ជាតិ
នយោបាយជាតិ
សម្ដេច ហ៊ុន សែន និងលោក ប្រាយុទ្ធ ចន្ទអូចា គ្រោងជិះរថភ្លើងរួមគ្នា ដើម្បីពិនិត្យច្រកព្រំដែន
× ពោធិ៍សាត់៖ ក្រសួងសាធារណៈ និងដឹកជញ្ជូន បានដាក់ឲ្យដំណើរការបណ្ដោះអាសន្ន នៃសេវាដឹកជញ្ជូនអ្នកដំណើរតាមរថភ្លើងពីពោធិ៍សាត់ ទៅរាជធានីភ្នំពេញ ដែលមានប្រវែងសរុប១៦៦គីឡូម៉ែត្រ នៅថ្ងៃទី៤ កក្កដា។ ផ្លូវរថភ្លើងពីពោធិ៍សាត់នេះ ត្រូវភ្ជាប់ស្ថានីយបាត់ដឹង ខេត្តកំពង់ស្ពឺ ទើបមកភ្ជាប់នឹងរាជធានីភ្នំពេញ។ ខ្សែរថភ្លើងនេះ នឹងត្រូវតភ្ជាប់ជុំវិញប្រទេសក្នុងតំបន់អាស៊ានផងដែរ។
រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល នឹងជួបជាមួយភាគីថៃ នៅថ្ងៃទី០៦ កក្កដា ដើម្បីពិភាក្សាពីដំណើរការតភ្ជាប់ និងការដឹកជញ្ជូនអ្នកដំណើរ រួមទាំងទំនិញដែលត្រូវឆ្លងកាត់ផ្ទាល់រវាងប្រទេសទាំងពីរ។ ក្រោយមានការឯកភាពគ្នា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា នឹងជិះរថភ្លើងរួមគ្នា ដើម្បីពិនិត្យមើលខ្សែរថភ្លើងរវាងប្រទេសទាំងពីរ។
ដើម្បីជ្រាបព័ត៌មាននេះ សូមលោកអ្នកនាង ស្ដាប់កិច្ចសម្ភាសរវាងលោក គី សុខលីម អ្នកសារព័ត៌មានថ្មីៗ និងរដ្ឋមន្ត្រីក្រសួងសាធារណៈ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ដូចតទៅ៖
ខ្សែរថភ្លើងនេះ គឺរត់ពីរាជធានីភ្នំពេញ រហូតដល់ស្ថានីយរថភ្លើងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនប្រទេសថៃ។ បើតាមលោក ស៊ុន ចាន់ថុល ខ្សែរថភ្លើងនេះ នឹងភ្ជាប់ជាមួយខ្សែរថភ្លើងប្រទេសថៃ ហើយបន្តរហូតដល់ប្រទេសសិង្ហបុរី នាពេលខាងមុខ។
ការស្តារឡើងវិញកំណាត់ផ្លូវដែកពីភ្នំពេញ រហូតដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនេះ រដ្ឋាភិបាល ត្រូវចំណាយថវិកាប្រមាណ ៩៦,៦លានដុល្លារអាមេរិក។ ក្នុងនោះទឹកប្រាក់ប្រមាណ ១៣លានដុល្លារជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ហើយទឹកប្រាក់ ៨៣,៦លានដុល្លារ ជាថវិការបស់រាជរដ្ឋាភិបាល។ នេះបើតាមការបញ្ជាក់របស់លោក ស៊ុន ចាន់ថុល កន្លងមក។
គួរបញ្ជាក់ថា ខ្សែរថភ្លើងអន្តរអាស៊ី នឹងតភ្ជាប់រហូតដល់ទីក្រុងគុនមីង ខេត្តយូណាន ប្រទេសចិន ។ ខ្សែរថភ្លើងអន្តរអាស៊ី គុនមីង-សិង្ហបុរី ត្រូវបែងចែកជាបីខ្នែង។ ខ្នែងខាងកើត ភ្ជាប់ពីទីក្រុងគុនមីង ឆ្លងកាត់វៀតណាម កម្ពុជា ថៃ ម៉ាឡេស៊ី និងសិង្ហបុរី។ នៅខ្នែងកណ្ដាល ខ្សែរថភ្លើងរត់ពីចិន ឆ្លងកាត់ឡាវ ថៃ ម៉ាឡេស៊ី និងសិង្ហបុរី។ ឯខ្នែងខាងលិច គឺជាភ្ជាប់ពីចិន ទៅមីយ៉ាន់ម៉ា ថៃ ម៉ាឡេស៊ី និងសិង្ហបុរី។ គម្រោងខ្សែរថភ្លើងមួយនេះ នឹងជួយជំរុញការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ និងសម្រួលការធ្វើដំណើររបស់ប្រជាជនផងដែរ។នេះបើតាមការលើកឡើងរបស់លោក Yang Zhongmin ប្រធានក្រុមហ៊ុនផ្លូវដែកចិនអន្តរជាតិ (China Railway International) ដែលជាផ្នែកមួយនៃក្រុមហ៊ុនផ្លូវដែករដ្ឋចិនកន្លងមក៕
Tag:
ស៊ុន ចាន់ថុល
រថភ្លើង
ថៃ
សិង្ហបុរី
© រក្សាសិទ្ធិដោយ thmeythmey.com