ជាតិ
បោះឆ្នោត
មន្ត្រី​បក្សប្រឆាំង ពឹង​ព្រះមហាក្សត្រ​ឲ្យ​ជួយ ដើម្បី​បាន​ចូលរួម​បោះឆ្នោត
06, Jul 2018 , 11:21 am        
រូបភាព
ដោយ: ថ្មីៗ
​ជាថ្មី​ម្តងទៀត អតីត​បក្សប្រឆាំង បានស្នើ​ឲ្យ​ព្រះមហាក្សត្រ ជួយ​ធ្វើ​អន្តរា​គម​ន៍​ទៅ​តុលាការ​កំពូល ដើម្បី​សើរើ​ឡើងវិញ រឿង​រំលាយខ្លួន​ចោល​។ ពួកគេ ចង់បាន​សិទ្ធិ​ធ្វើ​នយោបាយ​ដូច​មុនដើម្បី​បាន​ចូលរួម​ក្នុងការ​បោះឆ្នោត​។ ប៉ុន្តែ មន្ត្រីជាន់ខ្ពស់​គណបក្ស​កាន់អំណាច អះអាងថា ព្រះមហាក្សត្រ គោរព​សេចក្តីសម្រេច​របស់​តុលាការ​កំពូល ដែលជា​សេចក្តីសម្រេច​បិទផ្លូវ​តវ៉ា​។



​មន្ត្រីជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៧​រូប ដែល​កំពុង​ស្ថិតនៅ​ក្រៅប្រទេស បានធ្វើ​លិខិត​រួមគ្នា​មួយ ដើម្បី​ថ្វាយ​មក​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី​ មហាក្សត្រ​កម្ពុជា ក្នុង​គោលបំណង​សុំ​ឲ្យ​ព្រះអង្គ ជួយ​ឲ្យ​បានធ្វើ​នយោបាយ​ដូច​មុន ហើយ​បាន​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត ដែល​នឹង​មកដល់​នាពេល​ឆាប់ៗ​នេះ​។

​បើតាម​លិខិត​នោះ មន្ត្រីជាន់ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​៧​រូប ដោយមាន​លោកស្រី ជូ​ឡុង សូ​មួ​រ៉ា ភរិយា​របស់លោក សម រង្ស៊ី ជា​អ្នក​នាំមុខ ចង់​ឲ្យ​ព្រះមហាក្សត្រ ធ្វើ​អន្តរាគមន៍​ទៅកាន់​តុលាការ​កំពូល ដើម្បី​ជំនុំជម្រះ​ឡើងវិញ ចំពោះ​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការហាមឃាត់​ថ្នាក់​នាំ​១១៨​រូប​នៃ​គណបក្ស​នេះ មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ​។

​ពួកគេ ទូល​ព្រះមហាក្សត្រ​ក្នុង​លិខិត​នោះ​យ៉ាង​ដូច្នេះ​ថា​៖ «​ការផ្តល់​សិទ្ធិ​ឲ្យ​ទូលព្រះបង្គំ​យើងខ្ញុំ​ទាំង​១១៨ រូប ចូលរួម​ក្នុង​សកម្មភាព​នយោបាយ ដូច​ធម្មតា​ឡើងវិញ គឺជា​ជំហាន​មួយ​ដ៏​សំខាន់ និង​ចាំបាច់ ដើម្បី​ស្វែងរក​ដំណោះស្រាយ​នយោបាយ​ជាបន្ទាន់ មុន​ការបោះឆ្នោត ថ្ងៃ ២៩ ខែកក្កដា ឆ្នាំ ២០១៨»​។​

​លិខិត ដែល​ត្រូវបាន​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក សម រង្ស៊ី បង្ហាញថា មន្ត្រី​ទាំង​៧​រូបនោះ មានឈ្មោះ ជូ​ឡុង សូ​មួ​រ៉ា​, ជុំ ស៊ីរ៉ា​ត​, ហ៊ីង សុ​ក្ខុំ​ម​, ឡុង បុត្តា​, ម៉ែន សុថា​វរិ​ន្ទ្រ​, អ៊ុច សេរី​យុទ្ធ និង អ៊ុង សុ​វណ្ណា​។ យ៉ាងណាក៏ដោយ ដំណឹង​ដែល​លិខិត​របស់​ពួកគេ បាន​ទៅដល់​ព្រះ​ហត្ថ​ព្រះមហាក្សត្រ នៅ​មិនទាន់មាន​នោះទេ​។

​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា យល់ថា ព្រះមហាក្សត្រ គោរព និង​ប្រតិបត្តិ​យ៉ាង​ម៉ឺងម៉ាត់​តាម​រដ្ឋធម្មនុញ្ញ ហើយ​ព្រះអង្គ ក៏​គោរព​សិទ្ធិ​របស់​តុលាការ​កំពូល ក្នុងការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការហាម​ថ្នាក់ដឹកនាំ​នៃ​គណបក្ស​នេះ មិន​ឲ្យ​ធ្វើ​នយោបាយ​ដែរ​។ លោក សង្កត់ធ្ងន់ថា សាលដីកា​របស់​តុលាការ​កំពូល ជា​សាលដីកា​ស្ថាពរ ហើយ​បិទផ្លូវ​តវ៉ា​។

​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​រូបនេះ ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​យ៉ាង​ដូច្នេះ​ថា​៖«​ការកាត់ក្តី​របស់​តុលាការ​កំពូល គឺ​ចប់​ទៅហើយ  អត់​មាន​ការសើរើ​ទេ គឺ​មានតែ​ការអនុវត្ត​ប៉ុណ្ណោះ »​។​

​នេះ​ជា​លើក​ទី​២​ហើយ ដែល​មន្ត្រី​គណបក្សប្រឆាំង ស្នើសុំ​ព្រះរាជអន្តរាគមន៍​ពី​ព្រះមហាក្សត្រ​។ លើក​ទី​១ ដែល​តំណាង​គណបក្សប្រឆាំង មាន​ដល់​១៩​រូប សុំ​ព្រះរាជអន្តរាគមន៍​ពី​មហាក្សត្រ គឺធ្វើឡើង​នៅ​អំឡុង​ខែមេសា ឆ្នាំ​២០១៨​។

​លើសពីនេះ តំណាង​គណបក្សប្រឆាំង ក៏​ធ្លាប់​ដាក់​បណ្តឹង​ទៅកាន់​តុលាការ​កំពូល​ចំនួន​២​លើក​បន្ថែមទៀត ដើម្បី​ទាមទារ​ឲ្យ​កែប្រែ​សេចក្តីសម្រេច​ជាថ្មី​។ ប៉ុន្តែ ការតស៊ូ​របស់​ពួកគេ សុទ្ធតែ​បរាជ័យ​។

​មិន​ត្រឹមតែ​ប៉ុណ្ណោះ សូម្បី​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ទី​១ ក៏បាន​ថ្វាយ​លិខិត​មក​ព្រះមហាក្សត្រ​ដែរ កាល​អំពី​អំឡុង​ខែឧសភា ឆ្នាំ​២០១៨ ដើម្បី​ឲ្យ​ព្រះអង្គ​ជួយ​បង្រួប​បង្រួម​អ្នកនយោបាយ ដែល​លោក យល់ថា កំពុង​ទាស់ទែង​គ្នា ក្នុង​រឿង​បោះឆ្នោត​។ មកដល់ពេលនេះ សំណើសុំ​ព្រះរាជអន្តរាគមន៍​រប​ស់លោក សម រង្ស៊ី មិនទាន់​លេចដំណឹង​ចេញមក​នោះទេ​៕

អត្ថបទទាក់ទង
 


Tag:
 បោះឆ្នោត​
  CNRP
  CPP
  ព្រះមហាក្សត្រ​
  សុខ ឥសាន
© រក្សាសិទ្ធិដោយ thmeythmey.com