អន្តរជាតិ
លោក Trump គំរាម​យកពន្ធ​គយ​ថ្មី​បន្ថែមទៀត​លើ​ទំនិញ​របស់​ដៃគូ​ពាណិជ្ជកម្ម​របស់ខ្លួន
26, Jun 2018 , 7:59 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
ដោយ: VOA
​ប្រធានាធិបតី​អាមេរិក​លោក Donald Trump បានចេញ​សេចក្ដី​ព្រមាន​មួយ​ដល់​បណ្ដា​ប្រទេស​ដែលជា​ដៃគូ​ពាណិជ្ជកម្ម​របស់​សហរ​ដ្ឋ​អាមេរិក​នានា​ថា ប្រសិនបើ​ពួកគេ​មិន​ដក​ការដាក់កំហិត​លើ​ទំនិញ​របស់​សហរដ្ឋអាមេរិក​នោះទេ នោះ​ពួកគេ​នឹង​ប្រឈម​នឹង​អ្វីដែល «​លើសពី​ការធ្វើសម្បទាន​ទៅវិញទៅមក​របស់​សហ​រដ្ឋ​អាមេរិក​» ទៅទៀត​។​



​លោក Trump បាន​សរសេរ​នៅលើ Twitter យ៉ាង​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​យ៉ាង​ដូច្នេះ​ថា​៖ «​សហរដ្ឋអាមេរិក​ទទូ​ច​ឲ្យ​ប្រទេស​ទាំងអស់​ដែល​បានដាក់​កំហិត​ពាណិជ្ជកម្ម និង​ពន្ធគយ​ដោយ​មិន​ស្មោះត្រង់​ចំពោះ​ទំនិញ​ដែល​នាំចូល​ប្រទេស​របស់​ពួកគេ ឲ្យ​ដក​ការដាក់កំហិត និង​ពន្ធគយ​ទាំងនោះ​ចេញ បើ​មិន​ដូច្នេះ​ទេ ពួកគេ​នឹង​ប្រឈម​នឹង​អ្វីដែល​លើសពី​ការធ្វើសម្បទាន​ទៅវិញទៅមក​របស់​សហ​រដ្ឋ​អាមេរិក​ទៅទៀត​»​។​

​កន្លងមក លោក Trump បានធ្វើ​ឲ្យ​ដៃគូ​ពាណិជ្ជកម្ម​ចម្បងៗ​របស់​សហរដ្ឋអាមេរិក ដែល​ក្នុងនោះ​មានដូចជា​ប្រទេស​ចិន កាណាដា ម៉ិ​ក​ស៊ិ​ក ឥណ្ឌា និង​សហភាព​អឺរ៉ុប​ជាដើម មានការ​អាក់អន់ចិត្ត​រួចទៅហើយ ដោយសារតែ​លោក​បាន​យកពន្ធ​គយ​លើ​ទំនិញ​ដែកថែប អាលុយមីញ៉ូម និង​ផលិតផល​ផ្សេងៗ​ទៀត​ពី​ប្រទេស​ទាំងនោះ​។​

​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន លោក Trump បាន​គំរាម​យកពន្ធ​គយ ២០ ភាគរយ​លើ​រថយន្ត​ដែល​បាន​ដំឡើង​នៅក្នុង​សហភាព​អឺរ៉ុប និង​បញ្ជូន​មកកាន់​សហរដ្ឋ​អាមេរិក ដើម្បី​ជាការ​សងសឹក​ចំពោះ​សហភាព​អឺរ៉ុប​ដែល​បាន​យក​ពន្ធគយ​លើ​ទំនិញ​ដែល​នាំចូល​ពី​សហរដ្ឋអាមេរិក​ដូចជា​ខោ​ខូវប៊យ ស្រា​វី​ស្គី​អាមេរិកាំង និង​ម៉ូតូ​ជាដើម​។ សហភាព​អឺរ៉ុប​យកពន្ធ​គយ​លើ​ទំនិញ​របស់​សហរដ្ឋអាមេរិក​ដូចនេះ​គឺជា​ការឆ្លើយតប​ចំពោះ​សហរដ្ឋអាមេរិក​ដែល​បាន​យកពន្ធ​គយ​លើ​ទំនិញ​ដែកថែប និង​អាលុយមីញ៉ូម​របស់ខ្លួន​។​

​មួយវិញទៀត សហរដ្ឋអាមេរិក​គ្រោង​នឹង​ចាប់ផ្ដើម​យកពន្ធ​លើ​ទំនិញ​នាំចូល​ពី​ប្រទេស​ចិន​ដែលមាន​ទឹកប្រាក់​ច្រើនជាង ៣០ ពាន់​លាន​ដុល្លារ​អាមេរិក​នៅក្នុង​រយៈ​ពេល​ពីរ​សប្ដាហ៍​ខាងមុខនេះ​៕

សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com