អាជ្ញាធរ​ហាម​ការលក់​ដូរ​នៅមុខ​អង្គរវត្ត ៣​ថ្ងៃ ដើម្បី​ប្រារព្ធ​ទិវា​មច្ឆ​ជាតិ​

ជាតិ
អាជ្ញាធរ​ហាម​ការលក់​ដូរ​នៅមុខ​អង្គរវត្ត ៣​ថ្ងៃ ដើម្បី​ប្រារព្ធ​ទិវា​មច្ឆ​ជាតិ​
28, Jun 2018 , 6:59 am         1059
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖ កម្ពុជា នឹង​ប្រារព្ធ​ទិវា​មច្ឆជាតិ នៅ​ថ្ងៃទី​១ ខែកក្កដា នៅ​ក​សិន្ធុ​អង្គរវត្ត​។ ដើម្បី​ឲ្យ​ពិធី​នេះ​ប្រព្រឹត្តិ​ទៅដោយ​រលូន អាជ្ញាធរ​ជាតិ​អប្សរា បាន​ហាម​ការលក់ដូរ នៅមុខ​អង្គរវត្ត (​តាម​រទេះ តូប​...) រយៈពេល​៣​ថ្ងៃ ពីថ្ងៃ​ទី​៣០ មិថុនា ដល់​ថ្ងៃទី​២ ខែកក្កដា​។



​សេចក្តីជូនដំណឹង​រប​ស់​អាជ្ញាធរ​ជាតិ​អប្សរា បញ្ជាក់ថា​៖«​អាជីវករ​ទាំងអស់​ត្រូវ​ផ្អាក​សកម្មភាព​លក់ដូរ និង​យក​សម្ភារ​លក់ដូរ​រប​ស់​ខ្លួន ចេញពី​បរិវេណ​ខាងមុខ​អង្គរ ចាប់ពី​ថ្ងៃទី​៣០ ខែមិថុនា រហូតដល់​ថ្ងៃទី​២ ខែកក្កដា​»​។​
 
​អាជ្ញាធរ ក៏បាន​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​អ្នក​បម្រើការ​ក្នុង​វិស័យ​ទេសចរណ៍ ដែល​ត្រូវ​ដឹក​ភ្ញៀវទេសចរ​ទៅ​ទស្សនា​អង្គ​វត្ត​ផងដែរ ដោយ​យានយន្ត​ដឹក​ភ្ញៀវទេសចរ ដាក់​ភ្ញៀវ​ចុះ​ដើម្បី​ចូល​ទស្សនា​អង្គរវត្ត នៅ​ទីតាំង​បណ្ដោះអាសន្ន គឺ​នៅ​ខាងជើង​អង្គភាព​នគរបាល​បេតិកភណ្ឌ រួច​បន្ត​យក​យានជំនិះ ទៅ​ចត​នៅ​ចំណត​ខាងលិច​ផ្នែក​ខាងត្បូង​។ ឯ​ចំណត​ខាងជើង ដែល​ប្រើប្រាស់​សព្វថ្ងៃ ទុក​សម្រាប់​ភ្ញៀវ​ដែល​ចូលរួម​កម្មវិធី​ខាងលើ​។ ចំណែក​យានយន្ត​ផ្សេងៗ ដែលមាន​បំណង​ទៅកាន់​គោលដៅ​ទស្សនា​ផ្សេង​ក្រៅពី​អង្គរវត្ត ត្រូវ​ប្រើប្រាស់​ផ្លូវ​៦០​ម៉ែត្រ បន្ត​តាមផ្លូវ​វង់​តូច និង​វង់​ធំ​៕


© រក្សាសិទ្ធិដោយ thmeythmey.com