កីឡាអន្តរជាតិ
អន្តរជាតិ
បារាំង​ទម្លាក់​ជើងឯក​រង​អា​ហ្ស​ង់​ទីន ៤-៣ ដើម្បី​ឡើង​បន្តទៅ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​
30, Jun 2018 , 10:52 pm        
រូបភាព
រូបថត៖ Getty/FIFA
រូបថត៖ Getty/FIFA
ដោយ: រួបរួម
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​បារាំង ក្លាយជា​ក្រុម​ទីមួយ​ដែល​ឡើងទៅ​កាន់​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ បន្ទាប់ពី​ពួកគេ​បាន​យកឈ្នះ​ក្រុម​ជើងឯក​រង​អា​ហ្ស​ង់​ទីន ៤-៣ នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ នា​កីឡដ្ឋាន Kazan Arena ប្រទេស​រុស្ស៊ី​។​



Antoine Griezmann បាន​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​ជួយ​បារាំង​នាំមុខ​មុន​នៅ​នាទី​១៣ បន្ទាប់ពី Marcos Rojo ធ្វើ​ឲ្យ Kylian Mbappe ដួល​ក្នុង​តំបន់​គ្រោះថ្នាក់​។ ៤​នាទី​មុន​បញ្ចប់​ការប្រកួត​តង់​ទីមួយ Angel Di Maria បាន​ស៊ុត​ពី​ចម្ងាយ​តាម​ស្មើ​វិញ ក្រោយ​ការបញ្ជូន​យ៉ាង​ល្អ​របស់ Ever Banega​។​

​ក្រោយ​ប្រកួត​បាន​៣​នាទី​នៅ​តង់​ទី​ពីរ អា​ហ្ស​ង់​ទីន មានឱកាស​នាំមុខ​វិញ​ម្តង​ដែលជា​ការ​ស៊ុត​បាល់​បញ្ចូល​ទី​របស់ Gabriel Mercado តាមរយៈ​ការបញ្ជូន​របស់ Lionel Messi​។ ប៉ុន្តែ​បារាំង​បាន​វាយបក​៣​គ្រាប់​វិញ​ជា​បន្តបន្ទាប់ ដែល​សម្រេចបាន​ដោយ Benjamin Pavard នៅ​នាទី​៥៧ និង Kylian Mbappe នៅ​នាទី​៦៤ និង​៦៨ ។ នៅនាទី​បន្ថែម Sergio Aguero តែតតាមពីក្រោយ ៤-៣ តែដើម្បី​បង្គ្រប់កិច្ចប៉ុណ្ណោះ៕


© រក្សាសិទ្ធិដោយ thmeythmey.com