អន្តរជាតិ
មហា​ធៀ ព្យួរ​កិច្ចព្រមព្រៀង​ជាមួយ​ចិន​សិន និង ត្រៀម​ទៅ​ចិន​ខែក្រោយ​ដើម្បី​ចរចា​ឡើងវិញ
06, Jul 2018 , 9:39 pm        
រូបភាព
លោក មហាធៀ មហាម៉ាត់ ក្នុងសន្និសីទអន្តរជាតិស្តីពី អនាគតអាស៊ី នៅជប៉ុនកាលពីខែមុន (AFP)
លោក មហាធៀ មហាម៉ាត់ ក្នុងសន្និសីទអន្តរជាតិស្តីពី អនាគតអាស៊ី នៅជប៉ុនកាលពីខែមុន (AFP)
​ម៉ាឡេស៊ី​បានសម្រេច​ផ្អាក​គម្រោង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​​បី​ផ្សេងគ្នា​ដែលចុះជាមួយចិន។ ការសម្រេច​ផ្អាក​គម្រោង​នេះ​ធ្វើឡើង​បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី មហា​ធៀ មហាម៉ាត់ សន្យា​ចរចា​ឡើងវិញ​លើ​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​ដែល​ម៉ាឡេស៊ី​បានជា​មួយ​ចិន ដើម្បី​ដោះស្រាយ​បញ្ហា​បំណុល​រដ្ឋ​ផងដែរ​។ លោក មហា​ធៀ ត្រៀម​ធ្វើដំណើរ​ទៅ​ចិន​ខែក្រោយ ដើម្បី​ចរចា​កិច្ចព្រមព្រៀងដែលមានតម្លៃជាង ២០ពាន់លានដុល្លារ​នេះឡើង​វិញដែរ​។



​ដូច​ការរំពឹងទុក​មែ​ន រដ្ឋាភិបាល​លោក មហា​ធៀ បានប្រកាស​ព្យួរ​គម្រោង​ធំៗ​ចំនួន​បី​ដែលត្រូវ​បានបង្កើ​តឡើងជាមួយក្រុមហ៊ុន​ចិន​នៅ​ថ្ងៃទី ៥ ខែកក្កដា​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។

​គម្រោង​ទាំងបី​នោះ​សុទ្ធតែ​ត្រូវបាន​ចរចា និង​ចុះហត្ថលេខា​ដោយ​រដ្ឋាភិបាល​មុន​របស់លោក ណា​ជីប រ៉ា​ហ្សា​ក់​ ដែល​បច្ចុប្បន្នកំពុង​ស្ថិតក្រោម​ការឃុំឃាង និងជាប់បណ្តឹង​ពុករលួយ​។ វា​មាន​គម្រោង​ចំនួន​ពីរ​ជាការ​សាង់​បំពង់​ឧស្ម័ន ហើយ​ក្រុមហ៊ុន​ប្រេង​រដ្ឋ​របស់​ចិន​ជា​អ្នកទទួលខុសត្រូវ​សាង​សង់​។​

​ចំណែក​ទី​បី​គឺ គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​សមុទ្រ​ភាគ​ខាងកើត ((ECRL)។ គម្រោង​ផ្លូវ​រថភ្លើង​ដ៏​ធំ​នេះ​មានតម្លៃ​សរុប​ជិត ១៤ ពាន់​លាន​ដុល្លារ​ហើយ​វា​ស្ថិតនៅក្រោម​គម្រោង​ខ្សែក្រវាត់​មួយ​វិថី​មួយ​របស់​ចិន (OBOR) និង​ត្រូវ​កសាង​ដោយ​ក្រុមហ៊ុន​សំណង់​របស់​ចិន​ដូចគ្នា​។ វា​មាន​ចម្ងាយ ៦៨៨ គីឡូម៉ែត្រ ដែល​ភ្ជាប់​ព្រំដែន​ភាគ​ខាងកើត​ប្រទេស​ថៃ​ទៅកាន់​ច្រក ពាណិជ្ជកម្ម​យុទ្ធសាស្ត្រ​ភាគ​ខាងលិច​ជ្រោយ​ម៉ា​ឡា​កា​ផងដែរ​។

​ទាក់ទិន​ការព្យួរ​គម្រោង​របស់​ចិន ទីភ្នាក់ងារ​ព័ត៌មាន AFP ដដែល​បាន​ស្រង់​សម្តី​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ម៉ាឡេស៊ី​លោក  Lim Guan Eng ថា តំណាង​ឲ្យ​រដ្ឋាភិបាលម៉ាឡេស៊ី ​លោក​បាន​បញ្ជា​ឲ្យ​មានការ​ព្យួរ​ការអនុវត្ត​គម្រោង​ទាំងបី​ដែលមាន​តម្លៃ​សរុប ២២,៣៥​ពាន់​លាន​ដុល្លារ​។

​រដ្ឋមន្ត្រី​ខាងលើ​ក៏បាន​ព្យាយាម​បន្ធូរបន្ថយ​ស្ថានការណ៍ និង​ធ្វើ​ឲ្យ​ចិន​អស់​ក្តីបារម្ភ​ដោយនិយាយ​ដូច្នេះ​៖«​ការសម្រេចចិត្ត​នេះ​ពាក់ព័ន្ធ​នឹង​ចំណុច​មានចែង​ក្នុង​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន តែ​មិនមែន​ដោយសារ​ប្រទេស​ណាមួយ​ជាក់លាក់​ឡើយ​»​។ 

-​មហា​ធៀ ធ្វើដំណើរ​ទៅ​ចិន​ដើម្បី​ចរចា​កិច្ចព្រមព្រៀង​ទាំងនេះ​ឡើងវិញ

​មួយថ្ងៃ​ក្រោយ​ការប្រកាស​ព្យួរ​គម្រោង នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​វ័យ ៩២​ឆ្នាំ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា តាមចិត្ត​លោក​ផ្ទាល់ លោក​ចង់​ធ្វើដំណើរ​ទៅ​ក្រុង​ប៉េកាំង​ឆាប់ៗ​តាម​ដែល​អាច​ធ្វើបាន​ដើម្បី​ទៅ​ជជែក​ជាមួយ​ភាគី​ចិន​លើ​លក្ខ​ខ​ណ្ខ​លម្អៀង​ដែលមាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​ធំៗ​ខាងលើ​។ ប៉ុន្តែ​ពេលវេលា​មិន​អំណោយផល​ទេ​នៅ​ខែ​នេះ​។ ដូច្នេះហើយ​បានជា​លោក ត្រូវ​ទៅ​ក្រុង​ប៉េកាំង​នៅ​ខែសីហា​វិញ​។

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ថ្ងៃ​សុក្រ​ទី ៦ ខែកក្កដា​នេះ លោក មហា​ធៀ បាន​ថ្លែង​ពី​ក្រុង​រដ្ឋបាល​ពុ​ត្រា​ចា​យ៉ា (Putrajaya) ដូច្នេះ​៖« ខ្ញុំ​ចង់ទៅ​ចិន​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើបាន ប៉ុន្តែ​ប្រធានាធិបតី​ចិន​មិន​ទំនេរ​ទេ​នៅ​ខែកក្កដា​នេះ​។ ដូច្នេះ​ខ្ញុំ​នឹង​ទៅ​នៅ​ខែសីហា​វិញ​»​។

​នាយករដ្ឋមន្ត្រី​រូបនេះ​អះអាងថា បញ្ហា​អត្រា​ការប្រាក់​ខ្ពស់​ដែល​កំណត់​លើក​ម្ចី​ដែល​ចិន​ផ្តល់​ឲ្យ​ម៉ាឡេស៊ី​ដើម្បី​គាំទ្រ​ការសាងសង់​ផ្លូវ​រថភ្លើង និង​បំពង់​ឧស្ម័ន​ជា​រឿង​អាទិភាព​មួយ​ដែល​លោក​លើកឡើង​ពេល​ជជែក​ជាមួយ​សម​ភាគី​ចិន​។

«​មានរឿង​ច្រើនណាស់​ដែល​ខ្ញុំ​នឹង​លើក​យកទៅ​ជជែក​ក្នុងនោះ​មាន​លក្ខខណ្ឌ​ចែង​ក្នុង​កិច្ចព្រមព្រៀង​ដែល​អយុត្តិធម៌ និង​មាន​ទាំង​បញ្ហា​លុយ​កម្ចី​ផង​។ ការប្រាក់​សម្រាប់​កម្ចី​នេះ​ខ្ពស់​ណាស់​ពេល​រដ្ឋាភិបាល​ខ្ចី​។ ជាធម្មតា​រដ្ឋាភិបាល​ខ្ចីលុយ​ដែលមាន​អត្រា​ការប្រាក់​បី​ភាគរយ​ឬ​ក្រោម​នោះ​។ ប៉ុន្តែ​ការប្រាក់​នេះ​ខ្ពស់​ណាស់​»​។ លោក មហា​ធៀ អះអាង​បែបនេះ​។​

​តាមពិតទៅ កិច្ចព្រមព្រៀង​ទាំងអស់​ខាងលើ​ត្រូវបាន​ឯកភាពគ្នា​ដោយ​ចិន និង​ម៉ាឡេស៊ី ខណៈដែល​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​កាន់តែ​រឹងមាំ​ក្រោម​អាណត្តិ​លោក ណា​ជីប រ៉ា​ហ្សា​ក់​។ ប៉ុន្តែ​ខាង​ក្រុមអ្នកតាមដាន​ស្ថានការណ៍​នយោបាយ​ម៉ាឡេស៊ី កិច្ចព្រមព្រៀង​ទាំងនេះ​ត្រូវបាន​បង្កើតឡើង​ដោយ​គ្មាន​តម្លាភាព និង​មាន​ចំណុច​គួរ​ឲ្យ​សង្ស័យ​ច្រើន​ផង​។

​ប៉ុន្តែ​ការសម្រេច​ព្យួរ​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នេះ ក៏​កើតឡើង​បន្ទាប់ពី​ប្រមុខ​រដ្ឋាភិបាល​ម៉ាឡេស៊ី​លោក មហា​ធៀ បង្ហាញ​កង្វល់​ជុំវិញ​ការកើនឡើង​បំណុល​សាធារណៈ​គួរ​ឲ្យ​បារម្ភ​កន្លងមក​។ លោក មហា​ធៀ បាន​អះអាង​ផ្ទាល់មាត់​ថា បំណុល​រដ្ឋ​កើន​ឡើងដល់​កម្រិត​ប្រកាសអាសន្ន​ពោលគឺ​ជាង ២៥១​ពាន់​លាន​ដុល្លារ​ឯណោះ ហើយ​វា​ចាំបាច់​សម្រាប់​រដ្ឋាភិបាល​ដែល​ត្រូវ​រក​វិធី​បន្ថយ​បំណុល​នេះ​។

​ក្រៅពី​គម្រោង​របស់​ចិន លោក មហា​ធៀ ក៏បាន​សម្រេច​ព្យួរ​គម្រោង​កសាង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ភ្ជាប់​ពី​សិង្ហ​បុរី​មកកាន់​គូរ​ឡា​ឡាំ​ពួរ​ដែរ​។ គម្រោង​សាងសង់​នេះ​ត្រូវ​ចំណាយ​ថវិកា​ប្រហែល ១៧ ពាន់​លាន​ដុល្លារ ហើយ​គម្រោង​នេះ​ត្រូវ​បញ្ចប់​នៅ​ឆ្នាំ ២០២៦៕
 

Tag:
 មហា​ធៀ មហាម៉ាត់​
  គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​
 ​ចិន​
  OBOR
© រក្សាសិទ្ធិដោយ thmeythmey.com