អន្តរជាតិ
លោក ស៊ី ប្រាប់​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​៖«​ចិន​មិន​ឃ្លាន​ទឹកដី​គេ ហើយក៏​មិនអាច​ឲ្យ​បាត់​ដី​ខ្លួន​មួយ​អ៊ី​ញ​ដែរ​»
28, Jun 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រមុខរដ្ឋ​និង​ជា​មេដឹកនាំ​ដ៏​មាន​ឥទ្ធិពល​ខ្លាំង​បំផុត​របស់​ចិន​លោក ស៊ី ជិន​ភីង បានបញ្ជាក់​ប្រាប់​ប្រមុខ​ការពារជាតិ​អាមេរិក​ថា ចិន​គ្មាន​ចេតនា​បង្កបញ្ហា ឬ​ចលាចល​ដល់​ពិភពលោក​ឡើយ​។ ប៉ុន្តែ​លោក​បាន​ប្រាប់​អាមេរិក​ចាំ​ថា ក្នុងនាម​មហាអំណាច​មួយ ចិន​មិន​បណ្តោយ​ឲ្យ​បាត់​ទឹកដី​សូម្បី​តែមួយ​អ៊ី​ញ ហើយក៏​មិន​ចង់បាន​ដី​របស់គេ​ដែរ​។



​ជំនួប​ផ្លូវការ​រវាង លោក ស៊ី និង​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក ជេ​ម ម៉ា​ធី​ស ធ្វើឡើង​នៅ​វិមាន​ប្រជាជន​ចិន​នា​ក្រុង​ប៉េកាំង នៅ​ថ្ងៃ​ពុធ​ទី ២៧ ខែមិថុនា​។ ចំណែក​វត្តមាន​លោក ម៉ា​ធី​ស នៅ​ចិន​ក៏​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​តំបន់​អាស៊ី​ដែរ​។​

​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ក្នុងជំនួប​ទល់មុខ​នេះ លោក ស៊ី បាន​ព្យាយាម​បកស្រាយ​ប្រាប់​ប្រមុខ​ការពារជាតិ​អាមេរិក​ពី​ចេតនា និង​ការ​រះ​ត្រដែត​ឡើង​របស់​មហាអំណាច​ចិន​នាពេល​បច្ចុប្បន្ន​។ លោក​ធានាថា ចេតនា​របស់​ចិន​គឺ ល្អ ស្រលាញ់​សន្តិភាព និង​មិន​បង្ក​ភាពចលាចល​ដល់​តំបន់ និង​ពិភពលោក​ឡើយ​។

​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ មេដឹកនាំ​ដែល​គេ​ចាត់ទុកថា​មាន​ឥទ្ធិពល​ខ្លាំង​បំផុត​បន្ទាប់​លោក​ពី​ម៉ៅ សេទុង​នេះ​ក៏បាន​ប្រាប់​តំណាង​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​ត្រង់ៗ​ដែរ​ថា អាមេរិក និង​ចិន​ត្រូវ​ទុក​រឿង​ខ្វែងគំនិត​គ្នា​មួយ​ឡែក​និង​សម្រេចប្រយោជន៍​រួម​ទើបបាន​។​

 ប៉ុន្តែ​បើទោះជា​មេដឹកនាំ​ចិន​ចង់​មាន​ទំនាក់ទំនង​ល្អ និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាមេរិក​ក្តី លោក ស៊ី បាន​ឆ្លៀត​បញ្ជក់​ប្រា​ប់លោក ម៉ា​ធី​ស​ដែរ​ថា រឿង​បញ្ហា​ទឹកដី​ជា​រឿង​ដោយឡែក  ហើយ​អាមេរិក​មិនបាច់​សង្ឃឹមថា ចិន​នឹងធ្វើ​សម្បទាន​ណាមួយ​ជុំវិញ​បញ្ហា​ទឹកដី​ឡើយ​។
«​យើង​មិនបាន​បាត់បង់​ដី​ដែល​បន្សល់ទុក​មកពី​ដូនតា​សូម្បី​តែមួយ​អ៊ី​ញ​។ អ្វី​ដែលជា​របស់​អ្នកដទៃ យើង​ក៏​មិន​ចង់បាន​ដូចគ្នា​»​។ នេះ​ជាស​ម្តី​របស់លោក ស៊ី និយាយ​ទៅកាន់​លោក ម៉ា​ធី​ស​។​

​យ៉ាងណា​ក៏ដោយចុះ ប្រធានាធិបតី​ចិន​រូបនេះ​មិនបាន​បញ្ជាក់​ឲ្យ​ច្បាស់​ថា លោក​ចង់​សំដៅលើ​ទឹកដី​ណាមួយ​ឡើយ ប៉ុន្តែ​គេ​អាច​យល់បាន​ថា លោក​ចង់​សំដៅលើ​ដែន​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដ៏​រ៉ាំរ៉ៃ​និង​បញ្ហា​កោះ​តៃវ៉ាន់​ដែល​ចិន​ចាត់ទុកជា​អាណាខេត្ត​ខ្លួន​ដែរ​។​

​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​កាន់តែ​ក្តៅ និង​តានតឹង ដោយសារ​អាមេរិក​បន្ត​ទិតៀន​ចិន​រឿង​បន្ត​គឃ្លើន​សម្ញែង​សាច់ដុំ​យោធា​នៅ​សមុទ្រ​ចិន​ខាងត្បូង​មិន​ខ្វល់​អ្នកដទៃ​ជាពិសេស​ការបន្ត​ធ្វើ​យោ​ធូប​នី​កម្ម និង​ដំឡើង​អាវុធ​នៅ​តំបន់​ជម្លោះ​ជាថ្មីទៀត​ថ្មីៗ​នេះ​។ លោក ម៉ា​ធី​ស ខ្លួនឯង​នោះ​ក៏​តែងតែ​រិះគន់​ចិន​ដូចគ្នា ហើយ​លោក​បានចាត់ទុក​ចិន​ជា​គូប្រជែង​យុទ្ធសាស្ត្រ និង​ជាការ​គំរាមកំហែង​សន្តិសុខ​ធំ​បំផុត​របស់​អាមេរិក​ផង​។ ឆ្លើយតប​នឹង​ការពង្រាយ​អាវុធ​នេះ អាមេរិក​បានសម្រេច​លុប​ចោលការ​អញ្ជើញ​ចិន​ឲ្យ​ចូលរួម​ក្នុង​សមយុទ្ធ​យោធា​កងទ័ពជើងទឹក​វិញ ដែល​សកម្មភាព​នេះ​ធ្វើ​ឲ្យ​ចិន​អាក់អន់​ចិន​ដែរ​។​

​ស្កាត់​មកជួប​មេដឹកនាំ​ចិន​ពេលនេះ លោក ម៉ា​ធី​ស ក៏​ចង់​សួរនាំ​ចិន​ផងដែរ​រឿង​ពង្រាយ​សព្វាវុធ​ទៅកាន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង បើទោះជា​រឿង​ស្នូល​គឺ​មកសុំ​ឲ្យ​ចិន​ជំរុញ​ការ​សាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ក្តី​។  អាមេរិក​សង្ឃឹមថា ចិន​នឹង​បន្ត​តួនាទី និង​ប្រើប្រាស់​ឥទ្ធិពល​ដ៏​សម្បើម​របស់ខ្លួន​ដើម្បី​ដាក់​សម្ពាធ​លើ​ក្រុង​ព្យុងយ៉ាង​ឲ្យ​គោរព​ការសន្យា​រំសាយ​នុយក្លេអ៊ែរ​ដែល​ធ្វើឡើង​ពេល​ជួប​លោក ដូ​ណា​ល់ ត្រាំ នៅ​សិង្ហ​បុរី​នោះ​។​

​មុន​ជួប​ជាមួយ​លោក ស៊ី លោក ម៉ា​ធី​ស ក៏បាន​ជជែក​ពិភាក្សា​ជាមួយ​សម​ភាគី​ចិន​លោក Wei Fenghe ដែរ ដោយ​ក្នុងជំនួប​នោះ​មន្ត្រីជាន់ខ្ពស់​ចិន​ក៏បាន​បញ្ជាក់​ឡើងវិញ​ពី​គោលជំហរ​របស់ខ្លួន​លើ​បញ្ហា​តំបន់​ដូចជា​សមុទ្រ​ចិន​ខាងត្បូង កូរ៉េខាងជើង និង​តៃវ៉ាន់​ដែរ​។ ប៉ុន្តែ​ភាគី​ទាំងពីរ​បានកត់សម្គាល់​ពី​សារសំខាន់​នៃ​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​ល្អ​ផ្នែក​យោធា​រវាង​ភាគី​ទាំងពីរ​។ មូលដ្ឋានគ្រឹះ​នៃ​ទំនាក់ទំនង​មហាអំណាច​ទាំងពីរ​គឺ​បញ្ចៀស​ភាព​តានតឹង​ឬ​ប្រឈមមុខគ្នា និង​ពង្រឹង​ទំនាក់ទំនង​បន្ថែម​ដោយ​ឈរលើ​គោលការណ៍​គោរព​ផលប្រយោជន៍​គ្នា​ទៅវិញទៅមក​។ 

​ពាក់ព័ន្ធ​នឹង​រឿង​តៃវ៉ាន់ របប​ដឹកនាំ​ក្រុង​ប៉េកាំង​នៅតែមាន​មន្ទិលសង្ស័យ​ចំពោះ​ចេតនា​អាមេរិក​ដែល​នៅ​បន្ត​ផ្គត់ផ្គង់​សព្វាវុធ​ដល់​កោះ​ដែល​ខ្លួន​ចាត់ទុកជា​អាណាខេត្ត​នោះ​។ ខណៈដែល​លោក ម៉ា​ធី​ស ស្ថិតនៅ​ប៉េកាំង នាវាចម្បាំង​ចិន​នៅ​បន្តធ្វើ​សមយុទ្ធ​យោធា​ត្រៀមប្រយុទ្ធ​រៀងរាល់ថ្ងៃ​អស់​រយៈពេល​យ៉ាងតិច​មួយ​សប្តាហ៍​ហើយ​នៅក្បែរ​ដែនទឹក​តៃវ៉ាន់​។ ក្រៅពីនេះ​កងទ័ពអាកាស​ចិន​ក៏​បន្តធ្វើ​លំ​ហាត់​យោធា​ញឹកញាប់​ដែរ​ក្នុង​គោលដៅ​គំរាម​កោះ​តៃវ៉ាន់​៕


Tag:
 ចិន​
  ស៊ី ជិន​ភីង​
  ជេ​ម ម៉ា​ធី​
  សមុទ្រ​ចិន​ខាងត្បូង​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com