កូន​ត្រី​ជាង​១​លាន​ក្បាល​ត្រូវបាន​ព្រលែង​ក្នុង​ទិវា​មច្ឆជាតិ​លើក​ទី​១៦​នៅ​សៀមរាប​

ជាតិ
សង្គមជាតិ
កូន​ត្រី​ជាង​១​លាន​ក្បាល​ត្រូវបាន​ព្រលែង​ក្នុង​ទិវា​មច្ឆជាតិ​លើក​ទី​១៦​នៅ​សៀមរាប​
01, Jul 2018 , 4:59 pm         1172
រូបភាព
 សៀមរាប​៖ កូន​ត្រី​តូចធំ និង​ប្រភេទ​សត្វ​កម្រ សរុប​ជាង​១​លាន​ក្បាល ត្រូវបាន​ព្រលែង​ក្នុង​ទិវា​មច្ឆជាតិ លើក​ទី​១៦ ដែល​ធ្វើឡើង​នៅ​ក​សិន្ធុ​អង្គរវត្ត នា​ខេត្តសៀមរាប​។ ការ​ព្រលែង​ត្រី​នៅក្នុង​ក​សិន្ធុ​អង្គរវត្ត ត្រូវបាន​រំពឹងថា នឹង​អាច​លូតលាស់ និង​រីក​សាយភាយ​ទៅ​តំបន់​ផ្សេងទៀត សម្រាប់​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​។​

 
​កូន​ត្រី​ជាង​១​លាន​ក្បាល ដែល​ត្រូវបាន​ព្រលែង​នៅពេលនេះ​មានដូចជា ត្រី​ឆ្ពិន ត្រី​ព្រលូង ត្រី​កាហែ ត្រី​ប្រា ត្រី​កន្ធរ និង​ត្រី​គល់រាំង អណ្ដើក កន្ធាយ និង​កង្កែប​។​ល​។ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេ​ង សាខុន មាន​សុទិដ្ឋិនិយម​ថា ត្រី​ទាំងនេះ​នឹងមាន​ការលូតលាស់​រីក​សាយភាយ​ទៅដល់​តំបន់​ផ្សេងៗ​ទៀត​តាម​ប្រព័ន្ធ​បារាយណ៍​ក្នុង​តំបន់​អង្គរ និង​អាច​ចរាចរ​ចូលដល់​ដែន​នេសាទ​ដទៃទៀត ដែល​អាចបំពេញ​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​ទូទៅ​។​
 
 
​ក្នុង​របាយការណ៍​រប​ស់​រដ្ឋមន្ដ្រី វេ​ង សាខុន ទាក់ទង​នឹង​ជលផល ក្នុង​ឆ្នាំ​២០១៧​កន្លងទៅ បទល្មើស​ជលផល​មាន​ចំនួន ៣,៩២៥​ករណី ត្រូវបាន​បង្ក្រាប ក្នុង​នោះបាន​បំផ្លាញចោល​វត្ថុតាង​ចំនួន ជាង​៣​ពាន់​ករណី ពិន័យ​អន្ដរការណ៍​ជាង​មួយរយ​ករណី និង​បញ្ជូនទៅ​តុលាការ​ចំនួន ៨៦​ករណី​។ ចំណែក​ផល​នេសាទ​វិញ ឆ្នាំ​២០១៧ ផល​នេសាទ​សរុប​សម្រេចបាន​ចំនួន​ជាង ជាង​៨០០​ពាន់​តោន កើន​ជាង​៦​ភាគរយ  ពិសេស​កំណើន​ពី​វារីវប្បកម្ម (​ការចិញ្ចឹម​ត្រី​)​។ លោក​បន្ថែមថា ផល​នេសាទ​ចាប់ពី​ធម្មជាតិ​សរុប​ទាំង​ទឹកសាប និង​សមុទ្រ​សម្រេចបាន​ប្រមាណ ជាង​៦០០​ពាន់​តោន ក្នុងនោះ​ផល​ទឹកសាប​អនុវត្តបាន​ចំនួន​ជាង ៥០០​ពាន់​តោន កើនឡើង​ប្រមាណ​ជាង ៣​ភាគរយ និង​ផល​នេសាទ​សមុទ្រ​អនុវត្តបាន​ជាង ១០០​ពាន់​តោន​។​
 
​គួរ​បញ្ជាក់ថា ទិវា​មច្ឆជាតិ​លើក​ទី​១៦ ធ្វើឡើង​នៅមុខ​ប្រាសាទអង្គរវត្ត ក្រោម​វត្តមាន​ចូលរួម​ពី សម្តេច ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អភិបាលខេត្ត ព្រមទាំង​មន្ត្រីរាជការ ប្រធាន​មន្ទីរ ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​សរុប​ប្រមាណ​ជាង ៥០០​នាក់​៕
 
 

 

© រក្សាសិទ្ធិដោយ thmeythmey.com