កីឡាជាតិ
ជាតិ
​ឧ​ត្ត​ម ចូល​ព្រះខ័ន​រាជ​ស្វាយរៀង​វិញ ដោយសារ​ឃើញ​ក្រុម​បាន​លទ្ធផល​មិនល្អ​នៅ​ជើង​ទីមួយ​
30, Jun 2018 , 8:46 am        
រូបភាព
រូបភាពពីហ្វេសប៊ុកក្លិបព្រះខ័នរាជស្វាយរៀង
រូបភាពពីហ្វេសប៊ុកក្លិបព្រះខ័នរាជស្វាយរៀង
ដោយ:
​ក្រោយ​ចាក​ចេញពី​ក្លិប​ម៉ាឡេស៊ី Negeri Sembilan បាន​ជាង​១​ខែ ខ្សែបម្រើ​ឆ្នើម​កម្ពុជា ប្រាក់ មុន្នី​ឧ​ត្ត​ម បាន​ត្រឡប់មក​ចូលរួម​ជាមួយ​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង​វិញ សម្រាប់​ការប្រកួត​ជើង​ទី​២​ពានរ​ង្វា​ក់បាល់​ទាត់​លី​គ​កំពូល​កម្ពុជា​។ ខ្សែបម្រើ​វ័យ​២៤​ឆ្នាំ​រូបនេះ​អះអាងថា ការវិលត្រឡប់​មកកាន់​ទ្រនំ​ចាស់ គឺ​ដើម្បី​ជួយ​ស្តារ​មុខមាត់​ក្រុម ក្រោយ​ទទួលលទ្ធផល​មិនសូវ​ល្អ​ក្នុង​ជើង​ទី​១​។ ឧ​ត្ត​ម ហាក់​បង្ហាញ​អារម្មណ៍​សោកស្តាយ​ដែល​មិនបាន​លេង​ជាមួយ​កីឡាករ​យល់ចិត្ត បន្ទាប់ពី​សមាជិក​មួយ​ចំនួន​ជាប់​ពិន័យ​។

 
​បញ្ហា​សមាជិក​មួយចំនួន​ជាប់​ពិន័យ និង​ការទទួល​លទ្ធផល​មិនសូវ​ល្អ​ក្នុង​ជើង​ទី​១ ត្រូវបាន​ខ្សែបម្រើ ប្រាក់ មុន្នី​ឧ​ត្ត​ម ចាត់ទុកជា​ហេតុផល ដែល​ជំរុញ​ឲ្យ​រូបគេ​ត្រឡប់មក​រួមរស់​ជាមួយ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​សាជាថ្មី​។ ទន្ទឹមនឹង​ប្តេជ្ញា​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព ឧ​ត្ត​ម រំពឹងថា វត្ត​មានរបស់ខ្លួន​នឹង​ជួយ​ឲ្យ​ព្រះខ័ន​រាជ​ស្វាយរៀង​ទទួលបាន​លទ្ធផល​ល្អ នា​ការប្រកួត​ជើង​ទី​២​។ 
 
​នា​ពិធី​បង្ហាញ​កីឡាករ​ថ្មី​កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៨ ខ្សែបម្រើ​វ័យ​២៤​ឆ្នាំ​រូបនេះ​បាន​និយាយថា​៖«​ហេតុផល​ដែល​ជំរុញ​ឲ្យ​ខ្ញុំ​ត្រឡប់​មកកាន់​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង​វិញ ដោយសារ​ខ្ញុំ​ឃើញ​ទម្រង់​លេង​មានការ​ធ្លាក់ចុះ​ជាហេតុ​ធ្វើ​ឲ្យ​ក្លិប​ទទួលបាន​លទ្ធផល​មិនសូវ​ល្អ​ក្នុង​ជើង​ទី​១ ពិសេស​កីឡាករ​យើង​មួយចំនួន​មាន​បញ្ហា​ដោយសារ​ជាប់​ពិន័យ​»​។ 
 
«​ខ្ញុំ​មាន​អារម្មណ៍​ថា​សោកស្តាយ ដែល​ការវិលត្រឡប់​របស់ខ្ញុំ​លើក​នេះ មិនបាន​លេង​ជាមួយ​កីឡាករ​ដែល​ធ្លាប់​លេង​ត្រូវ​ជើង​គ្នា និង​បាត់បង់​កីឡាករ​ដោយ​ជាប់​ពិន័យ និង​របួស​។ តែ​ខ្ញុំ​និង​មិត្ត​រួម​ក្រុម​ដទៃទៀត​នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ជួយ​ឲ្យ​ក្រុម​ទទួលបាន​លទ្ធផល​ល្អ​នៅ​ជើង​ទី​២»​។ នេះ​ជាការ​បន្ថែម​របស់​អតីត​សមាជិក​ក្លិប​ម៉ាឡេស៊ី Negeri Sembilan​។​
 
​កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម ដែល​បរាជ័យ​ក្នុងការ​ប្រកួត​នៅក្រៅ​ប្រទេស​លើកដំបូង​បានចាត់ទុក​ការវិល​ត្រឡប់មក​ចូលរួម​ជាមួយ​ស្វាយរៀង​ថា វត្តមាន​របស់គេ​មិន​ត្រឹមតែ​ជួយ​ក្លិប​នេះ​ឲ្យ​ទទួលបាន​លទ្ធផល​ល្អ​ប៉ុណ្ណោះ​ទេ តែ​វា​ជា​ឱកាស​ក្នុងការ​អភិវឌ្ឍ​សមត្ថភាព​ឲ្យ​ប្រសើរ ដើម្បី​ទាញយក​ការទាក់ទាញ​ពី​ក្លិប​នៅក្រៅ​ប្រទេស​សាជាថ្មី​ទៀតផង​។​
 
​ខ្សែបម្រើ​វ័យ​២៤​ឆ្នាំ​រូបនេះ ទទួលបាន​ការបណ្តុះបណ្តាល​ពី​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង និង​បាន​ប្រឡូក​ក្នុង​អាជីព​ជាមួយ​ក្លិប​ដែលមាន​មូលដ្ឋាន​នៅ​ស្វាយរៀង​មួយ​នេះ​ចាប់ពី​ឆ្នាំ​២០១០​មក​។ កាលពីដើម​រដូវ​កាល​ឆ្នាំ​២០១៨ រូបគេ​បាន​ចុះកិច្ចសន្យា​លេង​ឲ្យ​ក្លិប​ម៉ាឡេស៊ី Negeri Sembilan តែ​បាន​ចែកផ្លូវ​គ្នា​ក្រោយ​រួមរស់​បាន​ប្រមាណ​៣​ខែ​។ 
 
​សម្រាប់​ការរួមរស់​ជាមួយ​ព្រះខ័ន​រាជ​ស្វាយរៀង​កន្លងមក ឧ​ត្ត​ម ឈ្នះ​ពាន​ខេ​ម​បូ​ឌា​ន​លី​ក​១​លើក និង​ពានរង្វាន់​សម្តេច ហ៊ុន សែន ៤​លើក​។ សម្រាប់​រង្វាន់​ឯកត្តជន​វិញ ឧ​ត្ត​ម ទទួលបាន​ស្បែកជើង​មាស​ក្នុង​ពានរង្វាន់​សម្តេច ហ៊ុន សែន ឆ្នាំ​២០១៥ និង​ជាប់​ជា​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​ដែល​ជ្រើសរើស​ដោយ គណៈកម្មការ​ប្រកួត​បា​ល់​ទាត់​ជាតិ​កម្ពុជា (CNCC) នៅ​ឆ្នាំ​២០១៧​។​
 
​ក្រៅពី​ខ្សែបម្រើ​ខាងលើ ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង ក៏បាន​នាំចូល​កីឡាករ​បរទេស​ថ្មី​ចំនួន​ពីររូប​ទៀតផង​ដែរ រួមមាន​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Sergio Barboza និង​កីឡាករ​អង់គ្លេស Harley Willard​។ កីឡាករ​បរទេស​ទាំង​ពីររូប​នេះ​បាន​ចុះកិច្ចសន្យា​មួយ​ចប់​រដូវ​កាល​ឆ្នាំ​២០១៨ តែបើ​បង្ហាញ​ទម្រង់​លេង​ល្អ នឹង​ទទួលបាន​កុងត្រា​រហូត​ពាក់កណ្តាល​រដូវ​កាល​ឆ្នាំ​២០១៩​។ ការបង្ហាញ​កីឡាករ​ទាំងបី​ស្របពេល​ក្លិប​នេះ​ប្រកាស​ចែកផ្លូវ​ជាមួយ​កីឡាករ​បរទេស​៣​រូប គឺ Trevin Ceaser, Shane Booysen និង Hyun Whoo និង​ការចាកចេញ​របស់ ឡាយ រស្មី និង​ម៉ន កក្កដា ទៅកាន់​ក្លិប​អាស៊ី​អឺរ៉ុប​ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង​៕  
 
 
   

Tag:
 ប្រាក់ មុន្នី​ឧ​ត្ត​ម​
  ព្រះខ័ន​រាជ​ស្វាយរៀង​
  Cambodian League 2018
© រក្សាសិទ្ធិដោយ thmeythmey.com