ជាតិ
សង្គមជាតិ
ក្រមាវែងជាងគេលើពិភពលោក ដែលចំណាយត្បាញជាង៥ខែ លេចចេញជារូបរាងហើយ
× ភ្នំពេញ៖ ក្រមាខ្មែរ ដែលមានប្រវែងវែងជាងគេលើពិភពលោក បានលេចចេញជារូបរាងហើយ នៅថ្ងៃទី១ កក្កដា ឆ្នាំ២០១៨។ ក្រមាខ្មែរមានប្រវែង ១១៤៩.៨ ម៉ែត្រនេះ ត្រូវបានចំណាយពេលត្បាញអស់រយៈពេលជាង៥ខែ ដោយមានការចូលរួមពីប្រជាពលរដ្ឋ។ ក្រុមការងារ GoGo Cambodia ជាអ្នកផ្ដួចផ្ដើមធ្វើយុទ្ធនាការបំបែកឯតទគ្គកម្ម ក្រមាខ្មែរនេះឡើង។
យុទ្ធនាការក្រមានេះ បានចាប់ផ្ដើមបើកត្បាញសរសៃដំបូង នៅថ្ងៃទី១៤ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីតាំង វាលព្រះមេរុ។ ការត្បាញក្រមាវែងជាងគេលើពិភពលោកនេះ បានផ្ដល់ឱកាសឲ្យសាធារណជនទូទៅ ចូលរួមត្បាញដោយផ្ទាល់ដៃ ដោយមានការសម្រួលពីក្រុមការងារផ្នែកបច្ចេកទេស និងអ្នកតម្បាញជំនាញនៅទីតាំងកម្មវិធីផ្ទាល់តែម្ដង ។
ក្រុមការងារ GoGo Cambodia ដែលប្រាប់សារព័ត៌មានថ្មីៗកន្លងមកថា គោលបំណងនៃការត្បាញក្រមាវែងជាងគេនេះ គឺដើម្បីលើកកម្ពស់មោទនភាពជាតិ និងបង្កើតឱកាសឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់រួមគ្នាថែរក្សា លើកស្ទួយ មរតកវប្បធម៌ប្រពៃណីខ្មែរ ។ ជាពិសេសការជំរុញសាមគ្គីភាព និងឯកភាពជាតិ ។
សូមបញ្ជាក់ថា GoGo Cambodia គឺជាចលនាថ្នាក់ជាតិមួយ ដែលកើតចេញពីឆន្ទៈកូនខ្មែរ ធ្វើឡើងក្នុងគោលបំណងលើកតម្កើងមោទនភាពជាតិ បង្ហាញពីសក្តានុពលរបស់កម្ពុជានៅគ្រប់វិស័យ និងជាវេទិកាសម្រាប់យុវជនខ្មែរគ្រប់រូប អាចបង្ហាញនូវមោទនភាពរបស់ខ្លួន ក្នុងនាមជាកូនខ្មែរ ទៅដល់សហគមន៍អន្តរជាតិ៕
Tag:
ក្រមាខ្មែរ
GoGo Cambodia
© រក្សាសិទ្ធិដោយ thmeythmey.com