ជាតិ
សេដ្ឋកិច្ច
អនុប្រធាន​ក្រុមហ៊ុន​សូគីម៉ិច ប្រាប់​ឲ្យ​អ្នករត់​កង់​បី ប្រឹងរៀន​អង់គ្លេស និង​ចិន ដើម្បី​រក​ចំណូល​ពី​ភ្ញៀវទេសចរ​បាន​ច្រើន​
02, Jul 2018 , 8:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ មុខរបរ​ផ្ដល់​សេវា​ដឹកជញ្ជូន​តូចៗ​ដែល​ប្រើប្រាស់ រ៉ឺម៉ក​កង់​បី ម៉ូតូ​ក្ដី ក៏​ជួប​ការប្រកួតប្រជែង​ក្នុង​វិស័យ​របស់ខ្លួន​ផងដែរ ដែល​ទាមទារ​ឲ្យ​អ្នកផ្ដល់​សេវា​ត្រូវ​ប្រឹងប្រែង​បន្ថែមទៀត​។ លោក ឌៀប ចេង​ហេង អនុប្រធាន​ក្រុមហ៊ុន​សូគីម៉ិច បាន​ណែនាំ​ឲ្យ​អ្នកផ្ដល់​សេវា គួរ​ឆ្លៀត​រៀន​ភាសាបរទេស អង់គ្លេស ចិន ដែល​នឹង​ជួយ​បន្ថែម​លើ​គុណភាព និង​ភាព​ទាក់ទាញ​ក្នុង​ការផ្ដល់​សេវាកម្ម​ដឹក​ភ្ញៀវ​។



​ថ្លែង​នៅមុខ​អ្នករត់​រ៉ឺម៉ក​កង់​បី​ខ្មែរ​ជាច្រើន​រយ​នាក់ នៅក្នុង​កម្មវិធី​រួមគ្នា​ដើម្បី​លើកកម្ពស់​អ្នក​ដឹក​ជ​ញ្ចូ​ន​ក្រៅ​ប្រព័ន្ធ កាលពី​ថ្ងៃទី​២៧​ខែមិថុនា លោក ឌៀប ចេង​ហេង បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​ដែល​ប្រកប​របរ​ដឹក​ភ្ញៀវ​ទាំងនោះ ខិតខំ​ពង្រឹងគុណភាព​សេវាកម្ម​របស់ខ្លួន​។ លោក​ថ្លែង​ដូច្នេះ​ថា​៖«​ពលរដ្ឋ​យើង​ខ្លះ​រត់​ឌុប​ដូចគ្នា តែ​ចំណូល​អត់​ដូចគ្នា​ទេ បាន​តិច បាន​ច្រើន​។ ខ្ញុំ​ជូន​យោបល់​ថា​គួរ​ដឹក​ភ្ញៀវ​ឲ្យ​មាន​សុវត្ថិភាព គោរព​ច្បាប់​ចរាចរណ៍ ហើយ​ពេល​ទាក់ទង​ភ្ញៀវ​ត្រូវមាន​ក្រមសីលធម៌​ល្អ និង​ធ្វើ​ឲ្យ​មាន​ភាព​ទាក់ទាញ​»​។



​អនុប្រធាន​ក្រុមហ៊ុន​សូគីម៉ិច ដែលជា​ក្រុមហ៊ុន​អាជីវកម្ម​ចម្រុះ​ដ៏​ធំ​នៅ​កម្ពុជា រូបនេះ បាន​បន្ត​ប្រសាសន៍​របស់ខ្លួន​ប្រាប់​អ្នករត់​រ៉ឺម៉ក​កង់​បី​ទៀតថា​៖«​នៅពេល​ទំនេរ បងប្អូន​គួរ​រៀន​ភាសាបរទេស ចិន​ខ្លះ អង់គ្លេស​ខ្លះ ដើម្បី​និយាយ​ទាក់ទាញ​ភ្ញៀវ គ្រាន់បើ​ជាង​យើង​ប្រើ​ភាសា​ធ្វើ​ដៃ​ធ្វើ​ជើង​។ លោក ឌៀប ចេង​ហេង បានចាត់ទុក​ការរៀន​ភាសាបរទេស គឺជា​អភិវឌ្ឍន៍​ខ្លួន​របស់​ពលរដ្ឋ​អ្នកផ្ដល់​សេវា​ដឹក​ភ្ញៀវ ឲ្យ​ស្រប​នឹង​បរិបទ​ប្រកួតប្រជែង ដែល​មិនថាតែ​អាជីវកម្ម​ក្នុង​វិស័យ​ណា​នោះទេ​៕


Tag:
 ​រ៉ឺម៉ក​កង់​បី​
© រក្សាសិទ្ធិដោយ thmeythmey.com