​រកឃើញ​ត្រី​រាជ​ដ៏​កម្រ​ពី​កម្ពុជា​នៅ​ភោជនីយដ្ឋាន​ដ៏​ធំ​មួយ​នៅ​វៀតណាម​

ជាតិ
សង្គមជាតិ
​រកឃើញ​ត្រី​រាជ​ដ៏​កម្រ​ពី​កម្ពុជា​នៅ​ភោជនីយដ្ឋាន​ដ៏​ធំ​មួយ​នៅ​វៀតណាម​
03, Jul 2018 , 5:29 pm         2838
រូបភាព
ត្រីរាជ​ដែល​ស្ថិតក្នុងបញ្ជីមុខម្ហូប​នៅភោជនីយដ្ឋាននៅហាណូយ កាលពីអំឡុងពិធីបុណ្យចូលឆ្នាំសកល។ PHOTOGRAPH BY LE HIEU
ត្រីរាជ​ដែល​ស្ថិតក្នុងបញ្ជីមុខម្ហូប​នៅភោជនីយដ្ឋាននៅហាណូយ កាលពីអំឡុងពិធីបុណ្យចូលឆ្នាំសកល។ PHOTOGRAPH BY LE HIEU
ដោយ: ធីតា
​ត្រី​រាជ​ដ៏​កម្រ​របស់​កម្ពុជា បាន​ស្ថិតក្នុង​បញ្ជី​មុខម្ហូប​នៅ​ភោជនីយដ្ឋាន​ដ៏​ទំនើប​មួយ​ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន​វិទ្យាសាស្ត្រ National Geographic  បានចេញ​ផ្សាយ​អត្ថបទ​ស៊ើបអង្កេត​ដ៏​វែង​មួយ នា​ថ្ងៃទី​២ ខែកក្កដា​។​



​តាមរយៈ​ឃ្លី​ប​វីដេអូ​មួយ ភោជនីយដ្ឋាន Lang Nghe បានបង្ហាញ​រូប​ត្រី​រាជ (Giant Mekong Catfish) ដែល​ទម្ងន់​ប្រមាណ​១៤០​គីឡូក្រាម (៣០០​ផោន​)​។ ប្រភព​នានា​បាន​បញ្ជាក់ថា ត្រី​ដ៏​កម្រ​នេះ ត្រូវបាន​នេសាទ​ដោយ​ខុសច្បាប់​ពី​ទន្លេសាប​កម្ពុជា ហើយ​បាន​ក្លាយជា​បញ្ជី​មុខម្ហូប​របស់ Lang Nghe នា​អំឡុង​នៃ​ការ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​សកល​២០១៨ ។​



​លោក Zeb Hogan អ្នករុករក​ប្រចាំ National Geographic និង​ជីវ​វិទូ ប្រចាំ​សាកលវិទ្យាល័យ Nevada សហរដ្ឋអាមេរិក ទាមទារ​ឲ្យ​មាន​ចំណាត់ការ​ដើម្បី​កុំ​ឲ្យ​អាជីវកម្ម​បែបនេះ កាន់តែ​រីកធំឡើង​។ អ្នកជំនាញ​មច្ឆា​រូបនេះ ក៏បាន​បញ្ជាក់​ផងដែរ​ថា លោក​បានដឹង​ពី​ករណី​បរិភោគ​សត្វ​ត្រី​កម្រ​ដូចជា ត្រី​រាជ និង​ត្រី​គល់រាំង​នៅ​វៀតណាម តាមរយៈ​មិត្តភក្តិ​របស់ខ្លួន​។​

«​ខ្ញុំ​ពិតជា​មិនដែល​ធ្លាប់​គិត​សោះ​ថា ត្រី​ដ៏​ធំ ដ៏​កម្រ និង​រងគ្រោះថ្នាក់​បំផុត​រូបនេះ បែរ​ក្លាយជា​ចំណីអាហារ​ទៅវិញ​»​។  លោក Hogan ហួសចិត្ត នឹង​ទាមទារ​ឲ្យ​មាន​វិធានការ​ជាបន្ទាន់​ដើម្បី​ភាព​យូរអង្វែង​របស់​ពូជ​សត្វ​ដ៏​កម្រ​។​



​ក្រៅពី​ត្រី​រាជ កាសែត​វៀតណាម នាពេល​កន្លងមក ក៏​ធ្លាប់បាន​ចុះផ្សាយ​ជា​ញឹកញាប់​ផងដែរ ករណី​យក​ត្រី​គល់រាំង ធ្វើជា​ម្ហូបអាហារ​។ តាម​ប្រភព ត្រី​ទាំងនោះ ត្រូវបាន​ដឹក​តាម​យន្តហោះ​ពី​កម្ពុជា​ទៅ​វៀតណាម​។​

​បច្ចុប្បន្ន​ត្រី​នៅ​ទ​ន្ល​មេគង្គ​ជាច្រើន​ប្រភេទ​ក៏ត្រូវ​ទទួលបាន​នូវ​ការយកចិត្តទុកដាក់​ជាពិសេស​ផងដែរ ដែល​ក្នុងនោះ​មានដូចជា ត្រី​ប៉ា​សេ​អ៊ី ត្រី​ប្រា​កណ្តុរ ត្រី​ក្រឡង់ (​ត្រី​ព្រួល​) និង​ត្រី​កែ (​ប្រា​កែ​)  ជាដើម​៕


Tag:
 ត្រី​រាជ
© រក្សាសិទ្ធិដោយ thmeythmey.com