ជាតិ
សង្គមជាតិ
មេប៉ូលិស៖ ត្រូវចាត់វិធានការ លើក្រុមហ៊ុនសន្ដិសុខឯកជន ដែលគ្មានច្បាប់អនុញ្ញាត
× ភ្នំពេញ៖ លោក ឌី វិជ្ជា អគ្គស្នងការរងនៃអគ្គស្នងការនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្ដាលសន្ដិសុខ បានព្រមានថា នឹងចាត់វិធានការ ចំពោះក្រុមហ៊ុនឯកជនណា ដែលគ្មានច្បាប់អនុញ្ញាតពីក្រសួងមហាផ្ទៃ ហើយនៅតែបន្តធ្វើសកម្មភាព ជ្រើសរើសប្រមូលផ្ដុំកម្លាំងដោយខុសច្បាប់។ អគ្គស្នងការរងរូបនេះ ប្រាប់ទៅសហគ្រាស និងគ្រឹះស្ថាន ដែលជ្រើសរើសភ្នាក់ងារសន្ដិសុខឯកជន ត្រូវតែប្រញាប់ប្រញាល់សុំច្បាប់អនុញ្ញាតឲ្យបានឆាប់បំផុត។ នេះបើតាមគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ។
អគ្គស្នងការនគរបាលជាតិ បានស្រង់សម្តីរបស់លោក ឌី វិជ្ជា ទៅចុះផ្សាយថា ភ្នាក់ងារសន្ដិសុខឯកជន ជាកម្លាំងជំនួយដល់សមត្ថកិច្ច តែមិនមែនជាអាជ្ញាធរមានសមត្ថកិច្ចនោះទេ ដូច្នេះមិនត្រូវធ្វើអ្វីឲ្យលើសពីព្រំដែននៃតួនាទីរបស់ខ្លួនឡើយ ហើយដាច់ខាតត្រូវតែសម្រួល និងសហការជាមួយសមត្ថកិច្ចគ្រប់កាលៈទេសៈទាំងអស់។ បើតាមប្រភពដដែល ប្រធាននាយកដ្ឋានកណ្ដាលសន្ដិសុខ បានបញ្ជាក់ថា ការរារាំងឬការបង្កជាឧបសគ្គណាមួយ ដល់ការអនុវត្តច្បាប់របស់សមត្ថកិច្ចអាចជាបទល្មើសផ្សេងមួយទៀត ដែលត្រូវផ្ដន្ទាទោស ព្រោះតួនាទីភារកិច្ច និងដែនសមត្ថកិច្ចនៃភ្នាក់ងារសន្ដិសុខឯកជនត្រូវស្ថិតក្នុងក្របខណ្ឌច្បាប់ជាដាច់ខាត។
ការលើកឡើងរបស់ លោក ឌី វិជ្ជា ធ្វើឡើងនៅក្នុងពិធីបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៥ នៅថ្ងៃទី២៨ ខែមិថុនា។ ក្នុងពិធីនេះ លោក បានណែនាំទៅក្រុមហ៊ុនសន្ដិសុខឯកជន ឲ្យចាត់បញ្ជូនភ្នាក់ងារសន្ដិសុខឯកជនរបស់ខ្លួន ទៅទទួលការបណ្ដុះបណ្ដាលតាមការស្នើសុំរបស់នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ដែលអគ្គស្នងការដ្ឋាននគរបាលជាតិជាអ្នកបណ្ដុះបណ្ដាល៕
Tag:
ក្រុមហ៊ុនសន្តិសុខ
ឌី វិជ្ជា
ច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com