កីឡាជាតិ
ជាតិ
AFF U19៖ កម្ពុជាអស់ឱកាសទៅវគ្គបន្ត ក្រោយទីម័រខាងកើតស្មើ ១-១ ជាមួយម៉ាឡេស៊ី រូបភាពពីហ្វេសប៊ុកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
× ក្រុមកីឡាករជម្រើសជាតិអាយុក្រោម១៩ឆ្នាំកម្ពុជា អស់ឱកាសឡើងទៅវគ្គនៃពានរង្វាន់ AFF U19 Championship 2018 នៅប្រទេសឥណ្ឌូណេស៊ី ក្រោយ៣ប្រកួតកន្លងមកបានត្រឹមឈ្នះ១និងចាញ់២។ កម្ពុជានឹងជួបប្រកួតបង្គ្រប់កិច្ចចុងក្រោយជាមួយទីម័រខាងកើតនាថ្ងៃទី១០ ខែកក្កដា នៅកីឡដ្ឋាន Gelora Joko Samudro Stadium។
ក្រុម U19 កម្ពុជា អស់ឱកាសឡើងទៅវគ្គបន្តនៃពានរង្វាន់ AFF U19 Championship 2018 ក្រោយទីម័រខាងកើតបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ជាមួយម៉ាឡេស៊ី និងមីយ៉ាន់ម៉ាយកឈ្នះព្រុយណេ ៧-១ នាជំនួបកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨។ បច្ចុប្បន្នកម្ពុជាឈរលេខរៀងទី៤មាន៣ពិន្ទុ ខណៈក្រុមកំពូលតារាងមីយ៉ាន់ម៉ា និងក្រុមលេខ២ម៉ាឡេស៊ីមាន៧ពិន្ទុស្មើគ្នា។
នៅក្នុងពូល B មិនមែនមានតែកម្ពុជានោះទេ ក្រុម U19 ព្រុយណេ ក៏អស់ឱកាសឡើងទៅវគ្គបន្តផងដែរ។ ជាមួយគ្នានេះ នៅក្នុងពូល A ក្រុមចំនួន៣រួមមាន U19 ឡាវ, ហ្វីលីពីន និងសិង្ហបុរី ក៏បានធ្លាក់ចេញពីព្រឹត្តិការណ៍ AFF U19 Championship ប្រចាំឆ្នាំ២០១៨ ផងដែរ។
បីប្រកួតកន្លងមក កម្ពុជាបានយកឈ្នះព្រុយណេ ៥-០ ក្នុងជំនួបបើកឆាក តែចាញ់ម៉ាឡេស៊ី ២-០ និងមីយ៉ាន់ម៉ា ៤-១ ក្នុងជំនួបជាបន្តបន្ទាប់។ កម្ពុជានឹងជួបប្រកួតបង្គ្រប់កិច្ចជាមួយទីម័រខាងកើតនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ម៉ោង៣:៣០នាទីរសៀលនាកីឡដ្ឋាន Gelora Joko Samudro Stadium មុនមីយ៉ាន់ម៉ា ប៉ះ ម៉ាឡេស៊ីម៉ោង៧យប់។ U19 ទីម័រខាងកើត ដែលឈរលេខរៀងទី៣មាន៥ពិន្ទុ ត្រូវការឈ្នះកម្ពុជាដាច់ខាងក្នុងជំនួបនេះ ដើម្បីប្រជែងដណ្តើមកៅអីឡើងទៅវគ្គបន្ត៕
Tag:
AFF U19
U19 កម្ពុជា
ឥណ្ឌូណេស៊ី
ទីម័រខាងកើត
ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com