ជាតិ
បទយកការណ៍ / បទសម្ភាសន៍
របរធ្វើរទេះគោ ត្រូវមានការព្យាយាម និងអត់ធ្មត់ខ្ពស់
× សៀមរាប៖ រទេះគោ ជាយានជំនិះដ៏ពេញនិយមសម្រាប់ខ្មែរ ក្នុងការប្រើប្រាស់ជាមធ្យោបាយប្រចាំថ្ងៃ។ តែមធ្យោបាយដឹកជញ្ជូននេះ ហាក់ថមថយទៅខ្លះ ដោយសារការលេចឡើងនូវមធ្យោបាយទំនើប ដូចជាគោយន្តជាដើម។ បែបនេះក្ដី រទេះគោឈើដែលមានទំហំតូចៗ បានក្លាយជាសម្ភារសម្រាប់តាំងបង្ហាញមួយដ៏សាមញ្ញ និងថ្លៃថ្លូរសម្រាប់ប្រជាពលរដ្ឋខ្មែរ និងបរទេស ដែលចូលចិត្តយកតាំងក្នុងផ្ទះ ភោជនីយដ្ឋាន និងសណ្ឋាគារ។
នៅខេត្តសៀមរាប បើគេនិយាយពីរទេះគោ ច្បាស់ណាស់គេនឹងនឹកគិតទៅដល់អ្នកភូមិមួយ ដែលមានជំនាញនេះតាំងពីដើមមក។ អ្នកភូមិរហាល ចេះសិប្បកម្មឈើច្រើនមុខ ខ្លះចេះធ្វើរទេះគោ ឈើច្រត់ រហាត់ទឹក ទ្រ និងស្គរដៃជាដើម។
លោក ជួន រឿត វ័យ ៥៧ឆ្នាំ ចេះធ្វើរទេះគោ ជាង២០ឆ្នាំមកហើយ។ ជំនាញនេះ លោកបានចេះពីអ្នកភូមិជាមួយ។ លោកថា នេះជារបរប្រចាំថ្ងៃរបស់លោក ក៏ដូចជាអ្នកភូមិរហាលបន្ទាប់ពីធ្វើស្រែចម្ការរួច។ រទេះគោដែលលោក ជួន រឿត និងកូនប្រុសរបស់គាត់ធ្វើនៅក្នុងរោងមួយនៅមុខផ្ទះ ភាគច្រើនត្រូវបានគេបញ្ជាទិញ តាមទំហំ និងប្រភេទឈើ។
លោកបន្ថែមថា ឈើដែលជាងយកមកធ្វើរទេះគោមានឈើ នាងនួន បេង ធ្នង់ និងត្រសេក ដែលមានទំហំចាប់ពី២តឹក ដល់មួយម៉ែត្រ ឬ២ម៉ែត្រ ឬអាចធំជាងនេះ ទៅតាមអ្នកទិញចង់បាន។ ក្នុងមួយខែលោក រឿត អាចធ្វើរទេះគោបានពី២ ទៅ៣គ្រឿង។ លោក រឿត ចង់ឱ្យក្មេងៗក្នុងភូមិចេះរបរនេះបន្តពីចាស់ៗ ព្រោះថា វាជារបរប្រចាំ និងមិនសូវហត់នឿយប៉ុន្មានទេ តែទាមទារឱ្យមានការអត់ធ្មត់៕
សូមស្ដាប់បទសម្ភាស រវាងអ្នកសារព័ត៌មានថ្មីៗ និងលោក ជួន រឿត ដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com