អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក មហា​ធៀ​៖ អតីត​នាយករដ្ឋមន្ត្រី​ណា​ជីប នឹងត្រូវ​ចាប់ខ្លួន និង​ចោទប្រកាន់​តាមផ្លូវ​តុលាការ​ឆាប់ៗ​
30, Jun 2018 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ស្ថិតនៅ​ក្រុង​ហ្សា​ការ​តា​នា​ថ្ងៃ​ព្រហស្បតិ៍​ទី ២៨ ខែមិថុនា នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក មហា​ធៀ មហាម៉ាត់ បាន​អះអាងថា អតីត​នាយករដ្ឋមន្ត្រី ណា​ជីប រ៉ា​ហ្សា​ក់ នឹងត្រូវ​ចាប់ខ្លួន ក៏ដូចជា​ត្រូវ​រង​ការចោទប្រកាន់​ឆាប់ៗ​នេះ​។​



​ចំពោះមុខ​សហគមន៍​ប្រជាជន​ម៉ាឡេស៊ី​រស់នៅ​ឥណ្ឌូណេស៊ី លោក មហា​ធៀ បាន​ពន្យល់ថា មូលហេតុ​ដែល​លោក ណា​ជីប នៅ​បន្ត​រស់នៅ​ស្រួល និង​មិនទាន់មាន​ការចាប់ខ្លួន​ឬ​កាត់ទោស​ដោយសារតែ​អាជ្ញាធរ​លោក​កំពុង​ស៊ើបអង្កេត និង​ប្រមែរ​ប្រមូល​ភស្តុតាង​ដើម្បី​ដាក់បន្ទុក​លើ​អតីត​ប្រមុខ​រដ្ឋាភិបាល និង​អ្នកពាក់ព័ន្ធ​សិន​។​
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ម៉ាឡេស៊ី Bernama  នាយករដ្ឋមន្ត្រី​វ័យ ៩២ ឆ្នាំ បាន​និយាយ​ដូច្នេះ​៖«​ខ្ញុំ​គិតថា ណា​ជីប នឹងត្រូវ​នាំមក​តុលាការ​ឆាប់ៗ​។ មនុស្សជាតិ​បានបង្ហាញ​ការងឿងឆ្ងល់​ហេតុអ្វី​បានជា​មិនមាន​ការចាត់វិធានកា​រ ហើយ​ទុក​ឲ្យ​លោក ណា​ជីប រស់នៅ​ស្រួល​បែបនេះ​។ ខ្ញុំ​ចង់​បញ្ជាក់ថា ការនាំ​សុំ​ណុំ​រឿងនេះ​មក​តុលាការ វា​ចាំបាច់​ត្រូវមាន​ភស្តុតាង​គ្រប់គ្រាន់​។ ដូច្នេះ​យើង​មិន​បរាជ័យ​ពេល​ចាប់ផ្តើម​ដំណើរការ​ចោទប្រកាន់​ជា​ផ្លូវការ​»​។​
 
​មេដឹកនាំ​រូបនេះ​បន្ថែមថា ក្រុម​ស៊ើបអង្កេត​ត្រូវតែ​ធានាថា ភស្តុតាង​ដែល​គេ​ប្រមូលបាន​គឺ​ត្រឹមត្រូវ និង​មាន​ទម្ងន់​គ្រប់គ្រាន់​ដែល​អាច​ឈានទៅ​កាត់ទោស​លោក ណា​ជីប , ភរិយា​លោក និង​អ្នកជំនួញ​ស្និទ្ធ​នឹង​លោក ណា​ជីប លោក Jho Low ផងដែរ​។​
 
​លោក ណា​ជីប ចាញ់ឆ្នោត​ក្នុងការ​បោះឆ្នោតជាតិ​លើក​ទី ១៤ កាលពី​ខែឧសភា​។ បន្ទាប់មក សំណុំរឿង​មូលនិធិ 1MDB ដែល​ពាក់ព័ន្ធ​នឹង​រូបលោក ក៏ត្រូវ​នាយករដ្ឋមន្ត្រី​ថ្មី​លោក មហា​ធៀ បញ្ជា​ឲ្យ​គេ​ចាប់ផ្តើម​ស៊ើបអង្កេត​ឡើងវិញ​ទៀត​។ ក្រោយ​មានការ​ស៊ើបអង្កេត​ប៉ូលិស​ម៉ាឡេស៊ី​ចុះ​ឆែកឆេរ​ផ្ទះ និង​ខុន​ដូ​របស់លោក ណា​ជីប ច្រើនដង និង​រឹបអូស​បាន​លុយ គ្រឿងអលង្ការ​និង​របស់​មានតម្លៃ​ផ្សេងទៀត​មាន​ទំហំ​ជាង ២៧០​លាន​ដុល្លារ​ឯណោះ​។ ក្រៅពី​រឿង​កិបកេង​លុយ​មូលនិធិ​រដ្ឋ លោក ណា​ជីប ក៏​ពាក់ព័ន្ធ​នឹង​សុំ​ណុំ​រឿង​ឃាតកម្ម​ជនជាតិ​ម៉ុង​ហ្គោល Altantuya Shaariibuu ផង​។ 
 
​បង្កើត​ក្នុង​ឆ្នាំ​២០០៩ មូលនិធិ 1MDB មាន​គោលដៅ​ប្រែក្លាយ​ទីក្រុង​គួ​ឡា​ឡាំ​ពួរ ទៅជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ដ៏​ធំ​មួយ និង​ជំរុញ​សេដ្ឋកិច្ចជាតិ តាមរយៈ​ការវិនិយោគ​យុទ្ធសាស្ត្រ​។ ប៉ុន្តែ​មន្ត្រី​ក្រសួងយុត្តិធម៌​អាមេរិក​ដែល​បាន​ស្រាវជ្រាវ​ក្នុងករណីនេះ​បាន​អះអាងថា មន្ត្រី​ក្នុង​មូលនិធិ​នេះ​បាន​កិបកេង​លុយ​ប្រហែល ៤,៥ ពាន់​លាន​ដុល្លារ​អាមេរិក​ហើយ​មួយផ្នែក​នៃ​លុយ​នោះ​មាននៅ​ក្នុង​គ​ណី​ធនាគារ​របស់លោក ណា​ជីប រ៉ា​ហ្សា​ក់ ផង​។ ក្នុង​ឆ្នាំ ២០១៣ លុយ​មាន​ទំហំ ៦៨១ លាន​ដុល្លារ នៃ​មូលនិធិ​នេះ ត្រូវបាន​ផ្ទេរ​ទៅកាន់​គណនី​ធនាគារ​របស់លោក​។ ប៉ុន្តែ​លោក​នៅតែ​បន្ត​បដិសេធ និង​អះអាងថា វា​ជា​លុយ​អំណោយ​ដែល​អា​រ៉ា​ប៊ី​សា​អូឌីត​ផ្តល់​ឲ្យ​ប៉ុណ្ណោះ​៕
 

Tag:
 មហា​ធៀ​ម ហា​ម៉ាត់​
  1MDB
  ណា​ជីប រ៉ា​ហ្សា​ក់
© រក្សាសិទ្ធិដោយ thmeythmey.com