច​ហ្វិ​ច​)  និង​អង្គការ​តម្លាភាព​កម្ពុជា (TI)​។​



​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន អង្គការ​តម្លាភាព​កម្ពុ​ជា បាន​លើក​ហេតុផល​ថា ការមិន​ចូលរួម​សង្កេត​ការបោះឆ្នោត​ក្នុង​អាណត្តិ​នេះ ដោយសារតែ​ខ្លួន​មាន​បញ្ហា​ផ្នែក​ធនធានមនុស្ស​។ អង្គការ ដែល​យកចិត្តទុកដាក់​ខាង​អំពើពុករលួយ​មួយ​នេះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​បរិយាកាស និង​លក្ខខណ្ឌ​នយោបាយ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មុន​ការបោះឆ្នោត នៅ​ថ្ងៃទី​២៩ ខែកក្កដា បានធ្វើ​ឲ្យ​អង្គការ​តម្លាភាព​កម្ពុជា ពុំ​អាច​ប្រមូល​ធនធាន​គ្រប់គ្រាន់ ដើម្បី​សង្កេត​ការបោះឆ្នោត និង​រួមចំណែក​ក្នុង​ដំណើរការ​បោះឆ្នោត​ខាងមុខនេះ​»​។

​ចំណែក ខុម​ហ្វ្រេ​ល និង និ​ច​ហ្វិ​ច ហាក់​មិនទាន់​ប្រាប់​ហេតុផល​ច្បាស់លាស់​នោះទេ ចំពោះ​ការសម្រេចចិត្ត​របស់ខ្លួន ក្នុងការ​បោះបង់​ចោលកា​រ​សង្កេត​ការ​នេះ​។ ប៉ុន្តែ​កន្លងមក លោក សម គ​ន្ធា​មី នាយក​ប្រតិបត្តិ​របស់​និ​ច​ហ្វិ​ច បាន​បញ្ជាក់ថា សម្រាប់​ការបោះឆ្នោត​លើក​នេះ រដ្ឋាភិបាល នឹងដាក់​កងកម្លាំង​សមត្ថកិច្ច​ជាង​៨​ម៉ឺន​នាក់​ឯណោះ ឲ្យ​ការពារ​សន្តិសុខ នៅតាម​ការិយាល័យ​បោះឆ្នោត​នៅ​ទូទាំងប្រទេស ដូច្នេះ​អង្គការ​របស់លោក មិនចាំបាច់​ចូលរួម​សង្កេត​ការ​ជាមួយ​រដ្ឋាភិបាល ឬ​ជាមួយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​. ) នោះទេ​។

​ទោះជា​មិន​ចូលរួម​សង្កេតការណ៍​ជាមួយ​គ​.​ជ​.​ប​. ក៏ដោយ តែ​និ​ច​ហ្វិ​ច និង​ខុម​ហ្វ្រេ​ល អាច​នឹងចូលរួម​សង្កេតការណ៍​ក្រៅផ្លូវការ ដោយ​ដាក់​អ្នកសង្កេតការណ៍​របស់​ខ្លួន នៅ​ខាងក្រៅ​ការិយាល័យ​បោះឆ្នោត​។

​អង្គការ​ទាំង​៣​ខាងលើ សុទ្ធតែ​ធ្លាប់​ចូលរួម​សង្កេតការណ៍ ក្នុងការ​បោះឆ្នោត​លើក​មុនៗ​។

​យ៉ាងណាក៏ដោយ មកដល់ពេលនេះ ក៏មាន​អង្គការ​មួយចំនួន បានដាក់​ពាក្យ​ទៅ​គ​.​ជ​.​ប​. ដែរ ដើម្បី​ចូលរួម​សង្កេតការណ៍​។ អង្គការ​ទាំងនោះ រួមមាន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា និង​គណៈកម្មាធិការ​សម្របសម្រួល​កម្ពុជា ជាដើម​។

​ការបោះឆ្នោត នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ដោយមាន​គណបក្ស​២០ ចូលរួម​ប្រកួតប្រជែង​។ ប្រជាពលរដ្ឋ ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត មាន​ជាង​៨.៣​នាក់​៕


Tag:
 បោះឆ្នោត​
  អ្នកសង្កេតការណ៍​
  គជប​
© រក្សាសិទ្ធិដោយ thmeythmey.com